សង្កាត់ប៉ាលហាលខេត្តព្រះវិហារបានដំណើរការបើកសំណើដេញថ្លៃគម្រោងចំនួន៤ ធ្វើឱ្យផ្ទុះការតវ៉ា និងប្រទាញប្រតប់គ្នារវាងក្រុមអ្នកដេញថ្លៃ
ខេត្តព្រះវិហារ៖ ដំណើរការបើកសំណើដេញថ្លៃគម្រោងមូលនិធិសង្កាត់ចំនួន ៤ ស្ថិតនៅសង្កាត់ប៉ាលហាលមួយគម្រោង សង្កាត់កំពង់ប្រណាក់បីគម្រោង កាលពីម៉ោង 8:00ព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៦ នេះ បានប្រែក្លាយទៅជាសមរភូមិពាក្យសម្តី និងការប្រទាញប្រតប់គ្នាយ៉ាងខ្លាំងរវាងក្រុមអ្នកដេញថ្លៃដូចគ្នា នៅចំពោះមុខគណៈកម្មការលទ្ធកម្ម ដែលបង្កឱ្យមានការភ្ញាក់ផ្អើល និងការរិះគន់យ៉ាងខ្លាំងពីភាពមិនប្រក្រតី។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ភាពតានតឹងបានចាប់ផ្តើមឡើងបន្ទាប់ពីរកឃើញសំណុំឯកសារដេញថ្លៃមានភាពមិនតម្លាភាព ដែលធ្វើឱ្យស្ថានភាពឈានដល់ការប្រទាញប្រតប់ ប៉ះទង្គិចគ្នា ដើម្បីដណ្តើម និងរារាំងគ្នា មិនឱ្យដាក់ឯកសារ ឬដេញថ្លៃប្រកួតប្រជែង ករណីនេះត្រូវបានគេសង្ស័យ នឹងមានគម្រាមកំហែងពីសំណាក់ក្រុមអ្នកដេញថ្លៃជើងខ្លាំងមួយចំនួន ដើម្បីបង្ខំឱ្យក្រុមហ៊ុនផ្សេងទៀតដកខ្លួន។
ខណៈពេលដែលការប្រទាញប្រតប់គ្នាកំពុងកើតឡើង គណៈកម្មការលទ្ធកម្មសង្កាត់ហាក់បីដូចជាមានភាពទន់ជ្រាយ មិនអាចគ្រប់គ្រងស្ថានការណ៍សន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងអង្គប្រជុំបានឡើយ ដែលធ្វើឱ្យដំណើរការដេញថ្លៃទាំង៤គម្រោងនេះ រងការរិះគន់ថា ខ្វះតម្លាភាព និងគ្មានសុវត្ថិភាពសម្រាប់អ្នកវិនិយោគត្រឹមត្រូវ។
ក្រោយកើតហេតុ និងការគម្រាមកំហែង សំណូមពរស្នើសុំឯកឧត្តម គីម រិទ្ធ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារនិងមន្ត្រីជំនាញថ្នាក់ជាតិ មេត្តាចុះអន្តរាគមន៍ ស៊ើបអង្កេត និងលុបចោលលទ្ធផលនៃការដេញថ្លៃដែលមិនប្រក្រតីនេះ ដើម្បីរៀបចំដំណើរការឡើងវិញប្រកបដោយយុត្តិធម៌ និងភាពស្មោះត្រង់៕






