ប្លន់យកដី បំភ្លៃការពិត ចុងក្រោយ ខ្ញុំជាអ្នកគោរពច្បាប់ ត្រូវចាញ់ក្តីទាំង៣សាលា
កណ្តាល៖ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ មានគ្រឿងចក្រមួយគ្រឿងបានចុះមកឈូសឆាយលើដីកំពង់មានវិវាទនៅប្តឹងតវ៉ានៅឡើយ ភាគីម្ខាងគោរពច្បាប់មិនចូលទៅធ្វើអាស្រ័យផលនៅលើដីទំនាស់ទេ តែភាគីម្ខាងធ្វើអាស្រ័យផលរឿយៗមិនព្រមឈប់ដល់ចុងក្រោយត្រូវតុលាការកាត់ក្តីឱ្យភាគីមិនគោរពច្បាប់ឈ្នះក្តី ហើយភាគីគោរពច្បាប់ត្រូវចាញ់ក្តីទាំងរងនូវភាពអយុត្តិធម៌ ស្ថិតនៅភូមិចំការដូង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។
យោងតាមសម្តីរបស់លោក ពិន គុណ បានប្រាប់មកអ្នកសារព័ត៌មានយើងខ្ញុំថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បានដាក់ពាក្យបណ្តឹងទៅក្រសួងយុតិធម៌ ដើម្បីស្នើសុំអន្តរាគមន៍ពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួយអន្តរាគមន៍ជូនលោកយាយ រហូតមកដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ ខាងភាគីជាកូនៗរបស់ឈ្មោះ ផន ផល បានយកគ្រឿងចក្រមកឈូសឆាយលើដីទំនាស់ តើគាត់មានអំណាចអី ឬក៏អាងថា តុលាការបានកាត់ឱ្យពួកគាត់ឈ្នះក្តី តែលោកយាយនៅបន្តនីតិវិធីប្តឹងតវ៉ាមិនព្រមឱ្យដីកេរ្តិ៍ពីឳពុកម្តាយរបស់លោកយាយបានទៅអ្នកដែលរំលោភចង់បានដីគេទេ។


លោកយាយបានបន្តថា តុលាការកាត់ឱ្យភាគីខាងកូនៗឈ្មោះ ផន ផល ឈ្នះដោយសម្អាងលើឈ្មោះ ផន ផល បានអាស្រ័យផលតាំងពីឆ្នាំ១៩៧៩ ចុះខាងតុលាការមិនឆ្ងល់ទេអីថា ហេតុអីបានខាងឈ្មោះ ផន ផល មិនមានលិខិតបញ្ជាក់កាន់កាប់ដីតាំងពីជំនាន់នោះមក ព្រោះឈ្មោះ ផន ផល បានសុំជួលដីឳពុកលោកយាយ ហើយក៏អាស្រ័យផលចាប់ពីឆ្នាំ១៩៨៦ ទេគឺឆ្នាំដែលគាត់បានសុំជួលដី ហើយក៏មិនព្រមចេញពីដី នៅតែបន្តអាស្រ័យផលរហូតដល់បច្ចុប្បន្ននេះ បើទោះជាលោកយាយខំប្តឹងតវ៉ាយ៉ាងណាក៏ដោយ និយាយរួមគឺលោកយាយមិនបានធ្វើអាស្រ័យផលលើដីរបស់ខ្លួនដោយសារភាគីខាងឈ្មោះ ផន ផល មិនឱ្យចូល។
សូមបញ្ជាក់ផងដែរថា លោក ផាន់ មឿក អតីតមេឃុំឆក់ឈើនាង ក៏បានរៀបរាប់ប្រាប់មកអង្គភាពសារព័ត៌មានយើងខ្ញុំថា ដីនោះពិតជាដីរបស់លោកតា ស្រស់ ពិន ពិតមែនដោយមានឯកសារដីបញ្ជាក់ ហើយលោកក៏ទើបតែដឹងពេលថ្មីៗនេះដែរទេថា គេបានលើកដីរបស់តាពិន ទៅដាក់នៅភូមិសំរោងលើ ហើយដីនោះពីមុនដី តាពិន នៅក្នុងដែនអាជ្ញាធរឃុំឆក់ឈើនាង ហើយដី តាផល នៅក្នុងដែនអាជ្ញាធរឃុំសំរោងលើ គឺដីខាងលើជាក្រវ៉ាត់ព្រំដែនដីទាំង២ ហើយលោកក៏ទើបតែដឹងថា អាជ្ញាធរឃុំទាំង២ជាមួយការិយាល័យភូមិបាលស្រុកអាចដោះដូរដីពីភូមិមួយទៅភូមិមួយបាន ហើយបើតាមលោកដឹងទាល់តែមានសាលក្រមពីតុលាការទើបអាចផ្លាស់ប្តូរដីពីភូមិមួយទៅភូមិមួយបាន។
លោកយាយ ពិន គុណ ស្នើសុំអន្តរាគមន៍ពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងតុលាការកំពូលជួយអន្តរាគមន៍ចុះស៊ើបអង្កេតសារជាថ្មី ចំពោះរឿងដីវិវាទរបស់លោកយាយផង ព្រោះលោកយាយមិនបានទៅធ្វើអាស្រ័យលើដីខ្លួនឯងបានទេព្រោះគេមិនព្រមចេញពីដីរបស់លោកយាយ ហើយមួយវិញទៀតដោយលោកយាយដឹងថា ដីទំនាស់គឺមិនមានភាគីណាមួយអាចទៅអាស្រ័យផលនៅលើដីនោះបានទេ។
អង្គភាពសារព័ត៌មានខ្មែរឦសានយើងខ្ញុំបានព្យាយាមស្វែងរកលេខទូរស័ព្ទទំនាក់ទំនងទៅភាគីកូនៗរបស់ឈ្មោះ ផន ផល នៅតែមិនមានលេខដើម្បីទាក់ទង ហើយប្រសិនបើភាគីកូនៗរបស់ឈ្មោះ ផន ផល ត្រូវការបកស្រាយបំភ្លឺទៅលើករណីខាងលើនេះសូមទាក់ទងអង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំទទួលការបកស្រាយបំភ្លឺបន្ថែមគ្រប់ពេលនិងម៉ោងធ្វើការ៕