តើសមត្ថកិច្ចពាក់ព័ន្ធស្រុកជីក្រែងមានឆន្ទៈក្នុងការបង្ក្រាបវង់ល្បែងជល់មាន់និងអាប៉ោងពិតប្រាកដ ឬយ៉ាងណា? ឬបានត្រឹមតែបង្អើលដូចពាក្យពលរដ្ឋថាមែននោះ

admin By admin August 4, 2026

ខេត្តសៀមរាប៖ មហាជនបាននាំគ្នាឆ្ងល់ជាខ្លាំងថា តើក្រុមអ្នកលេងល្បែងជល់មាន់និងអាប៉ោង ហ៊ាននាំ ប្រមូលផ្ដុំគ្នាលេងបានដោយសេរី រាល់ថ្ងៃសុក្រ សៅរ៍ អាទិត្យ ក្នុងមួយសប្តាហ៍​លេងបីថ្ងៃ បានដោយរលូន ស្រែកហ៊ោកញ្ជ្រៀវលាន់រំពង ចំណែកមន្ត្រីអាជ្ញាធរពាក់ព័ន្ធ ក្នុងមូលដ្ឋាន ឆ្លើយថាមិនដឹង ខណៈដែលល្បែងស៊ីសងជល់មាន់និងអាប៉ោងមួយនេះបានកើតមាននៅក្នុងមូលដ្ឋានស្រុកជីក្រែងក្លាយទៅជាជំងឺរ៉ាំរ៉ៃទៅហើយនោះ។
កាលពីរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០២៦ បន្ទាប់ពីភ្នាក់ងារសារព័ត៌មានយើងទទួលព័ត៌មានបានពីប្រជាពលរដ្ឋថា មានល្បែងស៊ីសងជល់មាន់ និងអាប៉ោង បើកលេងក្នុងមួយសប្តាហ៍បីថ្ងៃ គិតចាប់ពីថ្ងៃសុក្រ សៅរ៍ អាទិត្យ លេងនៅចំណុចលើទួលមួយកន្លែង ក្បែរវត្តកណ្ដាល ស្ថិតនៅក្នុងភូមិបេង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប កំពុងបង្កផលប៉ះពាល់សន្តិសុខសង្គម ដល់ប្រជាពលរដ្ឋ ដែលរកស៊ីមុខរបរសុចរិត ព្រោះល្បែងស៊ីសងមួយនេះ ជាមុខរបរមិនស្របច្បាប់ឡើយ។

ហើយអ្វីដែលម្ចាស់ទីតាំងឈ្មោះ (សល់) បានអះអាងថា មានមនុស្ស៤ ទៅ  ៥នាក់ បានដាក់ភាគហ៊ុន ហើយមុននឹងលេង ក៏បានជម្រាបជូនអាជ្ញាធរបានជ្រាបហើយដែរ តែមិនបានបញ្ជាក់ថាអាជ្ញាធររូបណានោះទេ។
ក្រោយភ្នាក់ងារសារព័ត៌មានយើងបានចុះទៅដល់ទីតាំង នឹងបានរាយការណ៍ជូនលោកមេប៉ុស្តិ៍ឃុំជីក្រែង លោកចុះមកម្នាក់ឯងស្លៀកស៊ីវិល និងប្រជាការពារ២នាក់ បានដើរអើតមើលក្រុមអ្នកលេងល្បែងជល់មាន់និងអាប៉ោង ហើយពួកគេក៏បានរត់ប្រសេចប្រសាច ខ្ចាយទឹកព្រោង​ព្រាតពេញវាលស្រែ តើមានរឿងអ្វីឱ្យប្រាកដទៅបានជាមិនមានការបង្ក្រាប ឬក៏មិនដឹងថាត្រូវធ្វើយ៉ាងម៉េច? ឬក៏មិនមានកម្លាំងគ្រប់គ្រាន់សម្រាប់ធ្វើការចុះបង្ក្រាប?


