ការដេញថ្លៃគម្រោងមូលនិធិសង្កាត់ចំនួន៤នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងសន្សំថវិកាជាតិបានយ៉ាងច្រើន
មណ្ឌលគិរី ៖ នៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលសង្កាត់ចំនួន៤ គឺសង្កាត់រមនា សង្កាត់ស្ពានមានជ័យ សង្កាត់សុខដុម និងសង្កាត់មនោរម្យ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់របស់ខ្លួនបានយ៉ាងរលូនដោយជោគជ័យ។ក្នុងដំណើរការដេញថ្លៃរយៈពេលពីរថ្ងៃនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសបើកចំហ តម្លាភាព និងយុត្តិធម៌ ដោយមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋមូលដ្ឋាន តំណាងក្រុមហ៊ុនទទួលការ និងមន្ត្រីជំនាញដែលពាក់ព័ន្ធ។ការប្រកួតប្រជែងដេញថ្លៃរវាងក្រុមហ៊ុននីមួយៗប្រព្រឹត្តទៅយ៉ាងស្វិតស្វាញ ស្របតាមនីតិវិធីលទ្ធកម្មសាធារណៈ ហើយជាលទ្ធផលបានជួយសន្សំសំចៃថវិកាជាតិបានយ៉ាងច្រើន សម្រាប់យកទៅអភិវឌ្ឍន៍សមិទ្ធផលនានាក្នុងមូលដ្ឋានបន្ថែមទៀតផងដែរ។ប្រជាពលរដ្ឋ និងមហាជនដែលបានចូលរួមតាមដាន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំក្នុងការរៀបចំប្រកបដោយការទទួលខុសត្រូវខ្ពស់របស់លោកចៅសង្កាត់ទាំង ៤ រូប រួមមាន៖
លោក ភី ងូក ចៅសង្កាត់រមនា
លោក គុជ ម៉េងធូ ចៅសង្កាត់ស្ពានមានជ័យ
លោកស្រី នេត ឆាយា ចៅសង្កាត់សុខដុម
លោក ឆុំ សូរី ចៅសង្កាត់មនោរម្យ ភាពជោគជ័យនៃការដេញថ្លៃគម្រោងនាពេលនេះ គឺជាភាពឆ្លុះបញ្ចាំងឱ្យឃើញពីការពង្រឹងអភិបាលកិច្ចល្អនៅថ្នាក់មូលដ្ឋាន ការផ្តល់ទំនុកចិត្តជូនប្រជាពលរដ្ឋ និងការប្តេជ្ញាចិត្តក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យមានគុណភាព រឹងមាំ និងប្រើប្រាស់បានយូរអង្វែង ដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋនៅក្នុងក្រុងសែនមនោរម្យ៕








