ម្ចាស់កំពង់ចម្លងមួយកន្លែងស្ថិតនៅចំណុចជំនុំពល ព្រំប្រទល់ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះរងការរិះគន់យ៉ាងចាស់ដៃពីប្រជាពលរដ្ឋដោយសារតម្លៃឡើងចុះតាមតែមាត់

admin By admin November 4, 2026

ខេត្តត្បូងឃ្មុំ៖ ម្ចាស់អាជីវកម្មកំពង់ចម្លងដែលពលរដ្ឋស្គាល់ម្ចាស់ឈ្មោះ លោក ឪ ទ្រី ដែល
កំពុងតែត្រូវប៉ាន់ រយៈពេលជាង១០ឆ្នាំមកហើយនោះ ស្ថិតក្នុងចំណុចទីតាំង ព្រំប្រទល់ជាប់គ្នារវាងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ បើតាមប្រភពពីអាជ្ញាធរ និងប្រជាពលរដ្ឋមួយចំនួនបានបញ្ជាក់ប្រាប់មកអ្នកសារព័ត៌មានយើងដូចៗគ្នាថា លោក ឪ ទ្រី នេះប្រកបអាជីវកម្មខាងលើនេះដោយគ្មានអាជ្ញាប័ណ្ណរាប់ឆ្នាំមកហើយ កំពង់ចម្លងខាងលើនេះតែងតែដាក់តម្លៃតាមចិត្តចង់ដោយគ្មានការកំណត់ច្បាស់លាស់ ជាពិសេសទៅទៀតនោះ គឺម្ចាស់កំពង់ចម្លងនេះ បានកំពុងតែល្បីឈ្មោះខាងរុករានកាន់កាប់ដីរដ្ឋខុសច្បាស់ នៅក្នុងតំបន់ទាំងពីរគឺខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ទៀតផង។
នេះបើតាមការបញ្ជាក់របស់អាជ្ញាធរភូមិឃុំថាពុំបានសញ្ញាឬបន្ថិតត្រាណាឡើយលើផ្ទៃដីទាំងអស់នោះគឺគាត់កាន់កាប់ដោយខ្លួនឯង។
ជាក់ស្ដែងកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ សកម្មភាពប្រមូលកម្រៃសេវាចម្លងគ្មានអាជ្ញាប័ណ្ណ​ផ្លូវការ គ្មានការដេញថ្លៃជាសាធារណៈ និងការកំណត់តម្លៃលើសពីទីផ្សារធម្មតា នៅចំណុចព្រំប្រទល់រវាង ភូមិជំនុំពល ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និង ភូមិកំពង់ដំរីចាស់ ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ កំពុងក្លាយជាប្រធានបទក្តៅគគុកដែលប្រជាពលរដ្ឋរស់នៅមូលដ្ឋាន និងអ្នកធ្វើដំណើរឆ្លងកាត់សម្តែងការត្អូញត្អែរយ៉ាងខ្លាំងចំពោះ អាជីវកម្មចម្លងដប្រវែងប្រហែល ៥០ម៉ែត្រលើផ្ទៃទឹកព្រែកឆ្លូងនេះ ត្រូវបានស្គាល់ថា គ្រប់គ្រងដោយបុគ្គលឈ្មោះ «ឪ ទ្រី» បានដំណើរការអូសបន្លាយពេលជាង១០ឆ្នាំមកហើយ និងកំពុងធ្វើសកម្មភាពចាក់ថ្ម-សាងសង់សំណង់រឹងរំលោភលើដីចំណីស្ទឹង បង្កជាកង្វល់ ដល់អាជ្ញាធរនិងប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ។
តាមការចុះពិនិត្យជាក់ស្តែង និងការបញ្ជាក់ពីសំណាក់អាជ្ញាធរមូលដ្ឋាន ព្រមទាំងលោកមេភូមិ បានឱ្យដឹងថា ទីតាំងចម្លងដខាងលើពិតជាគ្មានលិខិតអនុញ្ញាតអាជីវកម្មត្រឹមត្រូវនោះទេ ហើយលោកមេភូមិបានបញ្ជាក់បន្ថែមថា ខាងអាជ្ញាធរបានរៀបចំគម្រោងស្នើសុំស្ពាន និងផ្លូវជូនប្រជាពលរដ្ឋតាំងពីឆ្នាំ២០២០ មកម្ល៉េះ ហើយកាលណោះថ្នាក់លើបានឆ្លើយតបថានឹងរៀបចំធ្វើនៅឆ្នាំ២០២៤ ប៉ុន្តែរហូតមកទល់ពេលនេះ គម្រោងសាងសង់នៅតែបន្តអូសបន្លាយ និងពន្យារពេលរហូត ដែលធ្វើឱ្យប្រជាពលរដ្ឋគ្មានជម្រើស ក្រៅពីត្រូវបង្ខំចិត្តប្រើប្រាស់សេវាចម្លងដខុសច្បាប់នេះ។


