មាសសុទ្ធមិនខ្លាចភ្លើង! ការកាប់ទន្ទ្រានយកដីព្រៃរដ្ឋរាប់រយហិកតាធ្វើជាកសិដ្ឋានផ្ទាល់ខ្លួនដែលគ្មានឈ្មោះនៅក្នុងស្រុកគូលែនខេត្តព្រះវិហារ

admin By admin July 25, 2026

​ខេត្តព្រះវិហារ៖ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ អំពើទន្ទ្រាន និងរំលោភយកដីព្រៃរបស់រដ្ឋរាប់រយហិកតា ត្រូវបានគេប្រទះឃើញកំពុងកើតឡើងយ៉ាងសកម្មស្ថិតនៅចំណុច ព្រៃពើក ភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ដែលបានបង្កើតជា​កសិដ្ឋានគ្មានឈ្មោះ​មួយកន្លែង ហើយកំពង់តែប្រើប្រាស់គ្រឿងចក្រធន់ធ្ងន់ៗ ជា ច្រើនគ្រឿងដើម្បីឈូសឆាយទន្ទ្រាន​យក​ដីរដ្ឋ​ខាងលើនេះ។

​តាមការចុះពិនិត្យ និងអង្កេតផ្ទាល់ពីសំណាក់ក្រុមនាយដែនជម្រកសត្វព្រៃមន្ទីរបរិស្ថាន​ លោក នង វុទ្ធធា ក្រុមប្រឹក្សាឃុំចំនួនពីរូប លោក ហុក ហៀង លោក ឆាន ឆាត នាយរងប៉ុស្តី លោក សំ ឌឿន និងអ្នកសារព័ត៌មានជាច្រើនអង្គភាព នៅទីតាំងកើតហេតុបានឱ្យដឹងថា កសិដ្ឋានគ្មានឈ្មោះខាងលើ បាននិងកំពុងដំណើរការសកម្មភាពកាយ និងឈូសឆាយដីយ៉ាងអនាធិបតេយ្យ និងមានគ្រឿងចក្រចម្រុះជាច្រើនរួមមាន គ្រឿងចក្រជីកដី អេស្កាវ៉ាទរ័ចំនួន២ គ្រឿង​ រ៉េវេលរ័១គ្រឿង ឡានដឹកដីចំនួន៣គឿង និងត្រាក់ទរ័៥គឿង បានឈូសឆាយ និងកែសម្រួលដី ហើយក៏កំពង់តែកាយដីធ្វើជាទំនប់ធំៗ ដើម្បីគ្របដណ្ដប់ និងទន្ទ្រានកាន់កាប់យកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនផងដែរ។

​ក្រុមអ្នកសារព័ត៌មានបានទាក់ទង នឹងរាយការណ៍ជូនលោកអភិបាលស្រុកគូលែន ដើម្បីសុំការបកស្រាយ តែលោកអភិបាលស្រុកបានឆ្លើយតបថា សកម្មភាពនៅលើទីតាំងនោះ គឺបានកើតឡើងតាំងពីមុនពេលលោកចូលកាន់តំណែងមកម្ល៉េះ ហើយដីទាំងអស់នោះស្ទើរតែទាំង​ស្រុងទៅហើយគឺស្ថិតនៅក្នុងដែនជម្រកសត្វព្រៃរបស់ដែនបរិស្ថាន។

​កម្លាំងសមត្ថកិច្ចដែនជម្រកសត្វព្រៃ (មន្ត្រីបរិស្ថាន) ដោយមានការចូលរួមពីអាជ្ញាធរភូមិ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការសាកសួរ និងសុំពិនិត្យលិខិតកាន់កាប់ និង​លិខិតស្នាមផ្សេងៗ តែនៅពេលសមត្ថកិច្ចសួរនាំ ភាគីតំណាងម្ចាស់ដីឈ្មោះ ម៉ុង សាវុទ្ធ ដែលមានទីលំនៅនៅខេត្តសៀមរាបបានអះអាងថា ខ្លួនមានប្លង់ដី ប៉ុន្តែប្លង់នោះស្ថិតនៅក្នុងទូរស័ព្ទដៃ និងមួយផ្នែកទៀតបានតម្កល់ទុកនៅឯសាលាឃុំ ដោយដីដែលកំពុងកាន់កាប់ និងធ្វើសកម្មភាពនោះ មានទំហំរហូតដល់ទៅប្រមាណពី៤០០ ទៅ៥០០ ហិកតា។

​មហាជន និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានកំពុងរង់ចាំមើលថា តើអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញបរិស្ថាន មានវិធានការចាត់ការតាមផ្លូវច្បាប់យ៉ាងណា? ចំពោះសកម្មភាពយកគ្រឿង​ចក្រមកធ្វើទំនប់ និងទន្ទ្រានយកដីព្រៃរបស់រដ្ឋរាប់រយហិកតានេះ ខណៈដែលការអះ​អាងពីប្លង់ដីនៅក្នុងទូរស័ព្ទនោះ នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការពីក្រសួង ឬស្ថាប័នពាក់ព័ន្ធនៅឡើយទេ។

ពួកគាត់បានបន្ថែមថា ការឈូសឆាយហ៊ុំព័ទ្ធដីព្រៃ ស្ទើរតែយកភ្នំទាំងមូលដែលជាដីសម្បត្តិ​របស់រដ្ឋយកមកកាន់កាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងបានប្រើគ្រឿងចក្រធ្ងន់ៗជាច្រើនឈូស​ឆាយ​ទន្ទ្រានយកដីបែបនេះទៅហើយ គ្រាន់​តែមាន​លិខិតកាន់​កាប់​តែ​ក្នុងទូរស័ព្ទបែបនេះ បុគ្គលឈ្មោះ ម៉ុង សាវុទ្ធ នេះប្រហែលជាអ្នកពូកែប្រើប្រាស់ខាងផ្នែកបច្ចេកវិទ្យាពូកែហើយមើលទៅ បានជាគ្រាន់តែលិខិតបញ្ជាក់កាន់កាប់និងប្រើប្រាស់ដីពិតប្រាកដមិនហ៊ានយកចេញមក​បង្ហាញ​សមត្ថកិច្ចបែបនេះ។

អង្គភាព​សារព័ត៌មានយើងខ្ញុំនឹងរង់ចាំមើលចំណាត់ការ​របស់អាជ្ញាធរ ហើយក៏រង់ចាំការបក​ស្រាយបំភ្លឺបន្ថែមពីគ្រប់ភាគីដែលពាក់ព័ន្ធ​គ្រប់​ពេលនឹងម៉ោងធ្វើការ៕

Leave a Reply

Your email address will not be published. Required fields are marked *