ទីតាំងល្បែងភ្នាល់ស៊ីសងតាមប្រព័ន្ធអនឡាញរបស់លោក ម៉េង មួយកន្លែងស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចេះបំបាំងកាយពីសមត្ថកិច្ចជំនាញពាក់ព័ន្ធឬយ៉ាងណា?
ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងមួយកន្លែងស្ថិតនៅចំណុច ហាងកាហ្វេ168 ផ្លូវលេខ 70 ភូមិ19 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលពលរដ្ឋបានស្គាល់ថាជាកន្លែងឆ្នាំងបាយរបស់ លោក ម៉េង ជាម្ចាស់ទីតាំងល្បែងភ្នាល់តាមប្រព័ន្ធអនឡាញនេះ កំពុងតែបើកលេងយ៉ាងអនាធិបតេយ្យ ឬជាឆ្នាំងបាយរបស់សមត្ថកិច្ចដែលពាក់ព័ន្ធ ដូចពាក្យពលរដ្ឋចោទប្រកាន់ពិតមែនឬយ៉ាងណា?បច្ចុប្បន្នមហាជនឃើញថា មានការចុះបង្ក្រាប ចាត់វិធានការផ្សេងៗជាញឹកញាប់ដែរ តែហាក់បីដូច បានត្រឹមតែមួយចំអិនកំពឹសតែប៉ុណ្ណោះ ក្រោយបានប៉ុន្មានសប្តាហ៍ក្រោយមក ក៏នៅតែមានសកម្មភាពល្បែងស៊ីសងតាមប្រព័ន្ធអនឡាញនេះចាប់ផ្ដើមរីកដុះដាលដូចគេដាស់បន្ទាល ជាពិសេសមានការកើនឡើងតាមគ្រប់រូបភាពផ្សេងៗដូចជា៖
ការភ្នាល់តាមអនឡាញ មានការផ្សព្វផ្សាយយ៉ាងរញ៉េរញ៉ៃតាមបណ្តាញសង្គម (Facebook, Telegram, TikTok)។ល។ទីតាំងល្បែងបង្កប់តាមហាងកាហ្វេ ទីតាំងអ៊ីនធឺណិត (Net Café) និងទីតាំងជួលស្ងាត់ៗ ក្នុងសហគមន៍ ហើយការទទួលបានសេវាងាយស្រួល អ្នកលេងនឹងភ្នាល់បានយ៉ាងងាយស្រួលតាមរយៈទូរស័ព្ទដៃ និងការផ្ទេរប្រាក់តាមប្រព័ន្ធធនាគារ ឬកាបូបប្រាក់អេឡិចត្រូនិក (E-wallets) ដែលធ្វើឱ្យផលប៉ះពាល់អវិជ្ជមាន ផ្នែកសន្តិសុខ និងសុវត្ថិភាពសង្គម កើនឡើងនូវបទល្មើសចោរកម្ម ចោរឆក់ ចោរលួច និងអំពើហិង្សាក្នុងគ្រួសារ បង្កឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងប៉ះពាល់ដល់ភូមិ-សង្កាត់មានសុវត្ថិភាពផ្នែកសេដ្ឋកិច្ចគ្រួសារ ករណីនេះអង្គភាពយើងក៏បានធ្វើការផ្សព្វផ្សាយម្ដងរួចមកហើយដែរក៏ប៉ុន្តែនៅដដែល ។
ជាក់ស្ដែង កាលពីថ្ងៃអង្គារទី03 ខែ11 ឆ្នាំ ២០២៦ ទីតាំងរបស់លោក ម៉េង នេះ នៅតែបើកមុខរបរល្បែងខុសច្បាប់នេះ លេងដដែល ពុំមានអាជ្ញាធរនិងសមត្ថកិច្ចណាបង្ក្រាបឡើយ។
ល្បែងនេះហើយធ្វើឱ្យ ប្រជាពលរដ្ឋ និងយុវជនមួយចំនួនធ្លាក់ចូលក្នុងបំណុលវណ្ឌក ការបញ្ចាំទ្រព្យសម្បត្តិ និងការចងការប្រាក់ងងឹត បាត់បង់ប្រភពចំណូលគ្រួសារ និងបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ផ្នែកសីលធម៌ និងធនធានមនុស្ស។
ប្រជាពលរដ្ឋសុំសំណូមពរស្នើឱ្យក្រសួងប្រៃសណីយ៍ និងនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា ចាត់វិធានការបិទគេហទំព័រ និងទំព័រហ្វេសប៊ុក/តេឡេក្រាមដែលផ្សព្វផ្សាយល្បែងអនឡាញ ដើម្បីបង្កើនការអប់រំណែនាំដល់ប្រជាពលរដ្ឋ និងយុវជនឱ្យបានយល់ដឹងពីផលប៉ះពាល់ ពីការលេងល្បែងស៊ីសងនេះ សុំឱ្យមន្ត្រីជំនាញពាក់ព័ន្ធចុះបង្ក្រាប និងចាត់វិធានការចំពោះទីតាំងល្បែង របស់លោក ម៉េង នេះផងទាន។
អង្គភាពយើងនិងរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ចជំនាញ និងភាគីដែលពាក់ព័ន្ធ ហើយរង់ចាំការបកស្រាយពីគ្រប់ភាគីគ្រប់ពេល និងម៉ោងធ្វើការ៕
