យកបន្លាលួសហ៊ុំព័ទ្ធយកភ្នំ ដើម្បីធ្វើសកម្មភាពកាយអាចម៌ដីលក់យ៉ាងអាណាធិបតេយ្យនៅស្រុកស្វាយលើ ខេត្តសៀមរាប មន្ត្រីជំនាញៗរក្សាភាពស្ងៀមស្ងាត់បានយ៉ាងល្អ ស្របពេលស្រុកកំពង់តែមានការឈ្លានពានពីសំណាក់ប្រទេសជិតខាង
សៀមរាប៖ សកម្មភាពកាយអាចម៍ដីភ្នំលក់ និងហ៊ុំព័ទ្ធបន្លាលួសយកភ្នំយ៉ាងអាណាធិបតេយ្យមួយកន្លែង ស្ថិតនៅត្រង់ចំណុចភ្នំកែវ ក្នុងភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប កំពុងរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋមូលដ្ឋាន ខណៈដែលអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ហាក់រក្សាភាពស្ងៀមស្ងាត់មិនមានវិធានការទប់ស្កាត់សោះ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងលើ បានលើកឡើងថា គេឃើញមានគ្រឿងចក្រជាច្រើនគ្រឿងកំពុងធ្វើសកម្មភាពកាយដីភ្នំ និងមានរថយន្តដឹកដីចេញចូលយ៉ាងគគ្រឹកគគ្រេង ដើម្បីយកអាចម៌ដីទៅលក់ចែកចាយ ព្រមទាំងហ៊ុំព័ទ្ធបន្លាលួសយកភ្នំធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយមិនឱ្យប្រជាពលរដ្ឋចេញចូលបានឡើយ ជួនពេលប្រទេសកំពង់តែមានការឈ្លានពានពីសំណាក់ប្រទេសជិតខាងផងនោះ បាននាំគ្នាឆ្លៀតឱកាសរួមគំនិតឃុបគិតគ្នាជាប្រព័ន្ធតែម្តង។
សកម្មភាពនេះបានបង្កឱ្យមានការងឿងឆ្ងល់ និងរិះគន់ចំៗថា តើការកាយដីភ្នំនេះមានច្បាប់អនុញ្ញាតត្រឹមត្រូវដែរឬទេ? ហើយអ្នកដែលហ៊ុំព័ទ្ធយកភ្នំនេះមានប័ណ្ណកម្មសិទ្ធិដែលឬយ៉ាងណា? ហេតុអ្វីបានជាអាជ្ញាធរក្នុងតំបន់ និងមន្ត្រីជំនាញខេត្ត បណ្ដែតបណ្ដោយឱ្យសកម្មភាពនេះកើតឡើងដោយសេរីបែបនេះ?
ប្រជាពលរដ្ឋបានបញ្ជាក់ថា ពួកគាត់មានការព្រួយបារម្ភពីផលប៉ះពាល់ដល់បរិស្ថាន និងធនធានធម្មជាតិនៅក្នុងមូលដ្ឋាន ហើយការដែលមន្ត្រីជំនាញមិនអើពើបែបនេះ ធ្វើឱ្យយើងសង្ស័យថា អាចមានភាពមិនប្រក្រតីនៅពីក្រោយខ្នងឬយ៉ាងណា?
