ពលរដ្ឋ រស់នៅអូរបឹងឈូក ភូមិទួលរមាសកំពុង បារម្ភ ពីការបាត់បង់ដីធ្លី ព្រោះមានក្រុមមនុស្សមានឥទ្ធិពលមកធ្វើប្រជាភិថុតិ

admin By admin June 8, 2026

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋរស់នៅភូមិទួលមាស សង្កាត់អរិយក្សត្រ បានប្រាប់មកអ្នកសារព័ត៌មានយើងទាំងពីរអង្គភាពថា មានអ្នកមានលុយនិងមានអំណាចមកបញ្ចុះបញ្ចូល លួងលោមឱ្យពួកគាត់លក់ដីក្នុងតម្លៃទាបដោយអះអាងថា បើមិនលក់ក្នុងតម្លៃនេះក៏គង់តែគេយក​មិន​បាន​លុយមួយរៀលផង នៅចំណុចអូរបឹងឈូក ស្ថិតក្នុងភូមិទួលរមាស សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ពួកគាត់សម្តែងការការមិនពេញចិត្ត ហើយក៏ព្រួយបារម្ភយ៉ាងខ្លាំង ពីសុវត្ថិភាពដីធ្លីរបស់ខ្លួន បន្ទាប់ពីមានបុគ្គលមានឥទ្ធិពល និងមានលុយ មកបញ្ចុះបញ្ចូល និងធ្វើប្រជាភិថុតដើម្បីទិញដីពួកគាត់ ក្នុងតម្លៃទាបជាងទីផ្សារ។​ប្រភពពីប្រជាពលរដ្ឋបានរៀបរាប់ប្រាប់កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ នេះថា ពួកគាត់ជាទុរគតជន ដែលគ្មានដីធ្លីពិតប្រាកដ លុះដល់ អំឡុងឆ្នាំ២០១៦ មុនពេលអរិយក្សត្រ កែសម្រួលជាក្រុងអរិយក្សត្រ លោក ដុច ចាន់ អតីត មេឃុំអរិយក្សត្រ ដោយមើលឃើញពីការលំបាករបស់ពលរដ្ឋ លោកបានស្នើសុំទៅ លោក កន សុខកាន អភិបាលស្រុកល្វាឯម នាពេលនោះ ដើម្បីកាត់ឆ្វៀលដីព្រែកទួលរមាស ចែកជូនពលរដ្ឋប្រមាណ ៩០ គ្រួសារជាង នេះបើតាមការរៀបរាប់របស់លោក ទាំងជួរលើនិងជួបក្រោមសាងសង់លំនៅឋាន ដោយក្នុងមួយគ្រួសារទទួលបានទំហំទទឹង០៤ម៉ែត្រកន្លះ ចំណែកបណ្តោយចន្លោះពី ២០ ទៅ ៣០ម៉ែត្រ ទៅតាមស្ថានភាពដីជាក់ស្តែងរហូតដល់បច្ចុប្បន្ននេះ ។
ពលរដ្ឋបានបន្តថា គាត់ធ្លាប់បានទៅសាលាសង្កាត់ដើម្បីសុំការបញ្ជាក់ពីក្បាលដី ពីលោកចៅសង្កាត់ម្ដងដែរ ក៏ប៉ុន្តែលោកឆ្លើយថា ក្នុងការបញ្ជាក់នេះ មិនទាន់បញ្ជាក់បានទេ ដោយសារដីនេះស្ថិតក្នុងរដ្ឋបាលក្រុងអរិយក្សត្រ  ពួកគាត់មានចម្ងល់​ជាខ្លាំងដោយសារតែពួកគាត់បានរស់នៅយូរឆ្នាំហើយមិនដែលបានអាជ្ញាធរមូលដ្ឋានមកប្រាប់ថាដី​ដែល​ពួកគាត់រស់នៅនោះស្ថិត​ក្នុងរដ្ឋបាលក្រុងអរិយក្សត្រសោះ ទើបតែនៅដើមឆ្នាំ២០២៥ មានបុគ្គលម្នាក់ឈ្មោះ ឈៀង ប៊ុណ្ណា ដែលពលរដ្ឋស្គាល់ថា ជាសមាជិកក្រុមប្រឹក្សាក្រុងអរិយក្សត្រ បានចុះមកជួបប្រជុំជាមួយពួកគាត់ ដោយបានចែកលុយចំនួន២ម៉ឺនរៀល និងមី០១កេស ព្រមទាំងស្នើសុំឱ្យផ្ដិតមេដៃ ក្រោមហេតុផលថា ដើម្បីសុំបើកផ្លូវខាងក្រោយចំនួន០៥ម៉ែត្រ និងធ្វើប្លង់ដី ទោះជាយ៉ាងណា ពួកគាត់បានបដិសេធមិនផ្ដិតមេដៃឡើយ ដោយស្ថិតនៅក្នុងការមន្ទិលសង្ស័យ។
​ក្រោយមក ប្រជាពលរដ្ឋបានចោទប្រកាន់ថា លោក ឈៀង ប៊ុណ្ណា និងបក្សពួកបានប្រើរូបភាពបញ្ចុះបញ្ចូល និងបង្កើតព្រឹត្តិការណ៍ប្រជាភិថុតជារឿយៗ ធ្វើឱ្យពួកគាត់មានការភ័យខ្លាចថា បើសិនជាមិនលក់ទេ ថ្ងៃក្រោយក៏មិនអាចរស់នៅជាកម្មសិទ្ធិបានដែរព្រោះជាដីរបស់រដ្ឋ។ 
ដោយសារសម្ពាធផ្លូវចិត្ត និងការភ័យខ្លាច ពលរដ្ឋមួយចំនួនក៏បានបង្ខំចិត្តលក់ដីធ្លីទាំងនោះក្នុងតម្លៃទាប ចន្លោះពី ៧,០០០ ដុល្លារ ដល់ ១២,០០០ ដុល្លារក្នុងមួយឡូ។
​បច្ចុប្បន្ន មានប្រជាពលរដ្ឋប្រមាណប្រហែលជា ២០ គ្រួសារទៀត ដែលមិនយល់ស្រប មិនព្រមលក់ព្រោះពួកគាត់បានចំណាយថវិកាសាងសង់ផ្ទះសម្បែងអស់ជាច្រើនទៅហើយ ប៉ុន្តែនៅតែបន្តរងការរំខាន និងបញ្ចុះបញ្ចូល ឱ្យលក់ដដែល។ 
អ្វីដែលធ្វើឱ្យពលរដ្ឋមានមន្ទិលសង្ស័យខ្លាំងនោះគឺ នៅពេលពួកគាត់ទៅស្នើសុំលិខិតបញ្ជាក់ប្រវត្តិដីពីចៅសង្កាត់លោកថាមិនអាចបញ្ជាក់បានទេ ចំណែកលោក ឈៀង ប៊ុណ្ណា លោកជាមន្ត្រី ក្រុមប្រឹក្សាក្រុង អរិយក្សត្រ ហើយជាមន្ត្រីសាធារណៈទៀត ហេតុអីបានជាលោកហ៊ានចាក់ខ្សាច់ហើយបានអះអាងថាមានប្លង់ ហើយចាក់ដីខ្សាច់លុបលើទីតាំងដែលទិញបានយ៉ាងរលូននឹងបានធ្វើឱ្យប៉ះពាល់ដល់ដីលំនៅឋានរបស់ពួកគាត់ទៀត។
​ជុំវិញករណីនេះ អង្គភាពសារព័ត៌មានយើងបានទាក់ទងសុំការបញ្ជាក់ពីភាគីពាក់ព័ន្ធក្នុងករណីខាងលើនេះ លោក ដុច ចាន់ អតីតមេឃុំអរិយក្សត្រ បានបញ្ជាក់ប្រាប់អង្គភាពយើងទាំងពីរថា ដីទួលរមាសនោះ គឺពិតជាដីដែលលោកបានស្នើសុំចែកជូនប្រជាពលរដ្ឋក្រីក្រពិតប្រាកដមែន កាលពីលោកនៅកាន់តំណែងគ្មានរឿងអ្វីកើតឡើងឡើយ។
