ប្រជាពលរដ្ឋ១២០គ្រួសារ រស់នៅភូមិគោកត្របែក និងភូមិគោកអណ្ដែត ឃុំស្រឡៅ ស្រុកទាំងគោកកំពង់ស្ថិតក្នុងស្ថានភាពទាល់ច្រក
ខេត្តកំពង់ធំ÷ក្រុមប្រជាពលរដ្ឋបានរៀបរាប់ទាំងក្តីក្តុកក្តួលថា ពួកគាត់បានធ្វើស្រែចម្ការតាមដងទន្លេសាបនេះ តាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ ដោយមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន ព្រមទាំងមានកាន់កាប់បង្កាន់ដៃ និងលិខិតបញ្ជាក់ច្បាស់លាស់។


ប្រជាពលរដ្ឋបានរំឭកថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១១ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានណែនាំឱ្យអាជ្ញាធរ និងមន្ត្រីជំនាញ ចុះវាស់វែងកាត់ឃ្វាលដីជូនប្រជាពលរដ្ឋ (សម្រួលពីតំបន់៣ មកតំបន់២ និងពីតំបន់២ មកតំបន់១)។ ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏បានលើកឡើងអំពីឯកសាររដ្ឋបាលមួយចំនួន រួមមាន ស.ជ.ណ. របស់ទីស្ដីការគណៈរដ្ឋមន្ត្រី លេខ១០៤៤ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ និង ស.ជ.ណ. លេខ១០០៣ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៥ ដែលពួកគាត់អះអាងថា ជាឯកសារពាក់ព័ន្ធនឹងការដោះស្រាយ និងពិនិត្យបញ្ហាដីធ្លីនៅតំបន់បឹងទន្លេសាប។
បន្ថែមពីនេះ ប្រជាពលរដ្ឋបានបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ថោង ខុន អតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ក៏ធ្លាប់ណែនាំឱ្យមន្ត្រីជំនាញពាក់ព័ន្ធជំរុញការពិនិត្យ និងដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋផងដែរ។
ផ្ទុយពីអនុសាសន៍របស់ថ្នាក់ដឹកនាំ ពលរដ្ឋបានចោទប្រកាន់ថា លោក ម៉ម ទីន អភិបាលរងស្រុកតាំងគោក ដែលជាប្រធានបញ្ជាការស្រាល បានដឹកនាំកម្លាំងចុះរារាំងពួកគាត់អស់រយៈពេលជិត ៣ឆ្នាំមកហើយ។ ពលរដ្ឋអះអាងថា សកម្មភាពនោះបានបង្កការខូចខាតដល់សម្ភារៈកសិកម្មយ៉ាងធ្ងន់ធ្ងរ ដូចជា៖ការកាត់ខ្សែពាន និងស៊ីយូបូមទឹក,ការចាក់ទឹកចូលបំពង់ស៊ីម៉ាំងម៉ាស៊ីន,ការរឹបអូស និងហាមឃាត់មិនឱ្យបូមទឹកដាក់ស្រែ ជាដើម។
លោក សៅ សុខលាង មេភូមិគោកត្របែក បានបញ្ជាក់ជូនសារព័ត៌មានថា ពលរដ្ឋដែលរងផលប៉ះពាល់មានចំនួន ៨៤គ្រួសារ ភូមិគោកត្របែក និងភូមិគោកអណ្តែត ២២គ្រួសារ។ លោកមេភូមិបានសង្កត់ធ្ងន់ថា៖ «ការបង្ករបង្កើនផលនេះ គឺធ្វើលើដីស្រែចាស់តាំងពីយូរណាស់មកហើយ ពុំមានពលរដ្ឋណាកាប់ទន្ទ្រានដីព្រៃថ្មីរបស់រដ្ឋដូចការចោទប្រកាន់នោះទេ ហើយថែមទាំងមានបង្កាន់ដៃដែលក្រុមនិស្សិតធ្លាប់ចុះវាស់វែងជូនទៀតផង។»
ចំណែកលោកមេឃុំស្រឡៅ ក៏បានទទួលស្គាល់ដែរថា លោកពិតជាបានដឹងឮប្រវត្តិនៃការវាស់វែង និងការផ្តល់បង្កាន់ដៃជូនប្រជាពលរដ្ឋនាពេលកន្លងមកពិតប្រាកដមែន។
ជុំវិញការចោទប្រកាន់នេះ ភ្នាក់ងារសារព័ត៌មានយើងបានទាក់ទងទៅ លោក ម៉ម ទីន អភិបាលរងស្រុកតាំងគោក ដើម្បីសុំការបំភ្លឺ ប៉ុន្តែលោកបានរៀបរាប់ខ្លីៗឱ្យទាក់ទងទៅថ្នាក់ខេត្ត រួចក៏ចុចបិទទូរសព្ទតែម្តង។
ជាមួយគ្នានេះដែលភ្នាក់ងារសារព័ត៌មានយើងក៏បានសុំបទសម្ភាសន៍អ្នកនាំពាក្យខេត្តកំពង់ធំ ដោយលោកបានលើកឡើងថា លោកក្ដាប់មិនជុំទេ លោកឱ្យភ្នាក់ងារសារព័ត៌មានយើងទាក់ទងទៅ ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្តទទួលបន្ទុកគ្រប់គ្រងបឹងទន្លេសាប។
ដោយឡែក ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្តទទួលបន្ទុកគ្រប់គ្រងបឹងទន្លេសាប ភ្នាក់ងារសារព័ត៌មានបានព្យាយាមទាក់ទងតាមទូរសព្ទ និងប្រព័ន្ធ Telegram នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ ប៉ុន្តែមិនទាន់ទទួលបានការបកស្រាយនៅឡើយទេ។
ទោះបីជារដ្ឋបាលស្រុកតាំងគោក ធ្លាប់បានចេញសេចក្តីបំភ្លឺកាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ ក៏ដោយ ក៏ប្រជាពលរដ្ឋបានបដិសេធទាំងស្រុង ដោយលើកឡើងថាជារឿង «ខុសពីការពិត»។ ករណីនេះ បានធ្វើឱ្យសាធារណជន និងពលរដ្ឋដាក់ការសង្ស័យថា អាចមានភាពមិនប្រក្រតី ឬអំពើពុករលួយនៅពីក្រោយ ខណៈមន្ត្រីថ្នាក់ក្រោមមិនព្រមអនុវត្តតាម ស.ជ.ណ. និងបទបញ្ជារបស់ថ្នាក់ដឹកនាំ។
អាស្រ័យហេតុនេះ ពលរដ្ឋបានស្នើសុំឱ្យ ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) មេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេត និងស្រាវជ្រាវលើមន្ត្រីពាក់ព័ន្ធក្នុងស្រុកតាំងគោក។
បច្ចុប្បន្ន ប្រជាពលរដ្ឋដែលកំពុងរងទុក្ខបុកម្នេញ សូមអំពាវនាវយ៉ាងទទូចដល់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និង សម្តេចតេជោ ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ និងណែនាំដល់ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដើម្បីជួយសម្របសម្រួល បើកផ្លូវឱ្យពួកគាត់បានបង្កបង្កើនផលឡើងវិញ និងជួយរៀបចំធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ ដើម្បីបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃមួយនេះ និងឆ្ពោះទៅរកដំណោះស្រាយប្រកបដោយយុត្តិធម៌៕



