តើមានអ្វីនៅពីក្រោយ? ការកាប់បំផ្លាញ និងទន្ទ្រានយកដីក្នុងតំបន់ការពារធម្មជាតិនៅស្រុកឆែប ទើបធ្វើឱ្យអាជ្ញាធរមិនហ៊ានទទួលយកវត្ថុតាងមករក្សាទុក

admin By admin August 30, 2026

​ខេត្តព្រះវិហារ៖ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ តំណាងប្រជាពលរដ្ឋប្រមាណ ៣០នាក់ រស់នៅភូមិដងផ្លិត និងភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ បានរួមគ្នាចុះទប់ស្កាត់ និងដកហូតបានម៉ាស៊ីនអារឈើចំនួន ៣គ្រឿង និងគោយន្តកន្ត្រៃ ១គ្រឿង ខណៈក្រុមល្មើសកំពុងធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើនៅចំណុច «ត្រពាំងអន្សម និងទីលានលោកតាដេវ»បានរំលោភទន្ទ្រានដីព្រៃការពារធម្មជាតិ និងដីជំនឿអារក្សអ្នកតារបស់ជនជាតិដើមភាគតិច នៅក្នុងស្រុកឆែប បានផ្ទុះឡើងយ៉ាងក្តៅគគុកជាថ្មីម្ដងទៀត។

​ដោយសារគ្មានកិច្ចអន្តរាគមន៍ពីអាជ្ញាធរ ប្រជាពលរដ្ឋស្ម័គ្រចិត្តចំនួន៣០នាក់ បានសម្រេចចិត្តសហការគ្នាចុះដកហូតវត្ថុតាងដោយផ្ទាល់ ហើយបានយកមកប្រគល់ជូនអាជ្ញាធរនៅសាលាឃុំឆែបពីរ ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើល និងចោទជាសំណួរនោះគឺ ទោះជាសហគមន៍ខិតខំរៀបចំលិខិតប្រគល់-ទទួលវត្ថុតាងបទល្មើសយ៉ាងត្រឹមត្រូវយ៉ាងណាក៏ដោយ ក៏មន្ត្រីបរិស្ថាន អាជ្ញាធរស្រុក និងមេឃុំ បែរជា «មិនហ៊ាន» ផ្តិតមេដៃទទួលយកវត្ថុតាងទាំងនោះ ហើយថែមទាំងបានដើរចេញពីសាលាឃុំបាត់ស្រមោលទៀតផង។

​ប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានដាក់ការសង្ស័យថា មូលហេតុដែលអាជ្ញាធរ និងមន្ត្រីជំនាញមិនហ៊ានទទួលយកវត្ថុតាងបទល្មើស គឺដោយសារដីព្រៃនៅចំណុចកើតហេតុ មានការពាក់ព័ន្ធនឹងអំពើឃុបឃិតគ្នារំលោភយកដីកាលពីពេលកន្លងទៅ អាជ្ញាធរ និងមន្ត្រីខិលខូចមួយចំនួន ត្រូវបានគេសង្ស័យថា បានលួចធ្វើប័ណ្ណកម្មសិទ្ធិ ឬរៀបចំឯកសាររំលោភលើច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ និងបទប្បញ្ញត្តិព្រះរាជក្រឹត្យពាក់ព័ន្ធ ដែលតាមផ្លូវច្បាប់ត្រូវតែរំលាយ ឬបដិសេធចោលជាដាច់ខាត។

សូមបញ្ជាក់ថា ទីតាំង «ត្រពាំងអន្សម, ទីលានលោកតាដេវ, អន្លង់ស្វាយអ៊ា, និងអូតាឡាស» គឺជាតំបន់ព្រៃអារក្ស និងជាទីសក្ការបូជាដ៏វិសុទ្ធរបស់បងប្អូនជនជាតិដើមភាគតិច ដែលបានគោរពបូជា និងថែរក្សាតាំងពីដូនតាមក ហើយក៏ជាដីព្រះរាជក្រឹត្យផងដែរ។

​បើតាមការបញ្ជាក់ពីលោក សួរ សុឃិន តំណាងប្រជាពលរដ្ឋភូមិដងផ្លិត បានឱ្យដឹងថា ក្រុមអ្នកចុះមកធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើ និងរំលោភទន្ទ្រានដីខាងលើនេះ គឺមិនមែនជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានឡើយ ពួកគេគឺជាក្រុមជនស៊ីឈ្នួលកាប់បំផ្លាញព្រៃឈើ មិនតែប៉ុណ្ណោះ ក្រុមជនទាំងនោះថែមទាំងបានអួតអាង និងអះអាងប្រាប់អ្នកស្រុកថា «មេរបស់ពួកគេជាមនុស្សមានអំណាចធំធេងណាស់» ទើបពួកគេហ៊ានធ្វើសកម្មភាពយ៉ាងរលូនបែបនេះ។

