រយៈពេលជិត៣០ឆ្នាំហើយដែលបុគ្គលមានលុយនិងបក្សពួកបានគុបគិតគ្នារំលោភយកដីរបស់លោកយាយកម្សត់ ពិន គុណ ធ្វើឱ្យលោកយាយគ្រាំគ្រាចិត្តរហូតមកដល់បច្ចុប្បន្ន
កណ្ដាល៖ លោកយាយ ពិន គុណ អាយុ៧៤ឆ្នាំ បច្ចុប្បន្ននៅភូមិក្រឡឹងដុំ ឃុំ ឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល បានរៀបរាប់ប្រាប់មកអង្គភាពយើងថា ដីនេះជាអំណោយរបស់ឪពុកលោកយាយតាំងតែពីរឆ្នាំ១៩៨៤មកម៉្លេះ ដោយការនោះគេរំសាយក្រុមសាមគ្គី ហើយមេក្រុមបានចែកដីនេះឱ្យទៅឪពុកគាត់ ឈ្មោះ ស្រស់ ពិន និងប្រពន្ធឈ្មោះ អោម គឹម លុះដល់ឆ្នាំ១៩៨៦ក៏មានឈ្មោះ ផន ផល និងប្រពន្ធឈ្មោះ អឹម ឡុង នៅភូមិចំការដូង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាលបានមកសុំជួលដីរបស់គាត់ធ្វើស្រែ ក៏មិនព្រមប្រគល់ដីមកឱ្យគាត់វិញទេគឺរំលោភយកដីគាត់តែម្ដង។
លោកយាយបានបន្តថា ក្រោយពីខាងភាគីរបស់ឈ្មោះ ផន ផល និងប្រពន្ធឈ្មោះ អឹម ឡុង បានជួលដីធ្វើស្រែមកក៏បានឱ្យផលស្រូវមកគ្រួសារលោកយាយរាល់រដូវប្រមូលផលផងដែ។នៅឆ្នាំ១៩៩១ ឳពុកម្តាយរបស់ខ្ញុំបានដាក់ពាក្យកាន់កាប់និងប្រើប្រាស់ដីធ្លីចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ១៩៩១ ចុះហត្ថលេខាទទួលស្គាល់ដោយគណៈកម្មាធិការប្រជាជនឃុំឆក់ឈើនាង និងមានបង្កាន់ដៃទទួលពាក្យលេខ២៤៣៧ ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ១៩៩១ ចុះហត្ថលេខាទទួលស្គាល់ដោយការិយាល័យកសិកម្មស្រុក បន្ទាប់មកឳពុកម្តាយរបស់ខ្ញុំបានស្នើឱ្យឈ្មោះ ផន ផល និងប្រពន្ធឈប់ធ្វើនៅលើដីនេះ តែពួកគាត់នៅតែបន្តធ្វើបើទោះបីជាមានការហាមឃាត់ពីមេភូមិ មេឃុំក៏ពួកគាត់មិនព្រមចេញពីដីរបស់នាងខ្ញុំឡើយ។
លោកយាយបានបញ្ជាក់បន្ថែមថា នៅក្នុងឆ្នាំ២០០៦ បានប្តឹងផ្តល់គ្នាទៅដល់តុលាការខេត្តកណ្តាលឱ្យជួយដោះស្រាយ ហើយតុលាការបានបង្វិលរឿងនេះឱ្យទៅគណៈកម្មការសុរិយាដីស្រុកអង្គស្នួលធ្វើការដោះស្រាយបន្ត មិនទាន់បានដោះស្រាយចប់ផងឳពុកម្តាយរបស់ខ្ញុំ និងឈ្មោះ ផន ផល បានស្លាប់ ហើយលោកយាយត្រូវបានលោក ស្រស់ ពិន និងម្តាយបានធ្វើលិខិតផ្ទេរសិទ្ធជូនលោកយាយចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០០៨ ដើម្បីបន្តនីតិវិធីប្តឹងតវ៉ារហូតដល់បច្ចុប្បន្ននេះផងដែរ។


ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ លោកយាយ ពិន គុណ បានដាក់ពាក្យបណ្តឹងទៅក្រសួងយុតិធម៌ ដើម្បីធ្វើកិច្ចស្នើសុំអន្តរាគមន៍ពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួយអន្តរាគមន៍ជូនលោកយាយ និងបានដង្ហើយហៅរកសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួយអន្តរាគមន៍រកយុត្តិធម៌ ព្រោះអីលោកយាយកំពុងជួបរឿងអយុត្តិធម៌មានគេឃុបឃិតគ្នាយកដីរបស់លោកយាយ ដែលមានបង្កាន់ដៃកាន់កាប់ស្របច្បាប់ លោកយាយបានប្ដឹងទៅតុលាការចាញ់គេរហូតមិនដែលឈ្នះគេសោះ ទើបលោកយាយសម្រេចចិត្តប្តឹងមកក្រសួងយុតិធម៌ដើម្បីរកយុត្តិធម៌។
លោកយាយ ពិន គុណ បានរៀបរាប់ទាំងយំប្រាប់មកក្រុមអ្នកសារព័ត៌មានយើងខ្ញុំថា បន្ទាប់ពីនាងខ្ញុំបានប្តឹងទៅក្រសួងយុត្តិធម៌ និងមានការចុះផ្សាយពីសារព័ត៌មានអាស៊ានដេលី តុលាការកំពូលបានចេញសេចក្តីប្រកាសព័ត៌មានថា ខាងភាគីឈ្មោះ អឹម ឡុង បានស្លាប់ហើយបន្តនីតិវិធីប្តឹងទៅកូនៗបានដាក់ពាក្យមកសាលាដំបូងខេត្តកណ្តាលដើម្បីទាមទារឱ្យបញ្ជាក់កម្មសិទ្ធិលើដីទំនាស់ និងបានបញ្ជាក់ថាឳពុករបស់ខ្ញុំ និងខ្ញុំមិនបានកាន់កាប់ ឬអាស្រ័យផលនៅលើដីវិវាទនេះឡើយ ផ្ទុយទៅវិញគឺភាគីដើមចោទឈ្មោះ អឹម ឡុង និងស្វាមី ដែលជាអ្នកអាស្រ័យផលជាប់ជាប្រចាំតាំងពីឆ្នាំ១៩៧៩ ឬយ៉ាងហោចណាស់ក៏តាំងពីឆ្នាំ១៩៨៦រហូតមក ហើយការអះអាងរបស់នាងខ្ញុំថាជួលដីក៏មិនមានភ័ស្តុតាងរឹងមាំតាមផ្លូវច្បាប់បញ្ជាក់ដែរ ដូច្នេះតុលាការកំពូលមិនអាចសម្រេចទទួលស្គាល់សិទ្ធិរបស់នាងខ្ញុំបានទេ ដោយឱ្យនាងខ្ញុំដោះស្រាយ និងផ្សះផ្សាក្រៅប្រព័ន្ធតុលាការបន្ថែមទៀតដោយប្រើយន្តការ នយោបាយឈ្នះឈ្នះ។

ចំពោះករណីវិវាទដីធ្លីខាងលើនេះអង្គភាពសារព័ត៌មានខ្មែរឦសានយើងខ្ញុំបានសុំការបំភ្លឺពីលោកមេឃុំចំការដូង ហ៊ុន សុន ថា ដីវិវាទនេះគឺខាងឈ្មោះ ផន ផល និងប្រពន្ធឈ្មោះ អឹម ឡុង កាន់កាប់តាំងពីឆ្នាំ១៩៨០ គ្មានអ្នកណាគេចែកទេជំនាន់នោះគឺចាប់ដោយខ្លួនឯង និងបានអាស្រ័យផលដោយគាស់កាយយុទ្ធភ័ន្ធមិនទាន់ផ្ទុះដើម្បីធ្វើស្រែតាំងពីឆ្នាំនោះមក។