ជុំវិញនឹងករណីខាងលើអង្គភាពយើងខ្ញុំបានសុំការបំភ្លឺពីលោក ឡូច រៀន មេភូមិរហាលបានប្រាប់មកអ្នកសារព័ត៌មានយើងខ្ញុំថា ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ គេមានច្បាប់ចេញពីស្រុក ហើយការហ៊ុំព័ទ្ធបន្លាលួសនោះ គឺគេហ៊ុំព័ទ្ធតែដីទិញពីប្រជាពលរដ្ឋនោះទេ ចំពោះប្លង់កម្មសិទ្ធិនោះ គឺមិនមាននោះទេ គឺអ្នកទិញនឹងអ្នកលក់បានព្រមព្រៀងគ្នា។


អង្គភាពយើងខ្ញុំក៏បានសុំធ្វើបទសម្ភាសន៍ពីលោក ភឿន សុខ តាមរយៈតេលេក្រាម ដោយលោកចូលមើលហើយ តែលោកមិនបានបកស្រាយអ្វីនោះទេ។
លោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ បានបញ្ជាក់ថា បញ្ហាពាក់ព័ន្ធទៅនឹងករណីខាងលើថា ដីភ្នំកែវនោះ គឺជាដីសម្បត្តិរបស់រដ្ឋ ចំពោះការកាយអាចម៍ដីនោះ គឺលោកបានឱ្យមន្ត្រីជំនាញរបស់លោក ចុះទៅត្រួតពិនិត្យមើលហើយ។
រីឯឈ្មោះ ឈន់ ឈេង ដែលគេស្គាល់ថា ជាម្ចាស់ដីនោះ បានប្រាប់មកអ្នកសារព័ត៌មានយើង ថា ដីនោះមានប្លង់រួចហើយ បើចង់ដឹងច្បាស់សូមអញ្ចើញទៅជួបជាមួយនឹងលោកមេភូមិ និងលោកមេឃុំទៅ។
ចំពោះលោកប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប អង្គភាពយើងមិនអាចសុំការបំភ្លឺបានទេព្រោះគ្មានលេខទូរស័ព្ទដើម្បីទំនាក់ទំនង។

មហាជនក៏ដូចប្រជាពលរដ្ឋនៅជុំវិញភ្នំកែវផ្ទុះចម្ងល់យ៉ាងខ្លាំងបាននិយាយ តៗ គ្នាថា រហូតមកដល់ពេលនេះគ្រឿងចក្រ នៅតែបន្តកាយអាចម៍ដីភ្នំកែវ ដដែល និងបានធ្វើសកម្មភាពកាយអាចម៌ដីយ៉ាងគគ្រឹកគគ្រេង នៅតែមិនទាន់ឃើញមានអាជ្ញាធរ ឬមន្ត្រីជំនាញណាមកហាមឃាត់នៅឡើយទេ ហើយចំពោះការរក្សាភាពស្ងៀមស្ងាត់ ពីសំណាក់ស្ថាប័នមានសមត្ថកិច្ច បានធ្វើឱ្យមហាជនកាន់តែមានមន្ទិលសង្ស័យលើតម្លាភាពនៃការគ្រប់គ្រងធនធានរ៉ែ ឬសម្បត្តិរបស់រដ្ឋ និងការអនុវត្តច្បាប់នៅក្នុងស្រុកស្វាយលើ ក៏ដូចជាមន្ត្រីជំនាញនៅក្នុងខេត្តសៀមរាប តើឱ្យពលរដ្ឋមានជំនឿជឿជាក់ដែរឬយ៉ាងណា?។
សូមបញ្ជាក់ថា ការកាយដីភ្នំដោយគ្មានអាជ្ញាបណ្ណ ឬការកាយខុសបច្ចេកទេស និងហ៊ុំព័ទ្ធយកដីរបស់រដ្ឋ គឺជាទង្វើខុសច្បាប់ដែលត្រូវប្រឈមមុខនឹងការផ្ដន្ទាទោសតាមច្បាប់ស្ដីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ។
ទោះជាយ៉ាងណា អង្គភាពសារព័ត៌មានយើងនឹងបន្តរង់ចាំ និងស្វាគមន៍ជានិច្ចរាល់ការបកស្រាយ ឬការពន្យល់ពីសំណាក់អាជ្ញាធរឃុំ ស្រុក ក៏ដូចជាមន្ត្រីជំនាញនៃមន្ទីររ៉ែ និងថាមពលខេត្តសៀមរាប ដើម្បីឱ្យមហាជនអស់មន្ទិល និងដើម្បីធានាបាននូវការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព៕