ស្ត្រីជើងខ្លាំងកាងកន្លែងជីករ៉ែមាសខុសច្បាប់នៅស្រុកសណ្ដាន់ កំពុងគំរាមកំហែងដល់ជីវិតមនុស្ស និងបរិស្ថាន ខណៈសមត្ថកិច្ចពាក់ព័ន្ធហាក់ដូចជាមើលមិនឃើញឬមិនដឹង?

admin By admin September 18, 2026

ខេត្តកំពង់ធំ៖ សកម្មភាពជីកកកាយ និងធ្វើអាជីវកម្មរ៉ែមាសដោយខុសច្បាប់កំពុងកើតមានឡើងនៅចំណុចអូរឃ្មួង ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ គ្មានការទប់ស្កាត់ពីមន្ត្រីសមត្ថកិច្ច​ពាក់ព័ន្ធ ទើបបានជាស្ត្រីជើងខ្លាំងម្នាក់នេះហ៊ានថា ឱ្យអ្នកសារព័ត៌មានយើងយ៉ាងនេះ?សកម្មភាពនេះបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាសុវត្ថិភាព និងការបំផ្លាញធនធានធម្មជាតិ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឱ្យដឹងថា សកម្មភាពជីកកកាយរុក​រ៉ែ​ខុសច្បាប់ដែលស្ថិតនៅទីតាំងខាងលើនេះ​មិនមានមន្ត្រីជំនាញណាមកទប់ស្កាត់ឡើយ ទើប​ធ្វើឱ្យស្ត្រីម្នាក់​បានប្រមាថមកលើអ្នកសារព័ត៌មានថែមទៀត ហើយសកម្មភាព​ជីករ៉ែខុសច្បាប់នេះ​អ្នកសារព័ត៌មាន​យើងបានចុះទៅផ្តិតយករូបភាពតាំងពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ រហូតមកដល់ពេលនេះនៅមិនមានការចុះបង្ក្រាបទាល់តែសោះ។

ហើយអ្វីដែលគួរឱ្យព្រួយបារម្ភបំផុតនោះគឺ រណ្ដៅរ៉ែជាច្រើនកន្លែងត្រូវបានជីកជម្រៅរហូតដល់១០ ទៅ១៥ម៉ែត្រ ដោយគ្មានបច្ចេកទេសត្រឹមត្រូវ ឬរបាំងការពារសុវត្ថិភាពឡើយ កន្លងមក ទីតាំងនេះធ្លាប់មានករណីប្រជាពលរដ្ឋធ្លាក់ចូលក្នុងរណ្ដៅដ៏ជ្រៅទាំងនេះរហូតដល់បាត់​បង់ជីវិតជារឿយៗមកហើយ ប៉ុន្តែបទល្មើសនៅតែបន្តកើតមានយ៉ាងរលូនដដែល។

ប្រជាពលរដ្ឋបានសម្តែងការហួសចិត្ត និងរះគន់ថា អាជ្ញាធរ និងមន្ត្រីជំនាញក្នុងតំបន់បែរជា «សំងំស្ងាត់ដូចចោរលួចសេះ» មិនព្រមចុះទប់ស្កាត់ ឬមានវិធានការបង្ក្រាបឱ្យមានប្រសិទ្ធភាពនោះឡើយ។
ជុំវិញករណីនេះមហាជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមគោរពស្នើសុំអន្តរាគមន៍ផ្ទាល់ពី
ឯកឧត្តម នួន ផារ័ត្ន គឺជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ, ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោក ណឹម ចន្ថា ប្រធានរ៉ែ និងថាមពលខេត្តកំពង់ធំ មេត្តាជួយចុះបង្ក្រាបនិងបោសសម្អាតរាល់សកម្មភាពបូមមាសល្មើសច្បាប់រុករករ៉ែមាសនៅក្នុងភូមិសាស្ត្រខាងលើនេះផងទាន។
មហាជនរង់ចាំមើលថា តើថ្នាក់ដឹកនាំក្រសួង និងអាជ្ញាធរខេត្ត នឹងចាត់កម្លាំងអធិការកិច្ច ចុះស្រាវជ្រាវបង្ក្រាប និងអនុវត្តវិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះក្រុមអ្នកកាង និងបុគ្គលពាក់ព័ន្ធយ៉ាងណា ដើម្បីការពារធនធានធម្មជាតិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ?អង្គភាព​សារព័ត៌មាន​ខ្មែរឦសាន​យើងខ្ញុំនឹងរង់ចាំមើលការបកស្រាយ​បំភ្លឺបន្ថែមពីគ្រប់​ភាគី​ដែល​ពាក់ព័ន្ធ​គ្រប់ពេល និងម៉ោងធ្វើការ៕

Leave a Reply

Your email address will not be published. Required fields are marked *