ប្រជាពលរដ្ឋចំនួន១៧០គ្រួសារនៅស្រុកតាំងគោក មិនទាន់ទទួលបានដីពួកគាត់បានអាស្រ័យផលនៅឡើយទេ បើទោះបីជាពួកគាត់បានបានតវ៉ានៅភ្នំពេញដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន ម្តងទៀតនៅស្ទូបមិត្តភាពជិតវិមានឯករាជ្យវិមាននិងមុខក្រសួងដែនដី

admin By admin September 9, 2026

ភ្នំពេញ៖ បន្ទាប់ពីបានដាក់លិខិតផ្លូវការទៅកាន់ស្ថាប័នព្រឹទ្ធសភារួច ប្រជាពលរដ្ឋចំនួន១៧០ គ្រួសារ រស់នៅក្នុងភូមិគោកត្របែក និងភូមិគោកអណ្តែត ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ បានធ្វើដំណើរមកប្រមូលផ្តុំគ្នានៅសួនច្បារសម្តេចតេជោ ក្បែររង្វង់មូលវិមានឯករាជ្យ ជិតភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីលើកបដាស្នើសុំកិច្ចអន្តរាគមន៍ដ៏ខ្ពង់ខ្ពស់ដោយផ្ទាល់ ដើម្បីជួយដោះស្រាយវិវាទដីស្រែអាស្រ័យផលទំហំ ៥៣០ហិកតា នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។

ការប្រមូលផ្តុំអំពាវនាវនាពេលនេះ ធ្វើឡើងបន្ទាប់ពីក្រុមប្រជាពលរដ្ឋចំនួន ៤៧គ្រួសារ បានដាក់លិខិតស្នើសុំអន្តរាគមន៍ជាថ្មី (លើផ្ទៃដី ២៣០ហិកតា) នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ ដោយបានបូករួមជាមួយប្រជាពលរដ្ឋចំនួន១២៣គ្រួសារផ្សេងទៀត ក្នុងតំបន់ជាមួយគ្នា ដែលបានដាក់លិខិតស្នើសុំកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ នេះសបញ្ជាក់ថា ប្រជាពលរដ្ឋពាក់ព័ន្ធទាំង១៧០គ្រួសារ បានចូលរួមដោយផ្ទាល់ទាំងអស់គ្នា ក្នុងការស្វែងរកដំណោះស្រាយរួមគ្នាមួយលើផ្ទៃដីសរុប ៥៣០ហិកតា ដែលកំពុងអូសបន្លាយដ៏រ៉ាំរ៉ៃនេះ។

យោងតាមលិខិតស្នើសុំកិច្ចអន្តរាគមន៍ ក្រុមប្រជាពលរដ្ឋបានអះអាងថា ពួកគាត់បានបង្កបង្កើនផលលើដីស្រែចាស់តាមដងទន្លេសាបនេះ តាំងពីឆ្នាំ ១៩៩៣ មកម៉្លេះ ដោយមានការទទួលស្គាល់ពីអាជ្ញាធរភូមិ-ឃុំ និងមានលិខិតស្នាមកាន់កាប់ច្បាស់លាស់។

បន្ថែមពីនេះ ដីធ្លីតំបន់នោះធ្លាប់ទទួលបានការវាស់វែង និងកាត់ឆ្វៀលពីក្រុមនិស្សិត ស្របតាមអនុសាសន៍ដឹកនាំរបស់ថ្នាក់ដឹកនាំ និងស្មារតីលិខិត ស.ជ.ណ. របស់ទីស្តីការគណៈរដ្ឋមន្ត្រី (លេខ ១០៤៤ ចុះឆ្នាំ ២០១៤ និងលេខ ១០០៣ ចុះឆ្នាំ ២០១៥) រួចរាល់ហើយដែរ។

ប្រជាពលរដ្ឋបានប្រាប់មកអ្នកសារព័ត៌មានថា ក្នុងរយៈពេលជិត ៣ឆ្នាំចុងក្រោយនេះ អាជ្ញាធរស្រុកតាំងគោក ដឹកនាំដោយលោក ម៉ម ទីន អភិបាលរងស្រុក បានចុះរារាំងមិនឱ្យពួកគាត់បង្កបង្កើនផល និងបានធ្វើឱ្យខូចខាតឧបករណ៍កសិកម្មមួយចំនួន ដោយចោទប្រកាន់ពលរដ្ឋថា ជាអ្នកកាប់ទន្ទ្រានដីព្រៃថ្មីរបស់រដ្ឋ មិនតែប៉ុណ្ណោះមានការបង្ខិតបង្ខំឱ្យអាជ្ញាធរភូមិ ធ្វើរបាយការណ៍ភូតភរថ្នាក់លើ ដោយចោទថាពួកគាត់ទើបតែមកអាស្រ័យផលបានរយៈពេល ២ឆ្នាំប៉ុណ្ណោះ។

ពួកគាត់បានបញ្ជាក់នៅក្នុងលិខិតនោះថា៖ «កាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៦ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានលើកឡើងជាសាធារណៈថា អាជ្ញាធរបានកាត់ឆ្វៀលដីជូនពលរដ្ឋរួចរាល់ហើយ ប៉ុន្តែជាក់ស្តែងពួកគាត់ដែលជាអ្នកអាស្រ័យផលលើដីជាក់ស្តែង មិនទាន់ទទួលបានដីសូម្បីតែមួយមីលីម៉ែត្រឡើយ ដោយសារការដោះស្រាយកន្លងមកធ្វើឡើងតែចំពោះភាគីមួយផ្នែកប៉ុណ្ណោះ»។

តាមរយៈការលើកបដា និងលិខិតអំពាវនាវ របស់ប្រជាពលរដ្ឋបានសំណូមពរដល់ សម្តេចតេជោ ហ៊ុន សែន នូវចំណុចសំខាន់ៗចំនួន ៣គឺ៖
១. ចាត់មន្ត្រីជំនាញចុះស្រាវជ្រាវ និងពិនិត្យទីតាំងដីវិវាទជាក់ស្តែង ដើម្បីផ្តល់យុត្តិធម៌ជូនពលរដ្ឋ។
២. សម្របសម្រួលបើកផ្លូវឱ្យប្រជាពលរដ្ឋបានអាស្រ័យផលលើដីស្រែចាស់ជាបណ្តោះអាសន្ន ដើម្បីដោះស្រាយជីវភាព។
៣. ជំរុញការអនុវត្តតាមស្មារតី ស.ជ.ណ. របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីរៀបចំនីតិវិធីកាត់ឆ្វៀល និងចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ បញ្ចប់វិវាទដោយសន្តិវិធី។

ជុំវិញការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋ និងការចោទប្រកាន់ខាងលើនេះ អង្គភាពសារព័ត៌មានយើងមិនទាន់អាចសុំការបកស្រាយផ្ទាល់ពី លោក ម៉ម ទីន អភិបាលរងស្រុកតាំងគោក ឬរដ្ឋបាលខេត្តកំពង់ធំបាននៅឡើយទេ គិតត្រឹមពេលផ្សាយនេះ នឹងរង់ចាំការបកស្រាយបំភ្លឺបន្ថែមពីគ្រប់ភាគីដែលពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការ៕

Leave a Reply

Your email address will not be published. Required fields are marked *