ទោះបីរាជរដ្ឋាភិបាលកំពុងទប់ស្កាត់យ៉ាងណាបទ ល្មើសព្រៃឈើនៅតែសម្រុកដឹកយ៉ាងអនាធិបតេយ្យ! តើជនម្នាក់នេះអាងខ្នងអាងខ្សែ អ្នកធំឬយ៉ាងណាហ៊ានតដៃ និងរើសឈើទម្លាក់មុខសមត្ថកិច្ច និងរដ្ឋបាលព្រៃឈើ យ៉ាងក្រអឺតក្រទម?
ខេត្តព្រះវិហារ៖ ក្រោយមានការរាយការណ៍ និងសហការយ៉ាងទាន់ពេលវេលាពីប្រជាពលរដ្ឋ រហូតដល់កម្លាំងសមត្ថកិច្ចជំនាញចុះមកអន្តរាគមន៍ទប់ស្កាត់ភ្លាមៗយ៉ាងណាក៏ដោយ ក៏ជនល្មើសបំផ្លាញធនធានធម្មជាតិនៅតែបង្ហាញភាពកំរោល មើលងាយច្បាប់ និងសមត្ថកិច្ចយ៉ាងព្រហើន ដែលជាសញ្ញាបង្ហាញយ៉ាងច្បាស់ថា ជនល្មើសរូបនេះប្រហែលជាមាន «ខ្នងបង្អែក» ឬអាងអំណាចបុគ្គលអ្នកធំណាមួយនៅពីក្រោយខ្នងឬយ៉ាងណា? បានជាហ៊ានក្រអឺតក្រទមមុខសមត្ថកិច្ចដូច្នេះ
ការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើដ៏ក្តៅគគុកនេះ បានកើតឡើងនៅថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២៦ ដោយមានកិច្ចសហការពីកម្លាំងជំនាញដឹកនាំដោយលោក នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ រួមជាមួយកម្លាំង អធិការដ្ឋាននគរបាលក្រុងព្រះវិហារ និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រមទាំងមានការសម្របសម្រួលនីតិវិធីផ្ទាល់ពីលោក ស្រេង វិទ្យា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនសង្ស័យដែលដឹកជញ្ជូនឈើខុសច្បាប់យ៉ាងសកម្មនេះ មានឈ្មោះ ថាន់ ថាន់ឌីណា។ ជនរូបនេះបានប្រើប្រាស់មធ្យោបាយធ្វើសកម្មភាពជាប្រភេទរថយន្ត សាំយ៉ុង (SsangYong) ក្បាលពណ៌លឿង គ្មានផ្លាកលេខ និងត្រូវបានកែច្នៃទ្រុងខាងក្រោយយ៉ាងខុសបច្ចេកទេស ដើម្បីផ្ទុកឈើខុសច្បាប់។
អ្វីដែលធ្វើឲ្យមហាជន និងសមត្ថកិច្ចមានការហួសចិត្តយ៉ាងខ្លាំងនោះគឺ នៅពេលដែលកម្លាំងសមត្ថកិច្ចចម្រុះ រួមទាំងមន្ត្រីរដ្ឋបាលព្រៃឈើ បានចុះមកដល់ទីតាំងដើម្បីហាមឃាត់ និងទប់ស្កាត់កុំឲ្យមានការទម្លាក់ឈើ ជនល្មើសឈ្មោះ ថាន់ ថាន់ឌីណា បែរជាមិនព្រមស្តាប់ ឬក្រែងរអែងសមត្ថកិច្ចឡើយ។ ជនរូបនេះបានបោះពាក្យសម្តីឌឺដង រើសឈើទម្លាក់ពីលើឡានយ៉ាងរំភើយ រួចបើករថយន្តចូលទៅក្នុងផ្ទះថែមទៀត។ មិនតែប៉ុណ្ណោះ ជនល្មើសថែមទាំងបានបង្ហាញកាយវិការច្រងេងច្រងាង ហ៊ានតដៃប្រតប់ និងបើករថយន្តថយក្រោយក្នុងបំណងបុកសមត្ថកិច្ច និងរថយន្តជំនាញ ដើម្បីបើកផ្លូវគេចខ្លួនទៀតផង។
សកម្មភាពព្រហើនមើលងាយច្បាប់ និងមិនកោតខ្លាចសមត្ថកិច្ចរដ្ឋបាលព្រៃឈើបែបនេះ ត្រូវបានប្រជាពលរដ្ឋសង្ស័យថា បើគ្មានអ្នកធំកាងពីក្រោយ ឬគ្មានខ្នងបង្អែករឹងមាំទេ ជនល្មើសរូបនេះពិតជាមិនហ៊ានសម្តែងឫទ្ធិ និងធ្វើសកម្មភាពទម្លាក់ឈើទាំងបំពានបែបនេះឡើយ!
ប្រជាពលរដ្ឋ និងមហាជនក្នុងខេត្តព្រះវិហារ កំពុងរង់ចាំមើលយ៉ាងយកចិត្តទុកដាក់ ចំពោះនីតិវិធីបន្តពីសំណាក់ស្ថាប័នអយ្យការ និងតុលាការខេត្តព្រះវិហារ ក្នុងការចាត់វិធានការច្បាប់ឲ្យបានធ្ងន់ធ្ងរ និងម៉ឺងម៉ាត់បំផុតទៅលើជនល្មើសឈ្មោះ ថាន់ ថាន់ឌីណា ព្រមទាំងស្វែងរកបុគ្គលនៅពីក្រោយខ្នង យកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន ដើម្បីកុំឲ្យជនល្មើសរូបនេះយកច្បាប់ និងសមត្ថកិច្ចមក
ធ្វើជាល្បែងសើចចំអកតទៅទៀត។
អង្គភាពយើងនិងរង់ចាំឃ្លាំមើលជាបន្តទៅទៀតនិងសូមសហការជាមួយក្រសួងមានសមត្ថកិច្ចគ្រប់លំដាប់ជាន់ថ្នាក់ដើម្បីរាយការណ៍ជូនកម្លាំងជំនាញតទៅទៀតគ្រប់ពេលម៉ោងធ្វើការ។



