ការទន្រ្ទាកាន់កាប់ដីព្រៃរបស់រដ្ឋខុសច្បាប់ពីសំណាក់អ្នកមានលុយមានអំណាច អាជ្ញាធរសមត្ថកិច្ចជំនាញ ឆ្លើយដាក់គ្នា

admin By admin October 29, 2026

ក្រចេះ÷ជំនាញសមត្ថកិច្ចបណ្ដែតបណ្ដោយឱ្យមានការរំលោភយកដី «ព្រៃសហគមន៍ត្រៀបសណ្ដាយ» ខណៈផ្ទៃដីព្រៃបាត់បង់អស់រហូតដល់ទៅ ៤០%នេះបើយោងតាមការអះអាងពីប្រជាសហគមន៍ត្រៀបសណ្ដាយ ការថែរក្សា និងអភិរក្សធនធានធម្មជាតិ គឺជាកាតព្វកិច្ចរួមគ្នា រវាងអាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ប៉ុន្តែបច្ចុប្បន្ន ករណីកាប់ឆ្ការ រុករាន និងការទន្ទ្រានយកដីគម្របព្រៃឈើនៅក្នុង «ព្រៃសហគមន៍ត្រៀបសណ្ដាយ» ដែលស្ថិតក្នុងភូមិ ១០៥ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ កំពុងបង្កឱ្យមានការព្រួយបារម្ភ និងសោកស្តាយយ៉ាងខ្លាំងពីសំណាក់ប្រជាសហគមន៍ បន្ទាប់ពីគេរកឃើញថា ផ្ទៃដីព្រៃឈើអភិរក្សមួយផ្នែកធំបានបាត់បង់ជាបន្តបន្ទាប់ចាប់តាំងពីផុតឆ្នាំ ២០២២ មក។
​តាមប្រភពពីប្រជាសហគមន៍ និងសេចក្តីរាយការណ៍ពីមូលដ្ឋានបានឱ្យដឹងថា មានការចេញលិខិតបញ្ជាក់កាន់កាប់ និងផ្ទេរកម្មសិទ្ធិដីធ្លីពីសំណាក់អាជ្ញាធរមូលដ្ឋាន ជូនទៅឱ្យបុគ្គលមានលុយនិងមានអំណាច ព្រមទាំងមានការកាន់កាប់ «ប្លង់ដឺមាស់» ជាច្រើនប្លង់សម្រាប់ធ្វើអាជីវកម្ម និងលក់ដូរ ពាក់ព័ន្ធនឹងរឿងនេះ លោក សារី ចាន់ ប្រធានព្រៃសហគមន៍ត្រៀបសណ្ដាយ បានបញ្ជាក់អះអាងដោយក្តីក្តុកក្តួលថា ដីព្រៃសហគមន៍បច្ចុប្បន្នបានបាត់បង់អស់ប្រមាណ ៤០% ទៅហើយ ដោយសារសកម្មភាពរុករាន និងការលួចធ្វើប្លង់កាន់កាប់លើដីព្រៃរបស់រដ្ឋ។
​ជុំវិញការចេញលិខិតបញ្ជាក់ដីធ្លីនេះ លោក មុំ ខាំ មេឃុំថ្មី ត្រូវបានគេរាយការណ៍ថាជាអ្នកចុះហត្ថលេខាបញ្ជាក់លើឯកសារដីធ្លីទាំងនោះ ដោយឡែក លោក ឃ្លាំង ណារ័ត្ន មន្ត្រីរដ្ឋបាលព្រៃឈើគ្រប់គ្រងតំបន់នោះ បានបកស្រាយថា ដីទាំងនោះគឺជាដីដែលប្រជាពលរដ្ឋបានចូលទៅរុករានទន្ទ្រានតាំងពីមុនពេលរៀបចំជាសហគមន៍ ហើយលោកបានអះអាងថា ដីព្រៃសហគមន៍បច្ចុប្បន្ននៅសល់តែចន្លោះពី ៤០% ទៅ ៦០% ប៉ុណ្ណោះ។ យ៉ាងណាមិញ ប្រជាសហគមន៍បានសម្តែងការសង្ស័យលើតម្លាភាពនៃការគ្រប់គ្រង និងបានរិះគន់ដោយស្ថាបនាថា ដីព្រៃសហគមន៍ត្រៀបសណ្ដាយនេះ តែងតែរងការយកធ្វើជាឈ្នាន់របស់មន្ត្រីរុករាន តាមរូបភាពលួចកាត់ឆ្កៀល និងទន្ទ្រានយកធ្វើជាកម្មសិទ្ធិឯកជន ដោយសារតែមានការខ្វះចន្លោះ និងបណ្ដែតបណ្ដោយក្នុងការចាត់វិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា។
​ទាក់ទិននឹងកិច្ចអន្តរាគមន៍ និងដំណោះស្រាយផ្លូវច្បាប់ លោក យិន វណ្ណៈ អភិបាល ស្រុក ចិត្របុរី បានឆ្លើយតបថា អាជ្ញាធរស្រុកកំពុងយកចិត្តទុកដាក់ដោះស្រាយ និងពិនិត្យមើលនីតិវិធីជុំវិញបញ្ហាដីធ្លីនៅចំណុច «ព្រៃសហគមន៍ត្រៀបសណ្ដាយ» នេះ ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងទប់ស្កាត់ការរំលោភបំពានបន្តទៀត។
​ទោះជាយ៉ាងណាក៏ដោយ ប្រជាសហគមន៍នៅតែសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំ និងសំណូមពរយ៉ាងទទូចដោយក្តីគោរព ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងអាជ្ញាធរខេត្តក្រចេះ មេត្តាចុះធ្វើការស៊ើបអង្កេតដោយតម្លាភាព ស៊ីជម្រៅ និងច្បាស់លាស់ ជុំវិញភាពមិនប្រក្រតីនៃការចេញ «ប្លង់ដឺមាស់» និងលិខិតទិញលក់ដីក្នុង «ព្រៃសហគមន៍ត្រៀមសណ្ដាយ» នេះ ដើម្បីការពារសម្បត្តិធម្មជាតិរបស់រដ្ឋ ដកហូតដីព្រៃមកជូនសហគមន៍វិញ និងធានាបាននូវយុត្តិធម៌សង្គមប្រកបដោយភាពស្អាតស្អំ។
ប្រជាពលរដ្ឋនៅតំបន់នោះ បានធ្វើការសំណូមពរយ៉ាងទទូច ទៅដល់រាជរដ្ឋាភិបាលនិងក្រសួងដែលពាក់ព័ន្ធ ដើម្បីចាត់វិធានការទប់ស្កាត់យ៉ាងម៉ឺងម៉ាត់បើពុំដូច្នោះទេព្រៃសហគមន៍ត្រៀបសណ្ដាយនេះ និងធ្លាក់ទៅលើបុគ្គលមានលុយមានអំណាចជាក់ជាមិនខានឡើយ។
អង្គភាពយើងរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ចនិងក្រសួងមន្ទីរដែលពាក់ព័ន្ធជាបន្តទៅទៀតនឹងរង់ចាំការបកស្រាយពីគ្រប់ភាគីដែលពាក់ព័ន្ធ។គ្រប់ពេលម៉ោងធ្វើការ។សូមអរគុណ។

Leave a Reply

Your email address will not be published. Required fields are marked *