តុលាការចោទប្រកាន់មេភូមិរួមនិងមន្ត្រីពីរនាក់ទៀតពីបទសមគំនិតលួចលក់អចលនវត្ថុរបស់អ្នកដទៃពាក់ព័ន្ធនឹងសំណុំរឿងដីធ្លីនៅខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖ មន្ត្រីចំនួនបីរូប នៅឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ត្រូវបានតំណាងអយ្យការសាលាដំបូងខេត្តស្ទឹងត្រែងចោទប្រកាន់ពីបទផ្សំគំនិតលួចលក់អចលនវត្ថុរបស់អ្នកដទៃ ដែលពាក់ព័ន្ធសំណុំរឿងដីធ្លីរបស់លោកស្រី អៀវ វុទ្ធី ខណៈលោក អ៊ំ សុភឿន ដែលជាជនជាប់ចោទក្នុងសំណុំរឿងនេះ ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនដាក់ពន្ធនាគាររួចទៅហើយ។
យោងតាមប្រភពព័ត៌មានដែលអង្គភាពសារព័ត៌មានយើងទទួលបាននៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២៦ បានឱ្យដឹងថា អាជ្ញាធរទាំងបីរូបដែលត្រូវចោទប្រកាន់នោះរួមមាន
• លោក សយ សំណាង មេភូមិអន្លង់ជ្រៃ
• លោក ដាំ ភី ស្មៀនឃុំអន្លង់ជ្រៃ
• លោកស្រី ប៊ុន ណាវី ជំទប់ទី ១ ឃុំអន្លង់ជ្រៃ
ការចោទប្រកាន់នេះ ពាក់ព័ន្ធនិងករណីដែលត្រូវបានចោទថា បានប្រព្រឹត្តនៅចំណុច ភូមិអន្លង់ជ្រៃ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ដោយអនុលោមតាមមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២៥៥ នៃច្បាប់ភូមិបាល ឆ្នាំ ២០០១។
ជាមួយគ្នានេះ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តស្ទឹងត្រែង ក៏បានចេញដីកាកោះហៅ លោកស្រី អៀវ វុទ្ធី ដែលជាដើមបណ្ដឹងឱ្យចូលខ្លួនបំភ្លឺក្នុងសំណុំរឿងនេះ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ខាងមុខនេះផងដែរ។
ប្រភពព័ត៌មានដដែលបានបន្ថែមថា ក្នុងអំឡុងពេលនេះក៏មានការព្យាយាមសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ជាមួយលោកស្រី អៀវ វុទ្ធី ដើម្បីឱ្យមានការដោះស្រាយ តែអាចឈានទៅការដោះលែងលោក អ៊ុំ សុភឿន ពីធនាគារផងដែរ ។
ប៉ុន្តែលោកស្រី អៀវ វុទ្ធី បាទបង្ហាញជំហរថា មិនអាចទទួលយកការសម្របសម្រួលបែបនេះបានឡើយ ដោយសារលោកស្រីបានអះអាងថា បានឆ្លងការលំបាកនិងការឈឺចាប់ជាច្រើន មុនពេលទទួលបានយុត្តិធម៌តាមផ្លូវច្បាប់ ហើយក្នុងនាមលោកស្រីជាដើមបណ្ដឹង លោកស្រី នៅតែទទួចស្នើសុំ ឱ្យតុលាការអនុវត្តនីតិវិធី និងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលដែលពាក់ព័ន្ធទាំងអស់ ប្រសិនបើរកឃើញថា មានការប្រព្រឹត្តខុសច្បាប់ ក្នុងការចុះហត្ថលេខានិងផ្ទេរលក់ដីដែលលោកស្រីអះអាង ជាកម្មសិទ្ធិរបស់លោកស្រីទៅអ្នកដទៃ។
សំណុំរឿងនេះ កំពុងទទួលបានការចាប់អារម្មណ៍ ដោយសារពាក់ព័ន្ធទៅនឹងការចោទប្រកាន់អាជ្ញាធរមូលដ្ឋានប្រើប្រាស់តួនាទី ឯកសាររដ្ឋបាល ពាក់ព័ន្ធនឹងការផ្ទេរអចលនវត្ថុ របស់ប្រជាពលរដ្ឋ ជាមួយគ្នានេះសាធារណជនក៏កំពុងរង់ចាំមើលការអនុវត្តច្បាប់របស់ស្ថាប័នតុលាការ ដើម្បីធានាឱ្យមានការដោះស្រាយ សំណុំរឿងនេះប្រព្រឹត្តទៅដោយតម្លាភាពនិងយុត្តិធម៌ គ្រប់ភាគី។
សូមបញ្ជាក់ថា ការចោទប្រកាន់មិនមែនមានន័យថាបុគ្គលដែលត្រូវចោទប្រកាន់ មានពិរុទ្ធភាពជាស្ថាពរនោះទេ ដោយត្រូវការរងចាំការសម្រេចពីតុលាការតាមនីតិវិធីច្បាប់៕





