ប្រជាពលរដ្ឋរស់នៅភូមិរកាកុះសំដែងការមិនពេញចិត្ត ដែលគណៈកម្មការទាំង១៨រូប បានលក់ដីស្រះរួមភូមិជាសម្បត្តិរបស់រដ្ឋ ដោយសំអាងទៅលើការផ្តិតមេដៃប្រជាពលរដ្ឋ

admin By admin February 13, 2026

ភ្នំពេញ៖ តាមសេចក្តីរាយការណ៍ពីពលរដ្ឋសុំមិនបញ្ចេញឈ្មោះកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ពួកគាត់បានមកតាំងលំនៅដ្ឋានរស់នៅភូមិរកាកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ គឺចាប់ពីខែវិច្ឆិកា ឆ្នាំ១៩៩៩ លើផ្ទៃដី ១៣ហិកតា ២៦អា ហើយកាលដើមឡើយអ្នកភូមិរកាកុះ ជាប្រជាពលរដ្ឋរស់នៅតាមសំណង់អនាធិបតេយ្យ នៅតាមទំនប់ទន្លេបាសាក់ «សួនច្បារ សម្តេចតេជោ ហ៊ុន សែន ទល់មុខកោះពេជ្រ» រួចបានចងក្រងជាសហគមន៍មួយឈ្មោះ (សហគមន៍ទំនប់II) ស្របទៅលើគោលនយោបាលឈ្នះៗរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងតាមគោលការណ៍រៀបចំរបស់រាជធានីភ្នំពេញ ឱ្យមានសោភ័ណភាពទីក្រុងស្អាត ហើយពេលនោះប្រជាពលរដ្ឋ បានស្ម័គ្រចិត្ត ផ្លាស់ទីលំនៅមករស់នៅភូមិរកាកុះ ក្រោមការដឹកនាំរបស់ ឯកឧត្តម ជា សុផារា អតីតអភិបាលក្រុងភ្នំពេញ ដោយមាន ឯកឧត្តម ម៉ាន់ ឈឿន ជាអ្នករៀបចំដោយផ្ទាល់។

សេចក្តីរាយការណ៍បានបន្តទៀតថា ដីភូមិសរុបមានចំនួន ១៣ ហិកតា ២៦អា កាលដើមឡើយជាដីស្រែ ហើយខាងសាលាក្រុងបានជីកអាចម៍ដីយកមកបំពេញ ពុះចែកជាដីឡូត៍ (8m x 15 និង 7,5m x 16m) ចែកជូនប្រជាពលរដ្ឋប្រមាណ៣០០ គ្រួសារជាង សំរាប់សង់លំនៅដ្ឋាន ហើយដីដែលជីកក្លាយទៅជាស្រះ បូករួមទាំងដីចំណីស្រះ ទាំងអស់មានទំហំ ១ហិកតា ៣០អា ដោយផ្លូវកណ្តាលចែកជាស្រះពីរ មួយខាងកើត មួយខាងលិច ស្រះទឹកទាំងពីរនោះ គឺទុកប្រើប្រាស់ជាសម្បត្តិរួមក្នុងភូមិផងដែរ។

ពលរដ្ឋបានបន្តឱ្យដឹងទៀតថា ស្រះទឹករួមភូមិរកាកុះនោះ មានប្រវែងទទឹងប្រមាណ ៦០ម៉ែត្រ និងបណ្ដោយប្រមាណជាង ១០០ម៉ែត្រ និងមានប្រជាពលរដ្ឋរស់នៅក្នុងភូមិប្រមាណជាង ៣៥០គ្រួសារ មករស់នៅ២៥ឆ្នាំមកហើយ និងបានអាស្រ័យផលដូចជា កម្មវិធីរៀបអាពាហ៍​ពិពាហ៍ កម្មវិធីបុណ្យភូមិ កម្មវិធីបុណ្យសព ឬកម្មវិធីបុណ្យផ្សេងៗ គឺធ្វើនៅជាប់មាត់ស្រះបានផងដែរ ដោយមិនបាច់ចំណាយថវិកាជួលទីតាំងនោះឡើយ។

ប៉ុន្តែតែថ្មីៗនេះត្រូវបានគេឃុបឃិតគ្នាជាមួយភូមិសង្កាត់ និងបានបង្កើតគណៈកម្មការ ១៨រូប ដើរ​បំផុសបំផុលឱ្យពលរដ្ឋផ្ដិតមេដៃ​ ដើម្បីយកដីស្រះទឹករួមភូមិរកាកុះនោះ យកទៅលក់ឱ្យឈ្មួញ ហើយបានប្រាប់ពលរដ្ឋថា និងឱ្យលុយទៅពលរដ្ឋណាដែលផ្ដិតមេដៃ ហើយក្នុងនោះដែល មានពលរដ្ឋមួយចំនួនតូចព្រមផ្តិតមេដៃ​ ហើយពលរដ្ឋមួយចំនួនធំ មិនព្រមផ្តិតមេដៃនោះទេ ហើយក៏មិនហ៊ានតវ៉ាអ្វីនោះដែរ ដោយប្រជាពលរដ្ឋដឹងថា គណៈកម្មការទាំង ១៨រូបនោះ គឺជាអ្នករស់នៅក្នុងភូមិសង្កាត់ជាមួយគ្នា ហើយក៏ជាអ្នកមានលុយ និងមានមុខមាត់នៅក្នុងភូមិផងដែរ ម្យ៉ាងទៀតបើពលរដ្ឋណាមិនព្រមផ្តិតមេដៃពេលមានធុរៈរវល់ផ្សេងៗដូចជា ធ្វើសំបុត្រកំណើតឲ្យកូន ធ្វើអត្តសញ្ញាណប័ណ្ណ ឬធ្វើសំបុត្រអ្វីផ្សេងៗ ខ្លាចភូមិសង្កាត់មិនធ្វើឱ្យ ទើបបានជាពលរដ្ឋមិនហ៊ាននិយាយអ្វីទាំងអស់ ហើយកន្លងមកក៏ធ្លាប់បានលក់ដីអណ្ដូងទឹករបស់អង្គការ ដែលបានធ្វើឱ្យប្រជាពលរដ្ឋផងដែរ។