តាមការឆ្លើយតបពីប្រជាពលរដ្ឋ ក្រុមការងារសារព័ត៌មានបានកត់សម្គាល់ឃើញពីការកំណត់តម្លៃដឹកជញ្ជូន និងការរត់ការចម្លងដែលមានគម្លាតខុសប្លែកខ្លាំង៖
ករណីរថយន្ត៖
រដូវទឹកឡើង៖ រថយន្តធំមិនអាចឆ្លងកាត់បានឡើយ ដោយឆ្លងបានតែរថយន្តតូចៗប៉ុណ្ណោះ ក្នុងនោះប្រភេទ Tacoma ត្រូវគិតថ្លៃ ៣០,០០០រៀល និងប្រភេទ Camary ត្រូវគិតថ្លៃ ២០,០០០រៀល ក្នុងមួយជើង។
រដូវទឹកស្រក៖ មានការរៀបចំស្ពានបណ្តោះអាសន្ននៅផ្នែកខាងក្រោម ដោយរថយន្តតូចគិតថ្លៃ ៥,OOOរៀល ប៉ុន្តែរថយន្តធំដឹកទំនិញ/អីវ៉ាន់ ត្រូវតម្រូវឱ្យបង់ប្រាក់រហូតដល់ ៥០,០០០រៀល។
ករណីអ្នកដំណើរ និងម៉ូតូ៖ អ្នកដំណើរម្នាក់ៗត្រូវបង់ ១,៥០០រៀល និងម៉ូតូមួយគ្រឿង ៣,០០០រៀល សម្រាប់ការឆ្លងកាត់ទៅមក។
ប្រជាពលរដ្ឋបានបន្ថែមថា សូម្បីតែការចូលទៅស្ទូចត្រី ឬប្រើប្រាស់ទីតាំងមាត់ស្ទឹងសាធារណៈនៅតំបន់នោះ ក៏មានការទារប្រាក់កម្រៃផងដែរ បន្ថែមលើសពីនេះ ក្រុមការងារបានសង្កេតឃើញសកម្មភាពប្រែប្រួលនៃដីចំណីស្ទឹង និងព្រៃលិចទឹកនៅជាប់មាត់ស្ទឹង មានការឈូសឆាយដី រំលោភយកទីតាំងមាត់ស្ទឹង ដើម្បីសាងសង់ជាកញ្ចុះតូចៗធ្វើជារមណីយដ្ឋាន ព្រមទាំងមានការចាក់ថ្ម និងចាក់សាបបេតុងរឹងមាំនៅផ្នែកខាងក្រោមចូលទៅក្នុងផ្ទៃទឹក។ 
មិនតែប៉ុណ្ណោះ មានការចាក់ដីធ្វើទំនប់ជាប់មាត់ស្ទឹង ជីកស្រះចិញ្ចឹមត្រី និងការដាក់បំពាក់ឧបករណ៍នេសាទ ដូចជាដៃកាត់ទទឹងព្រែកឆ្លូង ចំនួន ២ទីតាំងនៅក្នុងដងស្ទឹង ដែលបង្កជាការរាំងស្ទះដល់ចរន្តទឹកធម្មជាតិ និងជីវចម្រុះក្នុងតំបន់ បានហាមឃាត់ពលរដ្ឋមិនឱ្យនេសាទចន្លោះប្រហែលជាង 500 ម៉ែត្រលើក្រោមទៀតផង នេះបើតាមការអះអាងពីអាជ្ញាធរនៅតំបន់នោះ។
ប្រជាពលរដ្ឋ ក៏ដូចជាមជ្ឈដ្ឋាននានា មានចម្ងល់យ៉ាងខ្លាំងថា តើបុគ្គលឈ្មោះ ឪ ទ្រី នេះមានអំណាចធំយ៉ាងណា? បានជាធ្វើអាជីវកម្មនិងរុករានទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកខុសច្បាប់រាំងសងខាងព្រែកឆ្លូង ហើយថែមទាំងគ្មានកម្លាំងសមត្ថកិច្ចជំនាញឬអាជ្ញាធរពាក់ព័ន្ធមកចុះត្រួតពិនិត្យអំពីមុខរបរដែលពុំស្របច្បាប់នេះ ផ្អែកលើផលប៉ះពាល់ និងការលំបាកជាក់ស្តែង។
អង្គភាពយើងបានសុំការបញ្ជាក់ពី លោក ឪ ទ្រី ជាម្ចាស់កំពង់ចម្លងនៅចំណុចជំនុំពល់ដើម្បីសុំការបញ្ជាក់ពីផលប៉ះពាល់ន តែខលចូលលោកលោកបានឆ្លើយតបពីរបីម៉ាត់លោកថា ជាប់រវល់ណាស់ចាំទំនេរខលមកវិញ ប៉ុន្តែស្ងាត់ឈឹងរហូតមកដល់ពេលចេញផ្សាយនេះ។
ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សុំសំណូមពរដល់អាជ្ញាធរភូមិ-ឃុំ ស្រុក ជាពិសេសឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធ មេត្តាចាត់ក្រុមការងារចុះត្រួតពិនិត្យវាយតម្លៃផ្លូវច្បាប់ និងអន្តរាគមន៍ដោះស្រាយបញ្ហាតម្លៃសេវាចម្លង ព្រមទាំងស្ដារ និងរក្សាការពារដីចំណីស្ទឹងសាធារណៈឱ្យបានត្រឹមត្រូវ ដើម្បីសម្រាលបន្ទុកជីវភាព និងសម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋ។

អង្គភាពសារព័ត៌មានយើងនិងរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ចជំនាញដែលពាក់ព័ន្ធធ្វើការបកស្រាយឆ្លើយតបជាបន្តទៅទៀតគ្រប់ពេលម៉ោងធ្វើការ៕

Leave a Reply

Your email address will not be published. Required fields are marked *