សំណង់ភូមិគ្រឹះដ៏ស្កឹមស្កៃសាងសង់រំលោភលើដីចំណីទន្លេនៅខណ្ឌច្បារអំពៅ តើជាសំណង់ របស់ពលរដ្ឋធម្មតា ឬរបស់អ្នកមានលុយមានអំណាច?
ភ្នំពេញ៖ ប្រជាពលរដ្ឋ និងមហាជននៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កំពុងសម្ដែងការងឿងឆ្ងល់ និងការហួសចិត្តយ៉ាងខ្លាំង ចំពោះសំណង់ភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយកន្លែង ដែលកំពុងសាងសង់យ៉ាងសកម្មនៅលើដីចំណីទន្លេ ដោយមិនមានការរំខានពីមន្ត្រីជំនាញចុះមកអនុវត្តច្បាប់ត្រឹមត្រូវ។
ប្រជាពលរដ្ឋដែលរស់នៅភូមិតាព្រហ្មបានលើកឡើងថា ការសាងសង់សំណង់រឹងមាំលើដីចំណីទន្លេបែបនេះ គឺជារឿងដែលមិនអាចទៅរួចទេសម្រាប់ពលរដ្ឋសាមញ្ញ ដែលនេះជាសក្ខីភាពបង្ហាញថា ទាល់តែមានអំណាច និងលុយក្រាស់ទើបអាចមានសិទ្ធិសាងសង់សំណង់ដ៏ស្កឹមស្កៃនិងរឹងមាំបែបនេះបាន។
ក្នុងនាមជាអ្នកសារព័ត៌មានដែលគោរពវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ យើងខ្ញុំសូមលើកឡើងនូវមូលដ្ឋានផ្លូវច្បាប់ជាធរមាន ដើម្បីឱ្យគ្រប់ភាគីជ្រាបថា ច្បាប់មិនមែនសម្រាប់តែអ្នកតូចទាបឡើយ៖
១. យោងតាមច្បាប់ស្តីពីសំណង់៖
មាត្រា ២៦៖ ការសាងសង់សំណង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច គឺជាទង្វើខុសច្បាប់។
មាត្រា ៣៨៖ ការបើកការដ្ឋានសាងសង់ដោយពុំមានលិខិតអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច គឺជាបទល្មើសដែលត្រូវទទួលទោសតាមផ្លូវច្បាប់។
២. យោងតាមអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់៖
មាត្រា ៨៖ បានកំណត់យ៉ាងច្បាស់អំពីកាតព្វកិច្ចនៃការស្នើសុំលិខិតអនុញ្ញាតសាងសង់ជាចាំបាច់។
មាត្រា ៣៧៖ ការបើកការដ្ឋានសាងសង់ដោយគ្មានលិខិតអនុញ្ញាត គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើបទប្បញ្ញត្តិរដ្ឋបាលសំណង់។
៣. យោងតាមអនុក្រឹត្យលេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងអាងទន្លេ៖
មាត្រា ៨៖ បានកំណត់អំពីការហាមឃាត់ដាច់ខាតចំពោះការសាងសង់រំលោភលើដីចំណីអូរ និងតំបន់ការពារទឹក ដែលគ្រប់សកម្មភាពទាំងអស់ត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់ស្ថាប័នជំនាញ ដើម្បីធានាដល់និរន្តរភាពនៃធនធានទឹក។
ដោយយោងលើមូលដ្ឋានច្បាប់ខាងលើ យើងខ្ញុំសូមគោរពស្នើសុំដល់ឯកឧត្តមថ្នាក់ដឹកនាំ និងស្ថាប័នពាក់ព័ន្ធ៖
ឯកឧត្តម សាយ សំអាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៖ សូមមេត្តាពិនិត្យការអនុវត្តច្បាប់សំណង់ និងលិខិតអនុញ្ញាតសាងសង់។
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម៖ សូមមេត្តាពិនិត្យករណីរំលោភលើដីចំណីទន្លេ/អូរ ស្របតាមអនុក្រឹត្យលេខ ៩៨។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ៖ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់។
មន្ទីររៀបចំដែនដី រាជធានីភ្នំពេញ និង លោក ម៉ៅ ម៉ាណិត អភិបាលខណ្ឌច្បារអំពៅ៖ សូមមេត្តាពិនិត្យ និងអន្តរាគមន៍ជាបន្ទាន់ ដើម្បីការពារទ្រព្យសម្បត្តិសាធារណៈ។
យើងខ្ញុំសូមបញ្ជាក់ជូនថា ការលើកឡើងនេះ គឺធ្វើឡើងក្នុងនាម «កញ្ចក់ឆ្លុះបញ្ចាំង» ក្នុងន័យស្ថាបនា ដើម្បីការពារនីតិរដ្ឋ និងផលប្រយោជន៍ជាតិ មិនមានចេតនាញុះញង់ ឬវាយប្រហារទៅលើបុគ្គលណាមួយឡើយ។ យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា ការអនុវត្តច្បាប់ដោយស្មើភាពនឹងធ្វើឱ្យសង្គមជាតិមានសណ្តាប់ធ្នាប់ និងយុត្តិធម៌។ យើងខ្ញុំនឹងរង់ចាំទទួលការបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីឆ្លុះបញ្ចាំងការពិតជូនសាធារណជនជាបន្តទៀត។






