ម្ចាស់សណ្ឋាគារអេលីហ្វេនដែលមានងារជាឧត្តម សេនីយ៍យោធាបានធ្វើរបងរំលោភយកដីអូរជាកន្លែងលំហូរទឹកមួយកន្លែងនៅខេត្តមណ្ឌលគិរីធ្វើឱ្យប្រជា ពលរដ្ឋមានការកើតទុកមិនសុខចិត្ត

admin By admin April 21, 2026

មណ្ឌលគិរី៖ យោងតាមប្រភពពីពលរដ្ឋថា របងថ្មរឹងមាំរបស់ម្ចាស់សណ្ឋាគារអេលីហ្វេនបានសាងសង់លើផ្ទៃអូរក្បែរស្ពានតាឆាងស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែន មនោរម្យ គឺនៅក្បែរផ្ទះចៅហ្វាយក្រុងតែម្ដង តែលោកចៅហ្វាយក្រុងហាក់ដូចជាអើពើចំពោះចំណុចនេះសោះ ហើយការសង់របងនេះបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធលំហូរទឹក បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ ជាផ្នែកមួយដែលជះឥទ្ធិពលដ៍អាក្រក់ដល់ការអនុវត្តច្បាប់ ដែលពុំមានយុត្តិធម៌ រវាងអ្នកមានលុយមានអំណាច និងពលរដ្ឋក្រីក្រទន់ខ្សោយ។

យោងតាមណ្ដាញផ្សព្វផ្សាយសង្គម និងប្រជាពលរដ្ឋក្នុងពេលប៉ុន្មានថ្ងៃនេះបានធ្វើការលាតត្រដាង និងរិះគន់ជាសាធារណៈ ចំពោះអាជ្ញាធរក្រុងសែនមនោរម្យដែលបានអនុញ្ញាតឱ្យ ឧត្តមសេនីយ៍យោធាម្នាក់ជាម្ចាស់សណ្ឋាគារអេលីហ្វេនដ៍ស្កឹមស្កៃ ធ្វើរបងរំលោភយកអូរដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋយ៉ាងរលូនបែបនេះទៅវិញ។

សារព័ត៌មាន ANN បានសុំការបំភ្លឺពីលោក គុជ ម៉េងធូ ចៅសង្កាត់ស្ពានមានជ័យបានប្រាប់ ថា  ចំពោះបញ្ហានេះក្រុមការងារបានចុះយកនិយាមកា និងធ្វើកំណត់ហេតុរួចហើយការពីព្រឹកម្សិលមិញ តែការសម្រេចយ៉ាងណាស្ថិតនៅលើក្រុង និងមន្ទីរជំនាញ ។

ចំណែកឯលោក ហៀក សុផាន ចៅហ្វាយក្រុងសែនមនោរម្យ មិនទាន់តបនៅឡើយទេ ប៉ុន្តែលោក លី សុវណ្ណណូ ប្រធានស្ដីទីមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ខាងមន្ទីរ នឹងអនុវត្តចំពោះសំណុំរឿងនេះតាមនីតិវិធី ។

ពលរដ្ឋបានបញ្ជាក់ថា កន្លងមកអាជ្ញាធរខេត្តមណ្ឌលគិរីបានចុះរុះរើគ្មានសល់​ចំពោះសំណង់របស់អ្នកលក់ដូរគ្រឿងសំណង់ម្នាក់យីហោ ឆៃលី ក្នុងសង្កាត់ស្ពានមានជ័យដែរ ដែលបានសង់បៀតបៀនលើចំណីអូរ ចុះចំណែកករណីធ្វើរបងថ្មខាងលើនេះវិញ តើអាជ្ញាធរ​ពាក់​ព័ន្ធ​ខេត្តមណ្ឌលគិរីហ៊ាន ឬមិនហ៊ានរុះរើ?

អង្គភាពសារព័ត៌មានខ្មែរឦសានយើងខ្ញុំរង់ចាំមើលការបកស្រាយបំភ្លឺបន្ថែមពីគ្រប់ភាគីដែល​ពាក់ព័ន្ធគ្រប់ពេលនឹងម៉ោងធ្វើការ៕

Leave a Reply

Your email address will not be published. Required fields are marked *