ចំណែកកម្លាំងប៉ុស្តិ៍លោកបានបញ្ជាក់ថា នៅសង្វៀនជល់មាន់នោះ បង្ក្រាបបានម៉ូតូ៤គ្រឿងដែលក្រុមអ្នកលេងល្បែងរត់ចោល នឹងចាំឆ្លងយោបល់ និងបទបញ្ជារបស់មេសិន ថានឹងត្រូវចាត់ការយ៉ាងណាបន្តនោះ ចំណែកព័ត៌មានបន្ថែម ចង់ដឹងច្បាស់ទាក់ទងសួរមេចុះ ហើយចំពោះការចោទប្រកាន់ពីម្ចាស់ទីតាំងបើកល្បែងស៊ីសងជល់មាន់និងអាប៉ោងដែលប្រាប់ថាបានប្រាប់អាជ្ញាធរនោះ លោកមេប៉ុស្តិ៍ឃុំជីក្រែងបានបរិសេធថាមិនបានដឹងអីនោះទេ។

ក្នុងករណីនេះផងដែរ អង្គភាពយើងក៏បានសុំការបញ្ជាក់ពីលោកស្នងការរងនិងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តសៀមរាបខលតាមរយៈលេខទូរស័ព្ទ ០៦៦ ៤០៤ ៦៤៤ ខលចូលតែគ្មានអ្នកទទួល។

ជុំវិញការបើកល្បែងនេះក៏មានលេចធ្លាយអ្នកសារព័ត៌មានម្នាក់បានចេញមុខមកអះអាងថាខ្លួនមានភាគហ៊ុន៣ហ៊ុន នៅក្នុងវង់ល្បែងស៊ីសងខាងលើ ហើយក៏អះអាងថា យ៉ាងហោចគ្រាន់តែរត់ពីទីតាំងមួយកន្លែងប្ដូរទៅលេងទីតាំងមួយកន្លែងទៀតតែប៉ុណ្ណោះ លើសពីនោះអ្នកណាចង់ធ្វើអីធ្វើទៅ ហើយការលើកឡើងអ្នកកាសែតរូបនេះ អង្គភាពយើងនៅមិនទាន់ដឹងអត្តសញ្ញា​ណ​ច្បាស់ថា បុគ្គលរូបនេះមានឈ្មោះអី ហើយមកពីអង្គភាព​ណា​នៅឡើយទេ តែទោះជាយ៉ាង​ណាអង្គភាពយើងនឹងបន្តស្រាវជ្រាវដើម្បីរកអត្តសញ្ញាណអ្នកកាសែតរូបនេះ។ 

ពលរដ្ឋដែលរស់នៅក្បែរនោះបានសួរអ្នកព័ត៌មានទាំងអស់សំណើចថា តើពេលណាទើបអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ មកបោសសំអាតក្រុមអ្នកលេងល្បែងស៊ីសងជល់មាន់និងអាប៉ោងទាំងនេះឱ្យអស់ពីទឹកដីមូលដ្ឋានភូមិឃុំរបស់ពួកគាត់? ព្រោះកន្លងមកឃើញតែរត់ព្រោងព្រាតកាត់វាលស្រែខ្ទេចអស់ស្រូវពួកគាត់អស់ហើយ ឬក៏នៅតែឱ្យរត់ជាបន្តបន្ទាប់អញ្ចឹងទៅអី?

ករណីល្បែងស៊ីសងជល់មាន់និងអាប៉ោងខាងលើនេះអង្គភាពយើងនៅមិនទាន់បានទទួលរបាយការណ៍លម្អិតពីមន្ត្រីប៉ុស្តិ៍និងលោកអធិការស្រុកជីក្រែងបាននៅឡើយមកទល់ម៉ោងចេញផ្សាយនេះ តែទោះជាយ៉ាងណាពលរដ្ឋនៅតែទទួចស្នើសុំដល់លោកឧត្តមសេនីយ៍ទោ ហ៊ួត សុធី ស្នងការខេត្តសៀមរាប ចាត់វិធានការផងទានកុំទុកឱ្យពួកគាត់រត់កាត់វាលស្រែប្រជាពលរដ្ឋដដែលៗខ្ទេចស្រូវពួកគាត់អស់ហើយ។


អង្គភាពយើង និងរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ចក្នុងការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទនេះឱ្យមានប្រសិទ្ធភាព និងរង់ចាំការបកស្រាយពីគ្រប់ភាគីដែលពាក់ព័ន្ធគ្រប់ពេលម៉ោង​ធ្វើការ៕

Leave a Reply

Your email address will not be published. Required fields are marked *