ប្រជាពលរដ្ឋបានបង្ហាញបង្កាន់ដៃនិស្សិតវាស់វែងនិងច្បាប់ប្រើប្រាស់ដីធ្លីដែលអាជ្ញាធរផ្ដល់ឱ្យពួកគាត់ដើម្បីឆ្លើយតបនឹងសេចក្តីបំភ្លឺរបស់អាជ្ញាធរស្រុកតាំងគោក

admin By admin July 7, 2026

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋរស់នៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ បានចេញមកអះអាងរៀងៗខ្លួន ដោយបង្ហាញបង្កាន់ដៃនិងពាក្យសុំប្រើប្រាស់កាន់កាប់ដីធ្លីពីអាជ្ញាធរជាច្រើនសន្លឹក និងចុងសន្លឹករបស់ក្រុមនិស្សិតវាស់វែង (ក្រោមបទបញ្ជា(០១) ដើម្បីឆ្លើយតបទៅនឹងសេចក្តីបំភ្លឺរបស់រដ្ឋបាលស្រុកតាំងគោក ដែលបានបដិសេធលើការផ្សាយព័ត៌មានជុំវិញការហាមឃាត់មិនឱ្យពួកគាត់បង្ករបង្កើនផល។ជុំវិញរដ្ឋបាលស្រុក​បានចេញសេចក្តីបំភ្លឺ មួយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា អាជ្ញាធរគ្រាន់តែអនុវត្តតាមវិធានការទប់ស្កាត់ការទន្ទ្រានដីរដ្ឋក្នុងតំបន់៣ ដែលមិនត្រូវបានកាត់ឆ្កៀលប៉ុណ្ណោះ  ហើយអាជ្ញាធរស្រុកបានសង្កត់ធ្ងន់ថា ការហាមឃាត់នេះប៉ះពាល់ពលរដ្ឋតែ៣៥គ្រួសារ លើផ្ទៃដីជាង ១០០ហិកតា ហើយអ្នកដែលចូលរួមតវ៉ាមួយចំនួន មិនមែនជាអ្នកភូមិគោកត្របែកនោះឡើយ។


​ទោះជាយ៉ាងណាក៏ដោយ ក្រុមប្រជាពលរដ្ឋបានច្រានចោលការលើកឡើងរបស់អាជ្ញាធរ ដោយបានបង្ហាញភស្តុតាងជាបង្កាន់ដៃធ្លាប់វាស់វែងកន្លងមក និងលិខិតកាន់កាប់ប្រើប្រាស់ដីធ្លីពីអាជ្ញាធរឃុំស្រុក បញ្ជាក់ថា ពួកគាត់ពិតជាបានអាស្រ័យផលលើដីស្រែចាស់នោះជាច្រើនឆ្នាំមកហើយ មិនមែនជាអ្នកទើបមកទន្ទ្រានថ្មីថ្មោង ឬជាអ្នកមកពីតំបន់ផ្សេងដូចការចោទប្រកាន់នោះទេ បើសិនជាមានការទន្ទ្រានកាន់កាប់ថ្មីៗរដ្ឋដកយកវិញចុះពួកគាត់មិនថាអ្វីឡើយ។


លោក សៅ សុខលាង មេភូមិគោកត្របែក បានបញ្ជាក់ ថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងចេញមុខតវ៉ានោះ គឺជាពលរដ្ឋនៅក្នុងភូមិគោកត្របែកចំនួន៨៤គ្រួសារ និង ២២គ្រួសារទៀតមកពីភូមិគោកអណ្តែត ភូមិទាំងពីរនោះកន្លងមក គឺជាភូមិតែមួយនោះទេ ដោយសារពលរដ្ឋមានចំនួនច្រើនទើបបំបែកភូមិ។ 
លោកបានសង្កត់ធ្ងន់ថា ការបង្ករបង្កើនផលរបស់ពួកគាត់ គឺធ្វើឡើងនៅលើដីស្រែចាស់ដែលមានតាំងពីយូរណាស់មកហើយ ហើយមិនមានប្រជាពលរដ្ឋណាម្នាក់ទៅកាប់ទន្ទ្រានដីព្រៃថ្មីរបស់រដ្ឋដូចការលើកឡើងនោះទេ ថែមទាំងមានបង្កាន់ដៃដែលក្រុមនិស្សិតចុះមកវាស់វែងជូនគ្រប់ៗគ្នាថែមទៀតផង។
​ចំណែកឯលោកមេឃុំស្រឡៅ បានបញ្ជាក់ថា លោករាយការណ៍ហើយម្តងហើយ គឺថាខាង​អាជ្ញាធរ​ទន្លេសាបគេបោះបង្គោលហាមឃាត់ដីដែលបោះបង្គោលមិនអាចចូលធ្វើបានទេ ហើយដីនៅសល់ប៉ុន្មានក៏ធ្វើប៉ុន្នឹងទៅ ហើយចំពោះរឿងដែលថា ក្រុមនិស្សិតបានចុះ​វាស់វែង​ឱ្យបង្កាន់ដៃនោះ លោកបានបញ្ជាក់ថា កន្លងទៅពេលនិស្សិតចុះវាស់មែន ហើយបានបង្កាន់ដៃ​មិនបានបង្កាន់ដៃលោកក្តាប់មិនបានទេ។លោកបានបញ្ជាក់បន្ថែមថា ការវាស់វែង និងបោះបង្គោលនិងគឺបង្គោលទៅ ប៉ុន្តែ​ខាង​អាជ្ញាធរ​ទន្លេសាប​គាត់សម្រេចឱ្យតែប៉ុន្នឹងទេ ហើយលោកក៏មិនបានដឹងរឿងអ្នកបានបង្កាន់ដៃឬមិន​បានដែរ ព្រោះពេលនិស្សិត​ចុះវាស់គឺលោកបានឱ្យក្រុមប្រឹក្សាអ្នកទៅចុះធ្វើការជាមួយក្រុម​និស្សិត។


​បច្ចុប្បន្ន ក្រុមប្រជាពលរដ្ឋនៅតែបន្តទទូចសុំកិច្ចអន្តរាគមន៍ពី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដើម្បីជួយដោះស្រាយ និងផ្តល់សិទ្ធិអាស្រ័យផលលើដីស្រែចាស់របស់ពួកគាត់ឡើងវិញ។សារព័ត៌មានយើង មិនទាន់អាចសុំការបកស្រាយបន្ថែមពីអ្នកនាំពាក្យរដ្ឋបាលស្រុកតាំងគោកបាននៅឡើយទេ ជុំវិញបញ្ហាបង្កាន់ដៃដីធ្លីដែលពលរដ្ឋយកមកបង្ហាញនេះបាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។អង្គភាពសារព័ត៌មានយើងខ្ញុំនឹងរង់ចាំការបំភ្លឺ និងបកស្រាយបន្ថែមពីគ្រប់ភាគីដែលពាក់ព័ន្ធ​គ្រប់​ពេលនិងម៉ោងធ្វើការ៕

Leave a Reply

Your email address will not be published. Required fields are marked *