បង្ក្រាបឡានដឹកបទល្មើសព្រៃឈើមួយគ្រឿងម៉ាកហ្វត នៅមុខសណ្ឋាគារអេរ៉ាសង្ស័យចាប់ទាំងបង្ខំ ព្រោះម្ចាស់រថយន្តរត់បាត់រកមិនឃើញ

admin By admin January 20, 2026

ខេត្តសៀមរាប៖ សមត្ថកិច្ចជំនាញសហការជាមួយប៉ូលីសប្រឆាំងបទល្មើសសេដ្ឋកិច្ច បានស្ទាក់ចាប់បង្ក្រាបឡានដឹកបទល្មើសព្រៃឈើខុសច្បាប់មួយគ្រឿងម៉ាកហ្វត នៅចំណុចផ្លូវជាតិលេខ៦ ទល់មុខសណ្ឋាគារបាយន្ត័អេរ៉ា ស្ថិតនៅភូមិខ្នារចាស់ សង្កាត់ជ្រាវ ក្រុងសៀមរាប នៅវេលាម៉ោង៣:00ទៀបភ្លឺថ្ងៃទី១៨ ឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ហើយក៏ជាមុខសញ្ញាដែលសមត្ថកិច្ច​តាមចាប់រាប់ឆ្នាំមកហើយ។

មន្ត្រីរដ្ឋបាលព្រៃឈើបន្ទាយស្រីបានឱ្យដឹងថា ការបង្ក្រាបនេះធ្វើឡើងដោយលោក លី សូផា នាយរងផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី​ និងលោក វ៉េង​ លី​ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈីសៀម​រាប​ បានសហការជាមួយ​ កំលាំងនគរបាលប្រឆាំងបទល្មើសសេកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​ បានបង្ក្រាបរថយន្តដឹកបទល្មើសព្រៃឈើម៉ាកហ្វត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BJ -9053 ដឹកឈើអារ ប្រភេទលេខ២ចំនួន​១៥៥សន្លឹក​ ស្មើនឹង ៩.០១៩9ម៉ែត្រត្រីគុណសូន្យដប់ប្រាំបួន​ ដោយគ្មានលិខិតអនុញ្ញាតដឹកជញ្ជូនពីរដ្ឋបាលព្រៃឈើ ហើយវត្ថុតាងត្រូវបានរឹបអូសយកទៅថែរក្សាជាបណ្តោះអាសន្ន​ នៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើបន្ទាយ​ស្រី​ ស្ថិតនៅភូមិព្រះដាក់​ ឃុំព្រះដាក់​ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

បើយោងតាមប្រភពពីពលរដ្ឋ និងសមត្ថកិច្ចសូមមិនបញ្ចេញឈ្មោះបានប្រាប់ឱ្យអ្នកសារព័ត៌មាន​យើងខ្ញុំដឹងថា មេឈ្មួញចាស់វស្សាម្នាក់ដែលមានឈ្មោះបោះសំឡេងជាងគេ ហើយក៏ជាម្ចាស់ដេប៉ូធំជាងគេនៅក្នុងខេត្តសៀមរាបផងដែរ កន្លងមកម្ចាស់ដេប៉ូដ៏ធំមួយនេះក៏ធ្លាប់បានលោក តាន់ គឹមសួរ សហការជាមួយកម្លាំងចម្រុះចុះបង្ក្រាបទីតាំងដ៏ធំមួយនេះម្ដងរួចមកហើយ ក៏ប៉ុន្តែហាក់បីដូចជាវែកចកអញ្ចឹង។

ម្ចាស់ដេប៉ូនេះតែងតែសហការ ជាមួយសមត្ថកិច្ចជំនាញស្ទាក់ចាប់ឡានបទល្មើសតូចតាចដែលមិនប្រាប់ខ្លួនហើយមិនលក់ឱ្យខ្លួនទៀតផង នេះបើតាមប្រភពពលរដ្ឋបានប្រាប់មកអង្គភាពយើង មេឈ្មួញចាស់វស្សាម្នាក់នេះឆ្លៀតឱកាសស្រុកកំពុងតែមានសង្គ្រាមជាមួយ​ប្រទេស​ជិតខាង ក៏ឆ្លៀតឱកាសដឹកបទល្មើសព្រៃឈើពីខេត្តព្រះវិហារ លោតឆត្រ មកខេត្តសៀមរាប ដើម្បីមកចែកចាយទៅតាមបណ្ដាលខេត្តនានាដោយសំអាងថាខ្លួនឯងមានច្បាប់។

