មន្ត្រីជំនាញបរិស្ថានខេត្តមណ្ឌលគិរី បង្ក្រាបទីតាំងអារឈើខុសច្បាប់ រឹបអូសក្តារជាង ១០០សន្លឹក និងរកឃើញគល់ឈើធំៗជិត ២០គល់
មណ្ឌលគិរី ៖ កម្លាំងមន្ត្រីឧទ្យានុរក្ស និងភ្នាក់ងារសហគមន៍ នៅតែបន្តយុទ្ធនាការចុះល្បាតយ៉ាងសស្រាក់សស្រាំ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រការពារ ទោះបីជាត្រូវឆ្លងកាត់ផ្លូវលំបាកលំបិនយ៉ាងណាក៏ដោយ។
ជាក់ស្តែង នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានដឹកនាំបញ្ជាផ្ទាល់ ដោយមានការចូលរួមពីមន្ត្រីការិយាល័យដែនជម្រកសត្វព្រៃស្រែពក និងភ្នំណាមលៀរ មន្ត្រីដែនជម្រកសត្វព្រៃកែវសីមា ព្រមទាំងភ្នាក់ងារល្បាតសហគមន៍ បានរួមគ្នាចុះបំពេញបេសកកម្មល្បាតយ៉ាងសកម្ម នៅចំណុចអូរអង្កាល់ (និយាមកា ៧៦៦៨២៧.១៣៧៣០០៨) ស្ថិតក្នុងភូមិឡាំម៉េះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
នៅក្នុងប្រតិបត្តិការចុះរុករកនេះ ក្រុមការងារជំនាញបានប្រទះឃើញសកម្មភាពល្មើសច្បាប់មួយកន្លែង ដែលត្រូវជនមិនស្គាល់មុខលួចលាក់កាប់រំលំឈើប្រភេទ «ឈើទាល» រួចអារជ្រៀកធ្វើជាក្តារជញ្ជាំងផ្ទះបានចំនួន ១២០សន្លឹក (ដែលមានខ្នាតមុខកាត់ ០.២០ម៉ែត្រ គុណ ៣.៥ម៉ែត្រ គុណ ៣.៥ម៉ែត្រ) នៅត្រង់ចំណុចមាត់អូរ ដែលជាតំបន់ដាច់ស្រយាល និងមានផ្លូវធ្វើដំណើរលំបាកខ្លាំង។
ជាមួយគ្នានោះដែរ បន្ទាប់ពីបានពិនិត្យ និងរុករកជុំវិញបរិវេណទីតាំងកើតហេតុ ក្រុមការងារបានរកឃើញ និងធ្វើការរាប់គល់ឈើទាលដែលរងការកាប់បំផ្លាញ មានចំនួនរហូតដល់ ១៩គល់ ដែលសុទ្ធសឹងតែជាឈើមានអាយុកាលច្រើនឆ្នាំ ដោយមានមុខកាត់ធំៗចាប់ពី ៥០សង់ទីម៉ែត្រ ទៅដល់ ១០០សង់ទីម៉ែត្រ (១ម៉ែត្រ)។ នៅក្នុងពេលកំពុងអនុវត្តប្រតិបត្តិការនោះ ក្រុមកម្លាំងជំនាញពុំបានជួបប្រទះ ឬឃាត់ខ្លួនជនសង្ស័យឡើយ ដោយពួកគេបានដឹងខ្លួន និងរត់គេចខ្លួនបាត់ស្រមោល មុនពេលសមត្ថកិច្ចទៅដល់។
ទោះជាយ៉ាងណា ក្រុមកម្លាំងល្បាតចម្រុះបានធ្វើការរុះរើ និងកម្ទេចចោលនូវរោងស្នាក់នៅខុសច្បាប់របស់ក្រុមជនល្មើសចំនួន ០១ទីតាំង ដែលពួកគេបានសង់ឡើងសម្រាប់ជ្រកកោនធ្វើសកម្មភាពអារឈើ។ ចំពោះវត្ថុតាងក្តារជញ្ជាំងឈើទាលទាំងអស់ ត្រូវបានមន្ត្រីជំនាញដកហូត និងចាត់ការបន្តទៅតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់៕


