ប្រជាពលរដ្ឋក្នុងភូមិក្តីកណ្តាល សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ កំពង់តវ៉ាជាមួយ​ក្រុមហ៊ុន «ឃុន សៀ» ដែលបានឈូសឆាយបំពានទាំងមិនទាន់ដោះស្រាយសំណងនិង​បញ្ច្រា​សទិសជាមួយ ស.ជ.ណ របស់រាជរដ្ឋាភិបាល

admin By admin May 23, 2026


​កណ្តាល៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅក្នុងភូមិក្តីកណ្តាល សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ បានលើកគ្នាមកធ្វើការតវ៉ាយ៉ាងក្ដៅគគុកអស់រយៈពេល ២ថ្ងៃជាប់ៗគ្នា ចាប់តាំងពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីភាគីក្រុមហ៊ុន «ឃុន សៀ អ៊ិមផត អ៊ិចផត» បានដាក់គ្រឿងចក្រចុះមកឈូសឆាយ ផលដំណាំ បានលើកទំនប់ព័ទ្ធយកដី ហើយ​នឹងបម្រុងបិទផ្លូវធ្វើដំណើររបស់ពួកគាត់ថែមទៀត ទាំងដែលមិនទាន់មានដំណោះស្រាយសំណងសមរម្យណាមួយនៅឡើយ។


​ប្រជាពលរដ្ឋបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានទាំងហួសចិត្តថា ពួកគាត់បានអាស្រ័យផលលើដីធ្លីតំបន់នេះជាច្រើនទសវត្សរ៍មកហើយ ពោលគឺអ្នកខ្លះតាំងពីអំឡុងឆ្នាំ១៩៧០ជាង និងខ្លះទៀតតាំងពីឆ្នាំ១៩៩០ជាង ដោយមានលិខិតស្នាមទទួលស្គាល់ដឹងឮពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ ប៉ុន្តែថ្មីៗនេះ ក្រុមហ៊ុនបានរំកិលគ្រឿងចក្រមកព័ទ្ធយកដីស្រែចំការ ដែលជាប្រភពចំណូលចិញ្ចឹមក្រពះតែមួយគត់របស់ពួកគាត់ ដោយភាគីក្រុមហ៊ុនសំអាងថា ខ្លួនមានប្លង់កម្មសិទ្ធិ និងមានលិខិតសេចក្តីជូនដំណឹង (សជណ) ពីរាជរដ្ឋាភិបាល។


​ពួកគាត់បានប្រាប់មកអ្នកសារព័ត៌មានថា អ្វីដែលធ្វើឱ្យពួកគាត់មិនអាចទទួលយកបាននោះគឺក្រុមហ៊ុនបានកំណត់តម្លៃគោលនយោបាយដោះស្រាយផលប៉ះពាល់ក្នុងកម្រិតទាបបំផុត គឺត្រឹមតែ ០.៨ ដុល្លារអាមេរិក (ប្រមាណ ៣,២០០រៀល) ប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ សួរថា តើ​ឱ្យពួកគាត់ទទួលយកយ៉ាងមិចបាន?  ធ្វើបំពានយកដីរបស់ពួកគាត់ស្រស់ៗលើស​ពួកចោសៀមទៀត។



​យោងតាមទិដ្ឋភាពច្បាប់ និងឯកសារផ្លូវការ ការបណ្តែតបណ្តោយឱ្យមានបាតុភាពតវ៉ានេះ ហាក់បីដូចជាកំពុងដើរផ្ទុយពីស្មារតីនៃលិខិត សជណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី លេខ៖ ១០៧៦ ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២។ នៅក្នុងលិខិត សជណ នោះ បានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលបានសម្រេចលក់ទីតាំងដីទំហំសរុបប្រមាណ ៣,៤៣៣ ហិកតា ស្ថិតក្នុងភូមិសាស្ត្រស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាល (បច្ចុប្បន្នជាក្រុងអរិយក្សត្រ) ជូនក្រុមហ៊ុន ឃុន សៀ ជាថ្នូរនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។

​ទោះជាយ៉ាងណា ត្រង់ចំណុច (ក) នៃលិខិត សជណ ដដែលនោះ បានចែងជាលក្ខខណ្ឌបង្ខំថា៖ «អនុញ្ញាតឱ្យផ្ទេរប័ណ្ណកម្មសិទ្ធិមុនការអភិវឌ្ឍជូនក្រុមហ៊ុន ឃុន សៀ អ៊ិមផត អ៊ិចផត ដោយក្រុមហ៊ុនត្រូវធានាដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋឱ្យបានសមស្រប មិនឱ្យមានបាតុភាព…»។

​ផ្អែកលើខ្លឹមសារច្បាប់ខាងលើ ក្រុមប្រជាពលរដ្ឋបានចោទសួរដេញដោលថា ហេតុអ្វីបានជាក្រុមហ៊ុនមិនអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព បែរជាបង្ខំចិត្តឱ្យពួកគាត់លើករូបថតសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីស្រែកហៅរកកិច្ចអន្តរាគមន៍ទាំងទឹកភ្នែកបែបនេះ? ព្រោះកន្លងមក ប្រមុខរាជរដ្ឋាភិបាលតែងតែគិតគូរខ្លាំងណាស់ពីសុខទុក្ខពលរដ្ឋ ដោយមិនទុកឱ្យពលរដ្ឋរងការជិះជាន់ ឬជួបការលំបាកដោយសារគម្រោងអភិវឌ្ឍន៍នោះឡើយ។

​បច្ចុប្បន្ន ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ សូមគោរពស្នើសុំយ៉ាងទទូចដល់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយពិនិត្យ និងផ្តល់អន្តរាគមន៍ជួយដោះស្រាយផ្ដល់តម្លៃសំណងមួយដ៏សមរម្យ និងយុត្តិធម៌ ដើម្បីឱ្យពួកគាត់អាចមានលទ្ធភាពទៅបង្កើតជីវភាពថ្មីបាន។



​ជុំវិញករណីទំនាស់ដីធ្លីដ៏ក្ដៅគគុកនេះ ភ្នាក់ងារសារព័ត៌មានយើងកំពុងបន្តទាក់ទងទៅកាន់អ្នកនាំពាក្យសាលាខេត្តកណ្តាល ក៏ដូចជាតំណាងក្រុមហ៊ុន ឃុន សៀ អ៊ិមផត អ៊ិចផត ដើម្បីសុំការបំភ្លឺបន្ថែមជុំវិញចំណាត់ការច្បាប់ និងយន្តការដោះស្រាយគោលនយោបាយ ដើម្បីផ្សាយជូនមហាជនក្នុងពេលក្រោយ ប្រកបដោយតម្លាភាព និងតុល្យភាពព័ត៌មាន៕

Leave a Reply

Your email address will not be published. Required fields are marked *