អភិបាលនៃគណៈអភិបាលស្រុកសេសានបានដឹកនាំកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធចុះបិតឡដុតធ្យូងចំនួន៤១ឡ ដើម្បីចូលរួមលុបបំបាត់បទល្មើសព្រៃឈើខុសច្បាប់
ស្ទឹងត្រែង៖ កាលពីថ្ងៃទី១២ ខែ មិថុនា ឆ្នាំ ២០២៦ កម្លាំងសមត្ថកិច្ចចម្រុះ រួមមានមេព្រៃ ប៉េអឹម ប៉ូលីស មន្ត្រីស្រុក និងកម្លាំងមូលដ្ឋានព្រមទាំងប្រជាការពារនិងសហគមន៍ភូមិស្វាយរៀងឃុំតាឡានស្រុកសេសាន ខេត្ត ស្ទឹងត្រែង បានដឹកនាំកម្លាំងដោយ លោក សុវណ្ណ ពីសេត អភិបាលនៃគណៈអភិបាលស្រុកសេសាន បានចុះបង្ក្រាបទីតាំងឡដុតធ្យូង ពីរកន្លែង ស្ថិតនៅចំណុច ត្រពាំងឈើ និងត្រពាំងពុំមារ ដែលស្ថិតនៅភូមិស្វាយរៀង ឃុំ តាឡាត់ ស្រុក សេសាន ខេត្ត ស្ទឹងត្រែង។
ម្ចាស់ឡធ្យូងមួយចំនួនធំ បានព្រមព្រៀងឈប់ កាប់ឈើខុសច្បាប់មកដុតធ្យូងលក់ទៀតហើយ នេះបើយោងតាមការលើកឡើងរបស់ម្ចាស់ឡធ្យូង ជាក់ស្ដែងការកាប់ឈើយកមកដុតធ្យូងនេះមានចំណុច២សំខាន់ ១-គឺកាប់ឈើយកចេញពីព្រៃសហគមន៍ ២-កាប់ឈើយកចេញពីព្រៃបច្ឆា ស្ថិតក្នុងភូមិស្វាយរៀង ឃុំតាឡាត ស្រុកសេសាន ខេត្ត ស្ទឹងត្រែងនេះតែម្ដង។
បើយោងទៅតាមការសន្យារបស់ពលរដ្ឋមួយចំនួនធំ ពួកគាត់នឹងបញ្ឈប់កាប់ឈើយកមកដុតធ្យូងទៀតហើយ រីឯអ្នកស្រុកមួយចំនួនតូច ទៀតនោះមិនព្រមចូលរួមសហការជាមួយក្រុមការងារដើម្បីបញ្ឈប់មុខរបរឡធ្យូងនេះឡើយ ក្រោមការសម្របសម្រួលរបស់មន្ត្រីស្រុក លោក សឿង សុឃា និងមន្ត្រីឃុំលោក កាន់ ហាស៊ីថា ទើបម្ចាស់ឡធ្យូងនោះព្រមឱ្យរុះរើ និងបញ្ឈប់រាល់សកម្មភាពកាប់បំផ្លាញព្រៃឈើយកមកដុតធ្យូង។
កម្លាំងចម្រុះដែលចុះបង្ក្រាបឡដុតធ្យូង នៅថ្ងៃ១២ ខែមិថុនា ឆ្នាំ២០២៦ នេះបានចំនួន ៤១ឡធ្យូងបានដោយជោគជ័យ ហើយចំពោះឡធ្យូងដែលនៅសេសសល់កម្លាំងចម្រុះ និងចុះបង្ក្រាបជាបន្តបន្ទាប់ទៀត ដើម្បីបោសសម្អាតមុខរបរខុសច្បាប់ឱ្យអស់ដើម្បីការពារអនុផលព្រៃឈើឱ្យបានគង់វង្ស រក្សាទុកដល់ក្មេងជំនាន់ក្រោយ ទៅតាមអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើងបានចេញសេចក្តីណែនាំឱ្យចេះរក្សាធនធានធម្មជាតិ ដើម្បីជាអេកូទេសចរណ៍ផងនោះ ប្រជាពលរដ្ឋមានការសាទរយ៉ាងខ្លាំងចំពោះ ការចុះបង្ក្រាបបទល្មើសឡធ្យូង និងបទល្មើសកាប់ឈើលក់ផ្សេងៗយ៉ាងខ្លាំង៕
អត្ថបទដោយលោក ម៉ៅ សារិទ្ធ ខ្មែរឦសាន




