ករណីអគ្គិភ័យឆេះផ្ទះគ្រូបង្រៀនម្នាក់នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ខូចខាតសម្ភារៈ និងប្រាក់កាសអស់មួយចំនួនធំ ប៉ុន្តែមិនគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ

admin By admin October 31, 2026

ខេត្តមណ្ឌលគិរី៖ ផ្ទះមួយខ្នង រួមនឹងសម្ភារៈប្រើប្រាស់ ប្រាក់កាស និងគ្រឿងអលង្ការ ត្រូវបានភ្លើងឆេះបំផ្លាញស្ទើរទាំងស្រុង នៅក្នុងហេតុការអគ្គិភ័យមួយ ដែលបង្កឡើងដោយសារការផ្ទុះស្សេខ្សែភ្លើង ស្ថិតនៅចំណុចភូមិពូទិល ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ក្រោមការចង្អុលបង្ហាញ និងបញ្ជាយ៉ាងម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី លោកវរសេនីយ៍ទោ ផ្លង ជំនិត អធិការនគរបាលស្រុកពេជ្រាដា បានដឹកនាំកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីអន្តរាគមន៍ និងជួយសង្គ្រោះ។
សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ផៃ សារី ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាគ្រូបង្រៀន (ជាប្តី) និងប្រពន្ធឈ្មោះ ផាន់ លីណា ភេទស្រី អាយុ ៣៦ឆ្នាំ។ មុនពេលកើតហេតុ ម្ចាស់ផ្ទះមិននៅផ្ទះនោះទេ ដោយបានចាក់សោរផ្ទះទុកចោល ហើយធ្វើដំណើរទៅខេត្ត។ មូលហេតុដែលបណ្តាលឱ្យមានគ្រោះអគ្គិភ័យនេះ គឺបណ្តាលមកពីការទុស្សេខ្សែភ្លើង។
នៅក្នុងហេតុការណ៍ដ៏រន្ធត់នេះ ឡានពន្លត់អគ្គិភ័យរបស់កម្លាំងអធិការដ្ឋាននគរបាលស្រុក ចំនួន ៤គ្រឿង ត្រូវបានប្រើប្រាស់ដើម្បីបាញ់ទឹកពន្លត់ រហូតទាល់តែរលត់ទាំងស្រុង។ ទោះបីជាយ៉ាងណាក៏ដោយ អគ្គិភ័យនេះបានបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិអស់មួយចំនួនធំ រួមមាន៖
១. ផ្ទះចំនួន ១ខ្នង (ធ្វើអំពីថ្មក្រោមឈើលើ ប្រក់ស័ង្កសី ទំហំ ៥x១៣ ម៉ែត្រ មានឡាវតឿ)
២. គ្រឿងសង្ហារឹម តុ ទូ គ្រែ និងកៅអី
៣. ខ្សែដៃមាស ទម្ងន់ ៥ជី
៤. សម្ភារៈប្រើប្រាស់ក្នុងផ្ទះ (ចាន ឆ្នាំង មុង ភួយ និងសម្លៀកបំពាក់)
៥. ប្រាក់រៀលចំនួន ៥,០០០,០០០ រៀល
ទោះបីជាមានការខូចខាតទ្រព្យសម្បត្តិបាត់បង់អស់ច្រើនយ៉ាងណាក្តី សមត្ថកិច្ចបានបញ្ជាក់អះអាងថា នៅក្នុងករណីគ្រោះអគ្គិភ័យខាងលើនេះ មិនបណ្តាលឱ្យគ្រោះថ្នាក់ ឬបាត់បង់ដល់អាយុជីវិតមនុស្សឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *