បុរសខ្សោយសតិប្បញ្ញាជាពលរដ្ឋក្រីក្រម្នាក់នៅខេត្តកំពត ត្រូវបានបងស្រីបង្កើត និងអាជ្ញាធរ «ឃុបឃិតគ្នា» បង្ខំឱ្យផ្តិតមេដៃកាត់ដីកេរមរតក

admin By admin July 11, 2026

ខេត្តកំពត៖ ករណីវិវាទដីធ្លីក្នុងរង្វង់គ្រួសារមួយកំពុងរងការរិះគន់យ៉ាងខ្លាំងពីមហាជន បន្ទាប់ពីលេចធ្លាយព័ត៌មាននៃការរំលោភបំពានសិទ្ធិលើជនងាយរងគ្រោះដែលមានបញ្ហាសុខភាពផ្លូវចិត្ត និងមានជីវភាពខ្សត់ខ្សោយ រហូតឈានដល់ការអំពាវនាវរកកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំខេត្ត។

យោងតាមការរៀបរាប់ទាំងទឹកភ្នែក និងក្តីបារម្ភពី លោក ណាប់ ហ៊ុយសាន់ ដែលជាពលរដ្ឋខ្មែរឥស្លាម រស់នៅភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត បានអះអាងថា រូបលោកដែលជាបុគ្គលមានសតិមិនគ្រប់លក្ខណៈ (ខ្សោយសតិប្បញ្ញា) កំពុងរងការគាបសង្កត់យ៉ាងធ្ងន់ធ្ងរពីសំណាក់បងស្រីបង្កើត ដោយបង្ខំឱ្យរូបលោកផ្តិតមេដៃលើលិខិតសន្យាប្រគល់ប្រាក់ចំនួន ១០,០០០ ដុល្លារអាមេរិក ជាថ្នូរនឹងការទទួលបានដីផ្ទះកេរមរតកដែលម្តាយរបស់លោកបានបន្សល់ទុកឱ្យ តែបើលោកចង់បានជាប្រាក់១០,០០០ដុល្លាអាមេរិកវិញ ពួកគេមិនព្រមឱ្យមកគាត់ទេ។

លោក ណាប់ ហ៊ុយសាន់ បានរៀបរាប់បន្តថា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ មានការរៀបចំកិច្ចសម្របសម្រួលដោះស្រាយទំនាស់មួយនៅសាលាស្រុកទឹកឈូ ដោយមានការចូលរួមពី លោកមេភូមិ ក្រុមប្រឹក្សាឃុំ បងស្រី និងបងប្រុសរបស់លោក រួមទាំងមន្ត្រីធ្វើកំណត់ហេតុរបស់ស្រុកម្នាក់ផងដែរ។

លោកបានសង្កត់ធ្ងន់ថា កិច្ចសម្របសម្រួលនោះមានភាពមិនប្រក្រតីយ៉ាងខ្លាំង ដោយសារតែអាជ្ញាធរមិនអនុញ្ញាតឱ្យសាក្សីខាងលោកចូលរួមដឹងឮឡើយ ពោលគឺមានតែភាគីខាងបងស្រីដែលមានគ្នាច្រើន មកចោមរោមបង្ខំ និងគំរាមកំហែងរូបលោកថានឹងប្តឹងទៅតុលាការ បើសិនជាមិនព្រមផ្តិតមេដៃ ដែលទង្វើនេះធ្វើឱ្យលោកមានការភិតភ័យ និងរងសម្ពាធផ្លូវចិត្តជាខ្លាំង។

បុរសកំសត់រូបនេះបានថ្លែងទាំងអួលដើមកថា រូបលោកគ្មានលទ្ធភាពរកប្រាក់រាប់ម៉ឺនដុល្លារនោះទេ ព្រោះសព្វថ្ងៃលោកមានតែមុខរបរដើរកាយលូ កើបអាចម៍គោ បេះផ្លែដូង តាមផ្ទះប្រជាពលរដ្ឋ ដើម្បីដោះស្រាប់តែមួយគ្រាៗប៉ុណ្ណោះ សូម្បីតែប្រាក់ទិញកង់ឱ្យកូនជិះទៅរៀនក៏មិនមានដែរ។

យោងតាម ក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧ រាល់កិច្ចសន្យាដែលធ្វើឡើងដោយបុគ្គលខ្វះសមត្ថភាពខាងសតិបញ្ញា ឬស្ថិតក្រោមការបង្ខិតបង្ខំ និងគំរាមកំហែង គឺអាចចាត់ទុកជា «មោឃភាព»។ ឯការឃុបឃិតគ្នារំលោភយកទ្រព្យសម្បត្តិជនងាយរងគ្រោះ ជនពិការ ឬជនខ្សោយសតិ គឺជាអំពើល្មើសច្បាប់ និងខុសឆ្គងយ៉ាងធ្ងន់ធ្ងរលើក្រមសីលធម៌សង្គម។

ដោយសារតែរងសម្ពាធ និងការភ័យខ្លាចបាត់បង់ជម្រកចុងក្រោយ លោក ណាប់ ហ៊ុយសាន់ សូមប្រកាសបដិសេធដាច់អហង្ការរាល់លទ្ធផលនៃការសម្របសម្រួលកន្លងមក និងបានធ្វើការអំពាវនាវយ៉ាងទទូចដល់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ដែលជានិច្ចកាលតែងតែផ្តល់ភាពកក់ក្តៅ និងរកយុត្តិធម៌ជូនរាស្ត្រស្លូតត្រង់ សុំមេត្តាជួយអន្តរាគមន៍ ពិនិត្យ និងដោះស្រាយវិវាទមរតកនេះដោយក្តីមេត្តាធម៌ ដើម្បីការពារសិទ្ធិជនងាយរងគ្រោះ និងផ្តល់ភាពយុត្តិធម៌ពិតប្រាកដដល់រូបលោក។

ទន្ទឹមនឹងនេះ ករណីខាងលើបាននិងកំពុងដាស់អារម្មណ៍មជ្ឈដ្ឋានទូទៅយ៉ាងខ្លាំង ដោយបងប្អូនប្រជាពលរដ្ឋទាំងក្នុងមូលដ្ឋាន និងនៅលើបណ្តាញសង្គម បានសម្តែងការអាណិតអាសូរ និងកំពុងជជែកដេញដោល ក៏ដូចជារង់ចាំទស្សនានិងតាមដានមើលចំណាត់ការរឿងនេះយ៉ាងអន្ទះសារ ដើម្បីចង់ដឹងថា តើជនងាយរងគ្រោះរូបនេះ នឹងអាចទទួលបានយុត្តិធម៌ពិតប្រាកដដែរឬទេ?

សូមបញ្ជាក់ផងដែរថា៖ នេះជាការអះអាងរបស់លោក ណាប់ ហ៊ុយសាន់ តែម្ខាងប៉ុណ្ណោះ។ អង្គភាពយើងរង់ចាំការបកស្រាយបំភ្លឺពីភាគីបងស្រី និងអាជ្ញាធរស្រុកទឹកឈូគ្រប់ពេលវេលា ដើម្បីរក្សាភាពមិនលំអៀង និងតម្លាភាព ស្របទៅតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន៕

Leave a Reply

Your email address will not be published. Required fields are marked *