គម្រោងដេញថ្លៃនៅឃុំក្រង់តេះ ស្រុកពេជ្រជ្រាដា ខេត្តមណ្ឌលគិរី ត្រូវបានក្រុមហ៊ុន ខូវ ម៉េងឈ្នះក្នុងតម្លៃ៣១៤000000លានរៀល ហាក់ដូចជាមិនប្រក្រតី មានការសង្ស័យពីមហាជន

admin By admin July 16, 2026

ខេត្តមណ្ឌលគិរី៖ ដំណើរការដេញថ្លៃគម្រោងអភិវឌ្ឍន៍មូលដ្ឋាននៅក្នុងឃុំក្រង់តេះ ស្រុកពេជ្រជ្រាដា ខេត្តមណ្ឌលគិរី កំពុងតែរងការរិះគន់យ៉ាងខ្លាំង និងបង្កើតជាមន្ទិលសង្ស័យពីគ្រប់មជ្ឈដ្ឋានជុំវិញ បន្ទាប់ពីបែកធ្លាយព័ត៌មានមិនប្រក្រតី នៅក្នុងការប្រកួតប្រជែងតម្លៃ ដែលមើលទៅហាក់បីដូចជាមានការរៀបចំទុកជាមុន។

បើយោងតាមប្រភពព័ត៌មានពីផ្ទៃក្នុងបានឱ្យដឹងថា នៅក្នុងការបើកកញ្ចប់សំណើដេញថ្លៃនាពេលថ្មីៗនេះ ក្រុមហ៊ុន ខូវ ម៉េង ត្រូវបានប្រកាសថាជាអ្នកឈ្នះនៅក្នុងគម្រោងអភិវឌ្ឍន៍ខាងលើ ក្នុងទំហំទឹកប្រាក់សរុប ៣១៤,០០០,០០០រៀល (បីរយដប់បួនលានរៀល) តែទោះជាយ៉ាងណាក៏ដោយ លទ្ធផលនេះបានបង្កឱ្យមានការមិនពេញចិត្ត និងការជជែកដេញដោលយ៉ាងក្តៅគគុកពីសំណាក់អ្នកចូលរួមដេញថ្លៃដ៏ទៃទៀត ក៏ដូចជាប្រជាពលរដ្ឋដែលតាមដានរឿងនេះ។

ប្រភពដដែលបានបង្ហើបថា ដំណើរការនៃការដេញថ្លៃនេះ ហាក់បីដូចមានសញ្ញាណបំពានលើគោលការណ៍លទ្ធកម្ម សាធារណៈ ដោយមានការសង្ស័យថា អាចមានការគុបឃិតគ្នា ឬការលាក់បាំងព័ត៌មានតម្លៃ ដើម្បីបើកផ្លូវ ឱ្យក្រុមហ៊ុនខាងលើទទួលបានគម្រោងនេះយ៉ាងងាយស្រួល សកម្មភាពបែបនេះមិនត្រឹមតែបំផ្លាញឱកាសប្រកួតប្រជែងដោយស្មើរភាព និងតម្លាភាពរវាងក្រុមហ៊ុនឯកជនប៉ុណ្ណោះទេ ប៉ុន្តែវាធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់គុណភាពសំណង់ ឬការអភិវឌ្ឍន៍ដោយគ្មានគុណភាព នៅក្នុងឃុំក្រុងតេស្តផ្ទាល់ផងដែរ ប្រសិនបើការជ្រើសរើសមិនបានធ្វើឡើងតាមបច្ចេកទេស និងតម្លៃសមស្របពិតប្រាកដ។

ពាក់ព័ន្ធនឹងករណីនេះ ប្រជាពលរដ្ឋ និងអ្នកដេញថ្លៃផ្សេងទៀត បានអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរខេត្តមណ្ឌលគិរី ជាពិសេសគណៈកម្មការលទ្ធកម្មថ្នាក់លើ និងអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាចុះធ្វើការស៊ើបអង្កេតឱ្យបានស៊ីជម្រៅផងទាន និងពិនិត្យឡើងវិញនូវរាល់ឯកសារដេញថ្លៃរបស់ក្រុមហ៊ុន ខូវ ម៉េង ឱ្យបានច្បាស់លាស់ ដើម្បីធានាបាននូវភាពស្អាតស្អំ តម្លាភាព និងការពារផលប្រយោជន៍និងកញ្ចប់ថវិការបស់រដ្ឋ ក៏ដូចជាផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

អង្គភាពសារព័ត៌មានយើង មិនទាន់អាចសុំការបញ្ជាក់ពីគ្រប់ភាគី តំណាងក្រុមហ៊ុន ខូវ ម៉េង ឬអាជ្ញាធរឃុំក្រុងតេស្តបាននៅឡើយទេ ជុំវិញការចោទប្រកាន់ខាងលើនេះ អង្គភាពយើងនឹងបន្តតាមដាន ការបកស្រាយពីគ្រប់ជំនាញភាគីដែលពាក់ព័ន្ធជាបន្តទៅទៀតគ្រប់ពេលម៉ោងធ្វើការ និងផ្សាយជូនព័ត៌មានថ្មីៗបន្ថែមទៀតសូមអរគុណ៕

Leave a Reply

Your email address will not be published. Required fields are marked *