ដើមឈើធំមួយដើមបាក់សង្កត់លើខ្សែភ្លើងនៅក្នុងខណ្ឌឫស្សីកែវ បណ្តាលឱ្យដាច់អគ្គិសនី និងស្ទះចរាចរណ៍

admin By admin August 3, 2026

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង នៅចំណុចភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បន្ទាប់ពីដើមចម្រៀកធំមួយដើមបានបាក់រលំសង្កត់លើខ្សែរអគ្គិសនី និងផ្ទះរបស់តារាកំប្លែង អ្នកនាង សំ ប៉ូលីដា បណ្តាលឱ្យដាច់ចរន្តអគ្គិសនីភ្លាមៗនៅក្នុងតំបន់នោះ និងបង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នេះ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ដើមឈើដែលបាក់រលំខាងលើនេះ គឺស្ថិតនៅក្នុងបរិវេណផ្ទះរបស់តារាកំប្លែងអ្នកនាង សំ ប៉ូលីដា ដោយសារដើមឈើនោះមានអាយុកាលចាស់ និងអាចមានភាពរលួយ ឬរងទម្ងន់ធ្ងន់ ទើបបណ្តាលឱ្យបាក់រលំទម្លាក់មែក និងដើមទៅលើខ្សែភ្លើងនៅមុខផ្ទះ ធ្វើឱ្យដាច់ចរន្តអគ្គិសនីភ្លាមៗតែម្តង។

ហេតុការណ៍នេះមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ការប្រើប្រាស់អគ្គិសនីរបស់ប្រជាពលរដ្ឋនៅជិតខាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបិទបាំង និងរាំងស្ទះផ្លូវធ្វើដំណើរ បង្កជាការកកស្ទះចរាចរណ៍ដល់យានយន្តគ្រប់ប្រភេទដែលកំពុងធ្វើដំណើរឆ្លងកាត់តំបន់នោះផងដែរ។

ភ្លាមៗបន្ទាប់ពីកើតហេតុ អាជ្ញាធរមូលដ្ឋាន រួមជាមួយសមត្ថកិច្ចមកសម្រួលចរាចរណ៍ និងភ្នាក់ងារជំនាញអគ្គិសនីបានចុះទៅដល់ទីតាំងកើតហេតុ និងបានបិតប្រព័ន្ធភ្លើងដើម្បីកុំឱ្យមានគ្រោះថ្នាក់ នឹងរង់ចាំខាងសាលាក្រុងដើម្បីកាត់ឆ្ការមែកឈើចេញពីផ្លូវ និងប្រញាប់ប្រញាល់ជួសជុលខ្សែរអគ្គិសនី ដើម្បីភ្ជាប់ចរន្តជូនប្រជាពលរដ្ឋឡើងវិញឱ្យបានឆាប់រហ័ស នៅក្នុងហេតុការណ៍នេះ មិនមានមនុស្សរងរបួស ឬគ្រោះថ្នាក់ដល់ជីវិតនោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *