សង្ស័យមានការដឹកជញ្ជូនឈើជន្លុងម្រេចដោយខុសច្បាប់ចេញពីស្រុកត្រពាំងប្រាសាទខុសប្រក្រតីឬយ៉ាងណាអាជ្ញាធរនិងសមត្ថកិច្ចឆ្លើយដាក់គ្នា
ខេត្តឧត្តរមានជ័យ៖ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២៦ រថយន្តដឹកជន្លុងម្រេចមួយគ្រឿង ម៉ាកវេអង (Aberg) ក្បាលពណ៌ស ទ្រុងទឹកប្រាក់ គ្របតង់ជិតពីលើខាងក្រោយពាក់ស្លាកលេខ កំពង់ចាម 4A-1497 ត្រូវបានគេប្រទះឃើញកំពុងធ្វើសកម្មភាពដឹកជញ្ជូនជន្លុងម្រេច ចេញពីចំណុចភូមិត្រាំប៉ោង ឃុំប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ការដឹកជញ្ជូនជន្លុងម្រេចចេញពីចំណុចភូមិត្រាំប៉ោង ឃុំប្រឡាយ ស្រុកត្រពាំងប្រាសាទនេះ ធ្លាប់ត្រូវបានសមត្ថកិច្ចស្ទាក់ចាប់ម្តងរួចមកហើយ នៅឯទឹកដីខេត្តព្រះវិហារ ខណៈពេលកំពុងដឹកឆ្លងកាត់ទីនោះដោយសំអាងថាមានឯកសារមួយសន្លឹកដែលចេញដោយ លោក ជុល សុផល និងលោកនាយផ្នែក ស៊ុ ស៊ីថា ដើម្បីប្រើប្រាស់ជាលិខិតបញ្ជាក់ ប៉ុន្តែនៅតែរងការស្ទាក់ចាប់ដោយសារតែភាពមិនប្រក្រតីនៃការដឹកជញ្ជូន។
អ្នកសារព័ត៌មានយើងបានចុះទៅយកការណ៍ផ្ទាល់ ហើយក៏បានប្រទះឃើញសកម្មភាពខាងលើសារជាថ្មី ខណៈដែលរថយន្តដឹកជន្លុងម្រេចនោះបានបើកបោះពួយចេញពីដែនដី ស្រុកត្រពាំងប្រាសាទ ហើយក៏បានទាក់ទងតាមទូរស័ព្ទទៅលោកអធិការនគរបាលស្រុកអន្លង់វែង ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ជួយពិនិត្យ និងសាកសួរ ប៉ុន្តែលោកអធិការបានបដិសេធ ដោយជំរុញឱ្យទៅសួរខាងជំនាញព្រៃឈើវិញ លុះដល់ពេលអ្នកសារព័ត៌មានបានទាក់ទងទៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខាងមន្ទីរបានឆ្លើយតបមកវិញថា “ពុំមានកម្លាំងសម្រាប់ចុះអន្តរាគមន៍ ឬពិនិត្យមើលនោះទេ”។
អ្វីដែលកាន់តែបង្កឱ្យមានការសង្ស័យខ្លាំងនោះ នៅតាមផ្លូវធ្វើដំណើរមានរថយន្ត Lexus GS 300 ពណ៌សពាក់ស្លាកលេខ 7282 មួយគ្រឿង បើកបរដោយបុគ្គលម្នាក់ដែលគេស្គាល់ឈ្មោះ នួន ហាក់ឡី (ជាអ្នករត់ឯកសារ) ហើយអង្គភាពយើងក៏បានសុំការបញ្ជាក់ពីលោកប្រធានមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យថា ឈ្មោះ នួន ហាក់ឡី ធ្លាប់ដើយកលុយគេ ហើយជាអ្នកកាងបទល្មើសថែមទៀត។
លោកបានបន្ថែមទៀតថា មិនដែលឃើញឈ្មោះ នួន ហាក់ឡី នោះតាំងតែពីឆ្នាំ២០២៥មករហូតដល់ឆ្នាំ២០២៦ មិនដែលយកកាតមកតម្កល់នៅមន្ទីរព័ត៌មានទេ ទោះមន្ទីរអញ្ជើញមកប្រជុំក៏មិនបានមកដែរ នេះបើតាមការបញ្ជាក់របស់ប្រធានមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ។
ជាក់ស្ដែងជនម្នាក់នេះបានបើកបរធ្វើសកម្មភាពស្ទាក់ និងកាក់ផ្លូវរថយន្តរបស់អ្នកសារព័ត៌មាន ហើយបុគ្គលរូបនេះបានព្យាយាមបង្ខំឱ្យរថយន្តអ្នកសារព័ត៌មានឈប់ ដើម្បីបើកឱកាសឱ្យរថយន្តធំដឹកជន្លុងម្រេចបើកគេចទៅមុខ ប៉ុន្តែដោយសារបារម្ភខ្លាចបាត់ដានរថយន្តធំនោះ ក្រុមអ្នកសារព័ត៌មានមិនបានឈប់ជួបឡើយ ហើយបានបន្តតាមដានរថយន្តធំនោះរហូតដល់ខេត្តបន្ទាយមានជ័យ។
រថយន្តដឹកជន្លុងម្រេចខាងលើនៅពេលធ្វើដំណើរមកដល់ដែនដីខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ស្ទាក់ចាប់ដើម្បីសួរនាំនិងពិនិត្យ ពេលនោះភាគីអ្នកកាន់ឯកសារបានអះអាងថា រថយន្តនេះដឹកជន្លុងម្រេចចេញពីក្រុមហ៊ុនមួយនៅឯក្រុងសំរោង ប៉ុន្តែនៅពេលអ្នកសារព័ត៌មានសុំមើលលិខិតបេសកកម្ម (ប៉េសេ) នោះ ភាគីពាក់ព័ន្ធបានបដិសេធមិនព្រមបង្ហាញឡើយ។
រីឯលោកនាយផ្នែករដ្ឋបាលព្រៃឈើលោកបានឆ្លើយតបថា “ពិតជាមានក្រុមហ៊ុននៅឯក្រុងសំរោងមែន ប៉ុន្តែចំពោះរឿងដឹកជញ្ជូនជន្លុងម្រេចចេញពីភូមិត្រាំប៉ោង ឃុំប្រឡាយ ស្រុកត្រពាំងប្រាសាទនោះ លោកពុំបានដឹងឡើយ” ហើយនៅពេលសុំការបញ្ជាក់ពីឈ្មោះក្រុមហ៊ុន ស្រាប់តែលោកឆ្លើយថា “កំពុងជាប់រវល់” រួចក៏មិនបានបកស្រាយអ្វីបន្ថែមទៀតដែរ។
មហាជន និងប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ការអះអាងរបស់អ្នកកាន់ឯកសារនេះ ហាក់ដូចជាមិនសមហេតុផលសោះ ព្រោះប្រសិនបើទំនិញដឹកចេញពីក្រុមហ៊ុននៅក្រុងសំរោងមែននោះ ក្រុងសំរោងស្ថិតនៅជិតខេត្តបន្ទាយមានជ័យស្រាប់ទៅហើយ ហេតុអ្វីបានជាត្រូវដឹកជន្លុងម្រេចយកទៅដល់ស្រុកត្រពាំងប្រាសាទ រួចទើបដឹកត្រឡប់មកផ្លូវដើមឆ្ពោះទៅខេត្តបន្ទាយមានជ័យវិញ? ហេតុផលនៃការធ្វើដំណើរចុះឡើងបែបនេះ គឺមិនសមទាល់តែសោះ ឬ គ្រាន់តែជាល្បិចកលនៃការប្រើប្រាស់ឈ្មោះក្រុមហ៊ុននៅក្រុងសំរោង ធ្វើជាខែលបិទបាំងដើម្បីលួចដឹកជន្លុងម្រេចចេញពីដែនដីស្រុកត្រពាំងប្រាសាទប៉ុណ្ណោះទេ។
ក្រុមអ្នកសារព័ត៌មានយើងខ្ញុំនឹងរង់ចាំមើលការបកស្រាយឱ្យច្បាស់លាស់ពីសំណាក់អាជ្ញាធរពាក់ព័ន្ធ ជុំវិញភាពមិនប្រក្រតីនៃការទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងតំបន់នេះ ហើយរង់ចាំការបកស្រាយបំភ្លឺបន្ថែមពីគ្រប់ភាគីដែលពាក់ព័ន្ធគ្រប់ពេល និងម៉ោងធ្វើការ៕





