សកម្មភាពជីករណ្តៅរុករ៉ែដោយខុសច្បាប់​និងគ្មានបច្ចេកទេសត្រឹមត្រូវបានគំរាម​កំហែង​អាយុជីវិតមនុស្ស និងបរិស្ថានយ៉ាងខ្លាំង ខណៈប្រជាពលរដ្ឋជាច្រើនកំពង់រង់ចាំមើលចំណាត់ការក្តៅរបស់ក្រសួងពាក់ព័ន្ធ

admin By admin September 16, 2026

ខេត្តព្រះវិហារ៖ សកម្មភាពជីកកកាយ និងធ្វើអាជីវកម្មរ៉ែមាសដោយខុសច្បាប់កំពុងកើតមានឡើងយ៉ាងអនាធិបតេយ្យជាច្រើនស្ថិតនៅចំណុចរំដេង ភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ គ្មានការទប់ស្កាត់ពីអាជ្ញាធរមូលដ្ឋាន ឬមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធណាមក​ចាត់​វិធានការទប់ស្កាត់ ឬអប់រំឡើយ បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាសុវត្ថិភាព និងអាយុជីវិតរបស់​កម្មករដែលជីករ៉ែ ជាពិសេសការបំផ្លាញធនធានធម្មជាតិ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឱ្យដឹងថា សកម្មភាពជីក​រ៉ែខុសច្បាប់នេះមានខ្សែបណ្តាញ «អ្នកកាង» ចាំគៀបសង្កត់ប្រមូលលុយ និងជួលទីតាំងធ្វើអាជីវកម្មក្នុងតម្លៃចាប់ពី ២លាន ទៅ ៣លានរៀល ក្នុងមួយកន្លែងសម្រាប់រយៈពេលមួយខែ ហើយ អ្វីដែលគួរឱ្យព្រួយបារម្ភបំផុតនោះគឺ រណ្ដៅរ៉ែជាច្រើនកន្លែងត្រូវបានជីកជម្រៅរហូតដល់ ១០ ទៅ ១៥ម៉ែត្រ គ្មានបច្ចេកទេសត្រឹមត្រូវ ឬរបាំងការពារសុវត្ថិភាពឡើយ។

គួរំលឹកដែរថា កន្លងមកទីតាំងនេះធ្លាប់មានករណីប្រជាពលរដ្ឋធ្លាក់ចូលក្នុងរណ្ដៅដ៏ជ្រៅទាំងនេះរហូតដល់បាត់បង់ជីវិតជារឿយៗមកហើយ ប៉ុន្តែបទល្មើសនៅតែបន្តកើតមានយ៉ាងរលូន ដដែល។

ប្រជាពលរដ្ឋបានសម្តែងការហួសចិត្ត និងរះគន់ថា អាជ្ញាធរ និងមន្ត្រីជំនាញក្នុងតំបន់បែរជា «សំងំស្ងាត់ដូចចោរលួចសេះ» មិនព្រមចុះទប់ស្កាត់ ឬមានវិធានការបង្ក្រាបឱ្យមានប្រសិទ្ធភាពនោះឡើយ។


ជុំវិញករណីនេះ មហាជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមគោរពស្នើសុំអន្តរាគមន៍ផ្ទាល់ពី
ឯកឧត្តម កឹម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក ស៊ុន ច័ន្ទរក្សា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ លោក មឿន សុភេទ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ មេត្តាជួយចាត់វិធានការ​ទប់ស្កាត់ និងបង្ក្រាបបទល្មើសជីករុករ៉ែខុសច្បាប់ និងគ្មាន​បច្ចេក​ទេសត្រឹមត្រូវឱ្យមានប្រសិទ្ធភាពផងទាន។


មហាជនរង់ចាំមើលថា តើថ្នាក់ដឹកនាំក្រសួង និងអាជ្ញាធរខេត្ត នឹងចាត់កម្លាំងអធិការកិច្ច ចុះស្រាវជ្រាវបង្ក្រាប និងអនុវត្តវិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះក្រុមអ្នកកាង និងបុគ្គលពាក់ព័ន្ធឬយ៉ាងណា ដើម្បីការពារធនធានធម្មជាតិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ?

អង្គភាព​សារព័ត៌មានខ្មែរឦសាន​យើងខ្ញុំនឹងរង់ចាំមើល​ចំណាត់ការរបស់​ក្រសួងពាក់ព័ន្ធ និងរង់ចាំ​ការបកស្រាយ​បំភ្លឺបន្ថែមពីគ្រប់ភាគីពាក់ព័ន្ធគ្រប់ពេល និងម៉ោងធ្វើការ៕

Leave a Reply

Your email address will not be published. Required fields are marked *