ទោះបីយ៉ាងណាអង្គភាពយើងទាំងពីរក៏បានសុំការបញ្ជាក់ពី ​លោក ឈៀង ប៊ុណ្ណា សមាជិកក្រុមប្រឹក្សាក្រុងអរិយក្សត្រ លោក បានឆ្លើយតបជុំវិញការទិញដីពលរដ្ឋដើម្បីរៀបចំឱ្យស្អាតក្នុងការរកស៊ីមិនធ្វើឱ្យខូចផលប្រយោជន៍របស់ពួកគាត់ឡើយ នេះបើយោងតាមការបញ្ជាក់របស់លោក ឈាង វណ្ណា ក្រុមប្រឹក្សាក្រុងរយក្សត្រ ហើយលោកមានផ្លង់អ្វីដែលលោកបញ្ជាក់ បែរជាផ្ទុយទៅហ្នឹងការបញ្ជាក់របស់លោក ចៅសង្កាត់អរិយក្សត្រ លោកប្រាប់ពលរដ្ឋថាមិនអាចបញ្ជាក់ឬធ្វើប្លង់បានទេព្រោះដីនេះស្ថិតក្នុងរដ្ឋបាលក្រុងអរិយក្សត្រគ្រប់គ្រង។
ទោះបីយ៉ាងណាអង្គភាពយើងក៏បានសុំការបញ្ជាក់ពី ​លោក មែន ផលគុណ ចៅសង្កាត់អរិយក្សត្រ បានបញ្ជាក់ប្រាប់មកអង្គភាពយើងទាំងពីរថាការទិញលក់គ្មានការបង្ខិតបង្ខំឡើយហើយដីនេះ ពិតជាបានចែកជូនពលរដ្ឋជាង ៩០គ្រួសារមែន។
ជុំវិញរឿងនេះ ​លោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ ខលជាប់រវល់អង្គភាពយើងក៏បានសុំការបញ្ជាក់ទៅតាមតេឡេក្រាម និងវ័តស្អាប់ លោកបានចូលមើល ហើយក៏ឱ្យអ្នកនាំពាក្យក្រុងអរិយក្សត្រខលមកទំនាក់ទំនងអង្គភាពយើងក៏ពុំទាន់បានបកស្រាយអ្វីឱ្យបានពិស្ដារនៅឡើយដែរ ដោយលោកឆ្លើយថាមេតេមកក៏បិទទៅ ។ជុំវិញរឿងនេះ ពលរដ្ឋបានសុំស្នើ ​តាមរយៈអង្គភាពសារព័ត៌មានយើងទាំងពីរ យ៉ាងទទូចដល់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលនិង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាពិសេស សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយអន្តរាគមន៍ និងចាត់មន្ត្រីអធិការកិច្ចចុះស៊ើបអង្កេតលើករណីនេះឱ្យមានតម្លាភាព ដើម្បីផ្តល់ភាពយុត្តិធម៌ និងការពារទីជម្រកស្របច្បាប់ជូនប្រជាពលរដ្ឋក្រីក្រពិតប្រាកដ។
អង្គភាពសារព័ត៌មានយើងទាំងពីរ រង់ចាំការបំភ្លឺបន្ថែមជុំវិញចំណាត់ការច្បាប់ ពីអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាសមីភាគីគ្រប់ពេលវេលា ដើម្បីផ្សព្វផ្សាយជូនមហាជនប្រកបដោយតម្លាភាព និងតុល្យភាពព័ត៌មាន។
អង្គភាពយើងនឹងបន្តតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់ ដើម្បីផ្សព្វផ្សាយជូនសាធារណជនឱ្យបានជ្រាបជាព័ត៌មាន៕

Leave a Reply

Your email address will not be published. Required fields are marked *