សាឡង់បូមខ្សាច់របស់សហគ្រាស ខេធី អ៊ិនធើប្រាយ (K T ENTERPRISE) នៅក្រុងអរិយក្សត្រមានខ្នងធំប៉ុណ្ណា? បានជាអាជ្ញាធរមានសមត្ថកិច្ចធ្លាប់បានចុះទៅធ្វើការទប់ស្កាត់តែក្រុមហ៊ុនខាងលើនៅតែគោរពអាជ្ញាធរ និងច្បាប់សោះ
កណ្តាល៖ សកម្មភាពបូមខ្សាច់អត់ច្បាប់ជាច្រើនឆ្នាំរបស់សហគ្រាស (K T ENTERPRISE) នៅសង្កាត់ស្វាយជ្រុំ បច្ចុប្បន្នអាជ្ញាធរក្រុងអរិយក្សត្រមិនទាន់មានវិធានការទប់ស្កាត់នៅឡើយទេ ដោយកន្លងមកធ្លាប់បានចុះទៅទប់ស្កាត់ម្តងដែរ តែហាក់បីដូចជាក្រុមថៅកែមិនបានធ្វើតាមណែនាំរបស់អាជ្ញាធរនោះឡើយ ឬមួយថៅកែអស់ទាំងនោះមានខ្នងបង្អែកដ៏រឹងមាំដូចប្រជាពលរដ្ឋបានដាក់ការចោទប្រកាន់មែនទេ?
បើយោងតាមច្បាប់ប្រកាសរបស់ក្រសួងរ៉ែ និងថាមពលស្ដីពីលក្ខខណ្ឌនៃអាជ្ញាប័ណ្ណអណ្ដូងរ៉ែ និងបើកការដ្ឋានវាយថ្ម (សម្រាប់អាជីវកម្មខ្សាច់) គឺបានសម្រេចឱ្យសហគ្រាស ខេធី អ៊ិនធើប្រាយ (KT ENTERPRISE) ធ្វើអាជីវកម្មខ្សាច់ស្ថិតនៅតាមដងទន្លេមេគង្គ ក្នុងឃុំព្រែកដំបូក ឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ និងឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម នៅលើផ្ទៃដីទំហំ ៨៩ហិកតា គឺមិនបានបញ្ជាក់ថា អនុញ្ញាតឱ្យធ្វើអាជីវកម្មខ្សាច់នៅក្នុងក្រុងអរិយក្សត្រ ខេត្តកណ្ដាលនោះឡើយ ហើយទីតាំងនេះមហាជនបានឱ្យដឹងថា មានច្បាប់តាំងពីកាលក្រុងអរិយក្សត្រ នៅជាស្រុកល្វាឯម តែពេលបង្កើតក្រុងអរិយក្សត្រមក គឺមិនដែលបានសុំច្បាប់នោះទេ ចំពោះសាឡង់បូមខ្សាច់ស្ថិតនៅចំណុចសង្កាត់ស្វាយជ្រំមាត់ទន្លេឮសំឡេងខ្លាំង ធ្វើឱ្យរំខានដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះយ៉ាងខ្លាំងធ្វើឱ្យពួកគាត់មិនសប្បាយចិត្ត។
សកម្មភាពនេះហាក់បីដូចជាផ្គើនមិនផ្តល់តម្លៃឱ្យអាជ្ញាធរក្រុងអរិយក្សត្រដែលធ្លាប់បានចុះធ្វើការណែនាំ ហើយដើម្បីតែផលប្រយោជន៍ខ្លួន បែជាបង្កការរំខានដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាហេតុមិនបំពេញកាតព្វកិច្ចបង់ពន្ធ ស្របតាមគោលកាណ៍រច្បាប់អាជីវកម្ម ធ្វើឱ្យប៉ះពាល់ដល់ថវិការដ្ឋផងដែរ គឺស្មើនឹងខុសច្បាប់ បើទោះបីជាមានការទប់ស្កាត់ពីអាជ្ញាធរយ៉ាងណាក្តី ក៏ក្រុមថៅកែខ្សាច់នេះនៅតែមិនគោរពទៅតាមគោលការណ៍ច្បាប់របស់រដ្ឋផងដែរ។
ប្រជាពលរដ្ឋសុំសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ចាត់វិធានការជាបន្ទាន់ម្តងទៀតផងទាន ព្រោះអីពួកគាត់ព្រួយបារម្ភអំពីផលប៉ះពាល់ផ្សេងៗ ជាពិសេសដល់សមិទ្ធផលដែលកំពុងតែរីកដុះដាលនៅក្នុងមូលដ្ឋានក្រុងអរិយក្សត្រ តាមបណ្ដោយទុយោដែលបង្កប់បូមខ្សាច់ខាងលើ ជាពិសេសករណីធ្វើអាជីវកម្មខុសច្បាប់ដែលធ្វើឱ្យប៉ះពាល់ដល់ថវិការរដ្ឋ និងប៉ះពាល់ដល់តម្លៃអាជ្ញាធរមូលដ្ឋាន។
ទោះជាយ៉ាងណាអង្គភាពសារព័ត៌យើងខ្ញុំនៅតែរង់ចាំឃ្លាំមើលចំណាត់ការរបស់អាជ្ញាធរមូលដ្ឋានបន្តទៀត និងនៅតែរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីដែលពាក់ព័ន្ធគ្រប់ពេលនិងម៉ោងធ្វើការ៕