លោកអតីតមេភូមិ ភួន ផន បានអះអាងថា ឈ្មោះ ផន ផល និងប្រពន្ធកាន់កាប់ដីវិវាទនេះតាំងពីឆ្នាំ១៩៧៩មក ហើយលោកក៏ជាភ្ជួដីឱ្យឈ្មោះ ផន ផល និងបានភ្ជួរចេញយុទ្ធភ័ន្ធមិនទាន់ផ្ទុះច្រើនមែន ហើយលោកក៏មិនដឹងថាឈ្មោះ ផន ផល នេះគាត់មានលិខិតកាន់កាប់ឬអត់ដែរ។
ចំណែកលោក ផាន់ មឿក អតីតមេឃុំឆក់ឈើនាងបានបញ្ជាក់ប្រាប់មកអ្នកសារព័ត៌មានថា ដីវិវាទនេះគឺជាដីរបស់លោកតា ស្រស់ ពិន មែនតាំងឆ្នាំ១៩៧៩ ដោយមានឯកសារកាន់កាប់ នៅក្នុងដីឡូតិ៍របស់ឃុំឆក់ឈើនាង ហើយបើតាមតែលោកដឹងដីវិវាទនេះមិនមានមីនអីទេ លោក ផន ផល នេះគឺគាត់ជួលពីឈ្មោះ ស្រស់ ពិន ទេ តែក្រោយមកតុលាការកាត់ឱ្យទៅឈ្មោះ ផន ផល នោះក៏លោកមិនដឹងមិចបានតុលាការកាត់ឱ្យខាង ឈ្មោះ ផន ផល ឈ្នះ។
ចំពោះលោក ពៅ យាប់ និងលោក ព្រែក យូ លោកទាំងពីរនាក់ជាអតីតមេភូមិក្រឡឹងដុំ ទោះជាពួកគាត់បានទទួលមរណៈភាពមែន តែគាត់ក៏បានធ្វើលិខិតបញ្ជាក់ និងលិខិតអះអាង ថាដីរបស់ឪពុកលោកយាយ ពិន គុណ ពិតប្រាកដមែន។
ចំណែកលោកតា ពិន ខន វ័យ ៧៧ឆ្នាំ ជាអតីតប្រធានក្រុមសាមគ្គីជាអ្នកចែកដីជូនដល់ប្រជាពលរដ្ឋ បានបញ្ជាក់មកកាន់អង្គភាពយើងខ្ញុំថា លោកគឺជាអ្នកចែកដីទៅឱ្យឈ្មោះ ស្រស់ ពិន ត្រូវជាឳពុកលោកពិតមែន ហើយក្រោយមកឳពុកលោកចាស់ បានផ្ទេរសិទ្ធិទៅឱ្យឈ្មោះ ពិន គុណ មែន លោកយាយ សែម គ្រី ក៏បានបញ្ជាក់បន្ថែមថា ដីនេះពិតជាដីរបស់ឈ្មោះ ស្រស់ ពិន មែន ហើយឈ្មោះ ផន ផល មិនមានដីធ្វើស្រែក៏បានមកជួលដីរបស់ឈ្មោះស្រស់ ពិន ដល់តែធ្វើយូរៗទៅក៏មិនព្រមចេញពីដីនេះហើយក៏មានការប្តឹងផ្តល់គ្នារហូតមកដល់បច្ចុប្បន្ននេះ។
ចំណែកភាគីជាកូនៗរបស់ឈ្មោះ ផន ផល និងប្រពន្ធឈ្មោះ អឹម ឡុង អង្គភាពយើងមិនមានលេខទូរស័ព្ទដើម្បីទំនាក់ទំនងសុំការបំភ្លឺបានទេ។
លោកយាយ ពិន គុណ ស្នើសុំអន្តរាគមន៍ពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងតុលាការកំពូលជួយអន្តរាគមន៍ចុះស៊ើបអង្កេតឡើងវិញចំពោះរឿងដីវិវាទរបស់លោកយាយ លោកយាយបានលើកឡើងថា ឱ្យខ្ញុំទៅធ្វើអាស្រ័យលើដីខ្លួនឯងយ៉ាងណា បើគេមិនចេញពីដីនោះផង ហើយពួកគេមានសុទ្ធតែកាំបិតសៀតចង្កេះនោះ ដូចនេះហើយទើបនាងខ្ញុំមិនបានធ្វើអាស្រ័យផលអីនៅលើដីនោះទេ សូមជួយរកយុត្តិធម៌ដល់នាងខ្ញុំផង។
អង្គភាពខ្មែរឦសានយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺបន្ថែមពីគ្រប់ភាគីដែលពាក់ព័ន្ធគ្រប់ពេលនិងម៉ោងធ្វើការ៕