តើបិទបាំងជិតទេ រដ្ឋបាលឃុំក្រង់តេះ ចេញសេចក្តីបំភ្លឺបដិសេធ ខណៈរូបភាព និងវីដេអូភស្តុតាងមានពេញដៃមហាជន

admin By admin July 24, 2026

មណ្ឌលគិរី៖ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលឃុំ​ក្រង់តេះ បានចេញសេចក្តីបំភ្លឺព័ត៌មានបដិសេធ​ចំពោះការចុះផ្សាយរបស់ផេក K.E.S TV News ដែលបានចុះផ្សាយកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ទាំងស្រុងដោយអះអាងថា​ការចុះផ្សាយរបស់សារព័ត៌មានយើង​ខ្ញុំមិនមានមូលដ្ឋានច្បាស់លាស់។

យោងតាមសេចក្តីបំភ្លឺព័ត៌មាន​ថា ដំណើរការដេញថ្លៃនេះ គឺបានអនុវត្តយ៉ាងខ្ជាប់​ខ្ជួន​តាម​នីតិ​វិធី​ច្បាប់ និងបទដ្ឋាន​បចេ្ចកទេសដោយ​មាន​ជ្រោម​ជ្រែង និងត្រួតពិនិត្យផ្ទាល់​ពី​គណៈកម្មការលទ្ធកម្ម​របស់​ឃុំ ការិយាល័យគាំទ្រឃុំ នៃរដ្ឋស្រុកពេជ្រាដា ព្រមទាំង​ទីចាត់​ការផែនការ និងវិនិយោគ​សលា​ខេត្តមណ្ឌលគិរី យ៉ាងត្រឹមត្រូវច្បាស់​លាស់​ និង​មានតម្លាភាព​បំផុត។ដោយ​យោងតាមរូបភាព និងវីដេអូសកម្មភាពនៅថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០២៦ បានដាក់​ឱ្យ​ដេញ​ថ្លៃគម្រោងផ្លូវបេតុងមួយអាមេ ប្រវែង៥០០ម៉ែត្រ ទទឹង៦ម៉ែត្រ និងកម្រាស់១,៥តឹក(មួយតឹកន្លះ) នៅសាលាឃុំក្រង់តេះ ស្រុកពេជ្រជ្រាដា ខេត្តមណ្ឌលគិរី ដែលបង្ហាញយ៉ាងច្បាស់ៗពី​សកម្មភាព «ដកហូតឯកសារ» ទាំងបង្ខំពីដៃតំណាងក្រុមហ៊ុនដេញថ្លៃ។គួរបញ្ជាក់ថា គម្រោងផ្លូវបេតុងមួយអាមេ ប្រវែង៥០០ម៉ែត្រ ទទឹង៦ម៉ែត្រ និងកម្រាស់១,៥តឹក(មួយតឹកន្លះ) នេះមានតម្លៃប៉ាន់ស្មាន ៣១៨.២៦១,៥៧៩ រៀល (បីរយ១៨លាន ពីរសានប្រាំមួយម៉ឺន មួយពាន់ប្រាំរយចិតសិបប្រាំបួនរៀល) ប៉ុន្តែហេតុអ្វី​បានជាដេញថ្លៃឈ្នះ​ត្រឹម​តែ​តម្លៃ ៣១៤.០០០,០០០រៀល (បីរយដប់បួនលានរៀល)ទៅវិញ? គឺទាបជាងតម្លៃប៉ាន់ស្មាន និងទាប​ជាងក្រុមហ៊ុនដែលបានចូលរួមដេញថ្លៃដទៃទៀត។

នៅក្នុងវីដេអូ និងរូបភាពដែលបានចែកចាយតៗគ្នា មហាជនមើលឃើញយ៉ាងច្បាស់ពីទិដ្ឋភាពនៃការប្រកែកតវ៉ា និងសកម្មភាពដណ្តើម ឬដកហូតយកកញ្ចប់ឯកសារដេញថ្លៃពណ៌ត្នោត ពីដៃស្ត្រីម្នាក់ដែលជាតំណាងក្រុមហ៊ុនមកចូលរួមដេញថ្លៃ ហើយ​សកម្មភាពនេះធ្វើឡើងនៅ ចំពោះមុខមន្ត្រីនគរបាល និងគណៈកម្មការឃុំ ដែលផ្ទុយស្រឡះពីពាក្យថា «មានតម្លាភាព ត្រឹមត្រូវ និងស្មើភាព» ដូចដែលមានចែងក្នុងលិខិតបំភ្លឺរបស់ឃុំ។

ការបំភ្លឺមិនចំចំណុចស្នូលនៃភាពមិនប្រក្រតី សេចក្តីបំភ្លឺរបស់រដ្ឋបាលឃុំក្រង់តេះ បានត្រឹមតែរៀបរាប់ពីនីតិវិធីរដ្ឋបាល ឈ្មោះក្រុមហ៊ុនទាំង៤ ដែលបានចូលរួម និងទឹកប្រាក់ដែលក្រុមហ៊ុន ខូវ ម៉េង» ដេញថ្លៃឈ្នះតែប៉ុណ្ណោះ ប៉ុន្តែ អាជ្ញាធរឃុំមិនបានបកស្រាយ ឬពន្យល់ទាល់តែសោះថា តើហេតុអ្វីបានជាមានសកម្មភាពប្រទាញប្រទង់ដកហូតឯកសារដូចដែលបានបង្ហាញនៅក្នុងវីដេអូ? តើការដកហូតនោះធ្វើឡើងក្នុងគោលបំណងអ្វី? ចំណុចអនាធិបតេយ្យ និងការគំរាមកំហែងផ្នែកស្មារតីនៅក្នុងបន្ទប់ដេញថ្លៃ ត្រូវបានឃុំរំលងចោលទាំងស្រុងឬយ៉ាងណា?


ការបាត់បង់ទំនុកចិត្តលើការដេញថ្លៃមូលនិធិឃុំសង្កាត់ មហាជន និងអ្នកតាមដានសង្គមបានលើកឡើងថា ប្រសិនបើដំណើរការដេញថ្លៃពិតជាស្អាតស្អំ មូលហេតុអ្វីត្រូវខ្លាចញញើតនឹងការផ្សព្វផ្សាយរបស់សារព័ត៌មាន? រូបភាពមួយសន្លឹក និងវីដេអូមួយខ្សែ មានតម្លៃស្មើនឹងពាក្យរាប់ម៉ឺនម៉ាត់ ការបដិសេធដោយគ្មានមូលដ្ឋានតតាំងនឹងភស្តុតាងជាក់ស្តែង បែរជាធ្វើឱ្យរដ្ឋបាលឃុំរងការរិះគន់កាន់តែខ្លាំងពីបទ «ព្យាយាមលាក់បាំងការពិត» តើអាចពាក់ព័ន្ធនឹងអំពើពុលរលួយ ជាប្រព័ន្ធដែរឬយ៉ាងណា?

អង្គភាព​សារព័ត៌មាន​ខ្មែរឦសាន​យើងខ្ញុំ​រង់​ចាំមើលការបកស្រាយបំភ្លឺបន្ថែមពីគ្រប់​ភាគី​ដែល​ពាក់ព័ន្ធគ្រប់ពេលនិងម៉ោងធ្វើការ៕

Leave a Reply

Your email address will not be published. Required fields are marked *