អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង នៅឃុំអូរតាគី
បាត់ដំបង៖ករណីអគ្គិភ័យបានកើត១លើក បណ្តាលអោយឆេះផ្ទះប្រជាពលរដ្ឋចំនួន១ខ្នង បង្កអោយមានការភ្ញាក់ផ្អើល ដល់អាជ្ញាធរ និង សមត្ថកិច្ចមូលដ្ឋាន ចុះជួយអន្តរាគមន៍ភ្លាមៗ បន្ទាប់ពីទទួលបាន សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ។
ហេតុការណ៍នេះបាន កើតឡើងកាលពីវេលាម៉ោង២និង២០នាទី រសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ចំណុចក្រុមទី១ ភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖ផ្ទះដែលត្រូវអគ្គិភ័យ ឆាបឆេះនោះគឺជាកម្មសិទ្ធិ របស់អ៊ំស្រី វែន អុក រស់នៅក្នុងភូមិ ឃុំកើតហេតុ។
ការខូចខាតរួមមាន៖ផ្ទះ១ខ្នង សង់អំពីឈើ លើ ថ្មក្រោម ដំបូលប្រក់ស័ង្កសី ទំហំ១១ម៉ែត្រគុណ៩ម៉ែត្រ ឆេះខូចខាតអស់៩០% ម៉ូតូ១គ្រឿង ឆេះខូចខាតអស់ ទាំងស្រុង និង ទ្រព្យសម្បត្តិ មួយចំនូននៅក្នុងផ្ទះ គិតជាទឹកប្រាក់អស់ប្រហែល៥០,០០០ ដុល្លារ។
ប្រភពព័ត៌មានបន្តថា៖មូលហេតុដែលបង្កអោយមាន អគ្គិភ័យកើតឡើងគីដោយសារ ឆ្លងចរន្តអគ្គិសនី។
ចំណែករថយន្ត បង្ការនិងពន្លត់អគ្គីភ័យ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿង និងរថយន្ត ពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង ចំនួន២គ្រឿង បាញ់ទឹកពន្លត់ ទប់ស្កាត់កុំអោយឆេះរាលដាល បន្តដល់អ្នកជិតខាង។
សូមបញ្ជាក់ថា៖គ្រោះអគ្គិភ័យ នៅចំណុច ខាងលើ មិនបង្កអោយមាន គ្រោះថ្នាក់ ដល់អាយុជីវិត មនុស្សឡើយ៕