អង្គភាពយើងបានសុំបញ្ជាក់ពីលោកស្នងការរងទទួលបន្ទុកផែនសេដ្ឋកិច្ចលោក សឺន សេនហៅ 44 លោកបានបញ្ជាក់ប្រាប់អង្គភាពយើងថា បង្ក្រាបបានតែវត្ថុតាង ពុំបានឃាត់ខ្លួនម្ចាស់ឡើយព្រោះម្ចាស់រត់គេចខ្លួនបាត់លោកបានបញ្ជូនវត្ថុតាងទៅឱ្យជំនាញខណ្ឌរដ្ឋបាលព្រៃឈើដើម្បីធ្វើការវាស់វែង និងកំណត់ហេតុ។

លោកស្នងការ ហួត សុធី លោកបានបញ្ជាក់ប្រាប់អង្គភាពយើងថា ម្ចាស់ឡានគេចខ្លួនបាត់ ហើយលោកបានទទួលរបាយការណ៍ពីកម្លាំងជំនាញយើង ហើយក៏បានបញ្ជូនទៅនាយខ័ណ្ឌរដ្ឋបាលព្រៃឈើផងដែរ ទីតាំងនៅភូមិព្រះដាក់ស្រុកបន្ទាយស្រីរួចហើយ។

ចំណែកឯលោកប្រធានមន្ទីរកសិកម្ម លោក ទា កំសត់ លោកបានប្រាប់មកអង្គភាពយើងថាលោកពុំទាន់បានទទួលរបាយការណ៍ទេ គេបានផ្ញើរតែរូបឱ្យមើល ព្រោះលោករវល់ប្រជុំចុងក្រោយលោកបានប្រាប់អង្គភាពយើងថា ឈើនោះប្រហែលជាប្រាំបី ទៅប្រាំបួនគីប។

ទោះបីយ៉ាងណាអង្គភាពយើងបានសុំការបញ្ជាក់ពីលោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបលោកបានបញ្ជាក់ថា យប់ប្រហែលម៉ោង 3:00 បៀតភ្លឺឈានដល់ចូលថ្ងៃចន្ទទី19 ខែមករាឆ្នាំ 2026 បង្ក្រាបបានតែឡានដឹកបទល្មើសទេ ព្រោះម្ចាស់ឡានបានគេចខ្លួនបាត់ចាប់មិនបានម្ចាស់ឡើយ ក៏បិទទូរសព្ទបាត់ទៅ។

ប្រជាពលរដ្ឋនៅខេត្តសៀមរាបក៏ដូចជាខេត្តព្រះវិហារ បានសំណូមពរដល់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ដែលជាគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិលើផ្ទៃប្រទេស ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប  ឯកឧត្តមកងរាជអាវុធហត្ថខេត្តសៀមរាប លោក ស៊ៀ ទីន ដែលជាគណៈកម្មការឯកភាពបង្ក្រាបបទល្មើសធនធានធម្មជាតិទូទាំងខេត្ត និងអភិបាលខេត្តព្រះវិហារ ឯកឧត្តម គឹម រិទ្ធី ដែលជាគណៈកម្មការឯកភាពបង្ក្រាបបទល្មើសធនធានធម្មជាតិ ឯកឧត្តម កង សៅគុណ ដែលជាគណៈកម្មការឯកភាពកងរាជអាវុធហត្ថខេត្តព្រះវិហារ មេត្តាជួយចាត់វិធានការចុះបង្ក្រាប និងចាប់មេឃ្មួញ​ល្បីឈ្មោះរូបនេះផងទាន ដើម្បីឱ្យស្របទៅតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលបានប្រកាស មិនឱ្យមានច្បាប់អនុញ្ញាតធ្វើអាជីវកម្មព្រៃឈើដោយខុសច្បាប់ ត្រូវតែបង្ក្រាបឱ្យ​ខានតែបាន។

ជុំវិញការបង្រ្កាបឡានបទល្មើសព្រៃឈើនេះអង្គភាពយើងខ្ញុំរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ចដែលពាក់ព័ន្ធបន្តទៀត អង្គភាពយើងរង់ចាំការបកស្រាយបំភ្លឺបន្ថែមពីគ្រប់ភាគី​ដែល​ពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការ៕

Leave a Reply

Your email address will not be published. Required fields are marked *