ទោះបីជាត្រូវបានអាជ្ញាធរហាមឃាត់ម្តងរួចហើយក៏ដោយតែសហគ្រាស ជេអិល នៅតែសង់សំណង់រំលោភចូលចំណីទន្លេយ៉ាងរំភើយដដែល

admin By admin June 4, 2026

កណ្តាល៖ សហគ្រាស ជេអិល ផលិតគ្រឿងឧបភោគបរិភោគ ដូចជា ប្រហិតគ្រប់មុខ ត្រីខ កំប៉ុង ផ្អកត្រីប្រា ប្រហុក ជាដើម ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល បានសង់សំណង់រឹងមាំរំលោភចូលចំណីទន្លេជាច្រើនម៉ែត្រ យ៉ាងរំភើយទោះបីជាច្បាប់ហាមឃាត់យ៉ាងណាក៏ដោយនៅតែមិនខ្វល់ពីផលប៉ះពាល់ដល់សម្បត្តិសាធារណៈរបស់រដ្ឋដែរ។

ទោះបីយ៉ាងណាអង្គភាពយើង បានសុំការបញ្ជាក់ពន្យល់ពីលោកអភិបាលរងស្រុកពូញាឮ លោកបានប្រាប់មកអង្គភាពយើងថា ខាងអាជ្ញាធរស្រុកបានចុះហាមឃាត់ហើយមិនឱ្យធ្វើបន្តទៀតព្រោះមិនទាន់បានសុំច្បាប់ធ្វើរចូលច្រាំងទន្លេនៅឡើយ សូមឱ្យម្ចាស់សហគ្រាសនេះទៅសុំច្បាប់សាងសង់ និងបុកគ្រឹះសិនចាំសាងសង់បន្តទៀត តែម្ចាស់សហគ្រាសនេះនៅតែសាងសង់ជាបន្តបន្ទាប់មិនព្រមបញ្ឈប់ឡើយ។

អង្គភាពសារព័ត៌មានយើងមិនអាចទំនាក់ទំនងសុំការពន្យល់បកស្រាយជុំវិញការសង់សំណង់រឹងទៅក្នុងច្រាំងទន្លេនេះបានទេព្រោះមិនមានលេខទំនាក់ទំនងម្ចាស់សិប្បកម្មផលិតគ្រឿង ឧបភោគបរិភោគនេះឡើយ។

ជុំវិញករណីខាងលើនេះ អង្គភាពសារព័ត៌មានខ្មែរឦសានយើងក៏ដូចជាពលរដ្ឋ រស់នៅជុំវិញមជ្ឈដ្ឋានស្រុកពញាឮរងចាំមើលចំណាត់ការដ៏មានប្រសិទ្ធភាព របស់អាជ្ញាធរ និងក្រសួងសមត្ថកិច្ចសាមីដែលពាក់ព័ន្ធបន្តទៅទៀត តើចំណាត់ការរបស់សមត្ថកិច្ចនិងអាជ្ញាធរមានប្រសិទ្ធភាពដែរឬយ៉ាងណា?

បើអាជ្ញាធរស្រុកពញាឮ បានចុះហាមឃាត់ម្ដងរួចទៅហើយ ក៏ប៉ុន្តែ ម្ចាស់សំណង់ដ៏រឹងមាំមួយនេះ នៅតែបន្តការសាងសង់គ្មានខ្វល់ពីផលប៉ះពាល់ដល់ច្រាំងទន្លេនោះទេ ពលរដ្ឋលើកឡើងថា អ្នកមានខ្លះចូលចិត្តខ្លាំងណាស់ចំណីទន្លេដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ យកទៅកាន់កាប់ផ្ទាល់ខ្លួន បើទោះបីជាគ្មានច្បាប់ណាឱ្យធ្វើជាកម្មសិទ្ធិក៏ដោយ ។

ជុំវិញបញ្ហានេះ ពលរដ្ឋគ្រប់មជ្ឈដ្ឋានសូមសំណូមពរដល់ជំនាញពាក់ព័ន្ធ ជាពិសេសលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ជាគណៈកម្មការឯកភាពខេត្ត និងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ជួយចាត់មន្ត្រីជំនាញមានវិធានការលើករណីសំណង់ខុសច្បាប់រំលោភចូលចំណីទន្លេនេះផងទាន។

អង្គភាពយើងខ្ញុំរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ចដែលពាក់ព័ន្ធបន្តទៀតតើមានប្រសិទ្ធភាពឬយ៉ាងណាសូមអរគុណ ហើយនិងរង់ចាំការបកស្រាយបំភ្លឺបន្ថែមពីគ្រប់ភាគីដែលពាក់ព័ន្ធគ្រប់ពេលនិងម៉ោងធ្វើការ៕

Leave a Reply

Your email address will not be published. Required fields are marked *