​មុនឈានដល់ការចុះឃាត់គ្រឿងចក្រ សហគមន៍បានទូរស័ព្ទរាយការណ៍ជូនដំណឹងជាមុន ទៅអាជ្ញាធរស្រុកឆែប មន្ត្រីបរិស្ថាន និងមន្ត្រីជំនាញពាក់ព័ន្ធរួចរាល់ហើយ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ប៉ុន្តែរហូតមកដល់ថ្ងៃកើតហេតុ មិនឃើញមានមន្ត្រីជំនាញណាម្នាក់ ចុះទៅចាត់វិធានការ ឬអនុវត្តច្បាប់ទប់ស្កាត់ឡើយ។

​​គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានចេញអនុក្រឹត្យលេខ ១០៦ អនក្រ.បក ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ស្តីពីការនិរាករណ៍អនុក្រឹត្យលេខ ២៤៥ អនក្រ.បក ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីការកំណត់តំបន់សហគមន៍នៃតំបន់ការពារធម្មជាតិ ដើម្បីទប់ស្កាត់ និងបោសសម្អាតរាល់ការទន្ទ្រានយកដីរដ្ឋខុសច្បាប់ បើទោះបីជារាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគតិយុត្តយ៉ាងម៉ឺងម៉ាត់បែបនេះក្តី ក៏មជ្ឈដ្ឋានជុំវិញ និងប្រជាពលរដ្ឋនៅតែបន្តចោទប្រកាន់ថា បុគ្គលឈ្មោះ ស្រេង ឆវី មន្ត្រីនៅមន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ខេត្តព្រះវិហារ បានកាប់ទន្ទ្រានយកដីព្រៃ និងប្រមូលផលប្រយោជន៍ពីដីទាំងនោះមកធ្វើប័ណ្ណកម្មសិទ្ធិឯកជនយ៉ាងរលូន ដោយអាងមានខ្នងបង្អែកការពារពីមន្ត្រីជំនាញ និងអភិបាលរងខេត្តមួយរូប។

​កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ភ្នាក់ងារសារព័ត៌មានយើងបានសុំបទសម្ភាសន៍លោក ស្រេង ឆវី ដោយលោកបានអះអាងប្រាប់ភ្នាក់ងារសារព័ត៌មានយើងថា រូបលោកធ្វើសកម្មភាពក្រោមបទបញ្ជារបស់លោក មិន ស៊ីថា អភិបាលរងខេត្ត, លោក អ៊ុំ ភឿន អតីតអភិបាលស្រុកឆែប និងលោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ទើបធ្វើឱ្យមន្ត្រីថ្នាក់ក្រោមមិនហ៊ានប៉ះពាល់។

​ដោយអស់ជំនឿលើអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញដែលបណ្តែតបណ្តោយឱ្យបទល្មើសបន្តកើតមាន ទើបប្រជាពលរដ្ឋសម្រេចចិត្តចេញមុខទប់ស្កាត់ដោយផ្ទាល់ និងបានអំពាវនាវយ៉ាងទទូចជាខ្លាំងដល់ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ជាពិសេស ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មេត្តាចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត និងបញ្ជូនក្រុមអធិការកិច្ចថ្នាក់ជាតិចុះស៊ើបអង្កេតស្រាវជ្រាវករណីនេះឱ្យបានស៊ីជម្រៅ ដើម្បីរឹតបន្តឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះមន្ត្រីខិលខូច ឬមន្ត្រីពុករលួយទាំងឡាយណា ដែលមានការពាក់ព័ន្ធក្នុងការឃុបឃិត រំលោភអំណាច ឬបែងចែកផលប្រយោជន៍លើដីសម្បត្តិព្រៃឈើរបស់រដ្ឋ និងដីព្រៃជំនឿសហគមន៍ជនជាតិដើមភាគតិច ដើម្បីជួយសង្គ្រោះតំបន់ព្រៃឈើ និងផ្តល់ភាពយុត្តិធម៌ជូនពលរដ្ឋមូលដ្ឋានវិញ។

អង្គភាព​សារព័ត៌មានខ្មែរឦសាន​យើងខ្ញុំនឹងរង់ចាំ​ការបកស្រាយបំភ្លឺបន្ថែមពីគ្រប់​ភាគី​ដែល​ពាក់ព័ន្ធ​គ្រប់ពេល និងម៉ោងធ្វើការ៕

Leave a Reply

Your email address will not be published. Required fields are marked *