ពលរដ្ឋបានបន្ថែមទៀតថា តាមដំណឹងលេចឮថា ដីស្រះទឹករួមភូមិរកាកុះនោះ លក់បានមួយលានដុល្លារជាង ហើយគណៈកម្មការទាំង១៨រូបនោះ ក៏បានទទួលលុយកក់ពីឈ្មួញចំនួន១២ម៉ីនដុល្លារ រួចមកហើយដែរ ជាក់ស្ដែងនេះដែរប្រជាពលរដ្ឋឃើញថា មានការសាងសង់ទីស្នាក់ការបុណ្យភូមិឱ្យប្រជាពលរដ្ឋជិតរួចរាល់ទៅហើយដែរ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិរកាកុះ មានមន្ទិលសង្ស័យថា ភូមិសង្កាត់ និងគណៈកម្មការទាំង ១៨រូប ថាលក់ដីស្រះរួមភូមិនោះយកមកអភិវឌ្ឍន៍ហេដ្ឋារចនាក្នុងភូមិ ចុះហេតុអ្វីពេលដែលភូមិមានផលលំបាកកន្លងមក ម្ដេចមិនលក់ ដល់ពេលភូមិមានការអភិវឌ្ឍន៍រីកចម្រើនអស់ហើយ ទើបតែលក់បានប្រមាណជាង ០៦ ទៅ ០៧ខែនេះ តើយកលុយមកអភិវឌ្ឍន៍អ្វីទៅ? ទាំងអស់នេះហើយដែលជាមន្ទិលសង្ស័យថា មន្ត្រីមូលដ្ឋានអាចរួមគំនិតគ្នា ជាមួយគណៈកម្មការទាំង ១៨រូប ដើរសុំមេដៃប្រជាពលរដ្ឋហើយចោទថាប្រជាពលរដ្ឋជាអ្នកលក់ដីសាធារណៈរបស់រដ្ឋ នេះជាការបង្កើតអំពើពុករលួយជាលក្ខណៈប្រព័ន្ធ។

យ៉ាងណាក៏ដោយអ្នកសារព័ត៌មានយើងក៏បានសុំបទសម្ភាសន៍ លោក សួន សំអុល ចៅសង្កាត់ព្រៃសដោយផ្ទាល់ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២៦ លោកបាននៅរៀបរាប់ថា…. កាលពីជាង២០ឆ្នាំមុនពេលនៅដំបូងមិនមានផ្លូវ មិនមានទឹកភ្លើងអីទេ រហូតមកដល់​ឆ្នាំ២០២២ លោកក៏មានគំរោង២ឆ្នាំអភិវឌ្ឍន៍ផ្លូវ ហើយលោកអភិបាលលោកស្រី គឹម ញឹប បានជួយផ្លូវចំនួន២ខ្សែរ ហើយដោយសារតែផ្លូវមានច្រើនពេកខ្លះបាន ខ្លះក៏មិនបាន ទើបប្រជាពលរដ្ឋ​នាំគ្នាផ្តិតមេដៃដើម្បីអភិវឌ្ឍន៍ផ្លូវនៅក្នុងភូមិរកាកុះនេះឱ្យស្មើមុខស្មើមាត់នឹងគេ ហើយបើពាក្យចាមអារ៉ាមថា ពលរដ្ឋផ្តិតខ្លះមិនផ្តិតច្រើននោះមិនពិតទេ ពួកគាត់ពេញចិត្តផ្តិតមេដៃ​ទាំងអស់គ្នានឹង។

ជាមួយគ្នានេះដែរអ្នកសារព័ត៌មានយើងក៏បានសុំបទសម្ភាសន៍លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ តាមរយៈប្រព័ន្ធទូរសព្ទ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ អ្នកស្រីបានលើកឡើងថា រឿងដីស្រះនឹងមែន ពាក់ព័ន្ធជាមួយករណីនេះខ្ញុំបានគោរពរាយការណ៍ជូនឯកឧត្តម​អភិបាល និងឯកឧត្តមអភិក្រសួងមហាផ្ទៃចប់សព្វគ្រប់អស់ហើយ។
សូមស្តាប់សម្លេងដើមរបស់លោកស្រី គឹម ញឹប ទាំងស្រុង

ប្រជាពលរដ្ឋរស់នៅភូមិរកាកុះ មួយចំនួនធំ បានទទូចស្នើសុំដល់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេស សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមដាក់មន្ត្រីអធិការកិច្ចស៊ើបអង្កេតក្នុងសំណុំរឿងលក់ដីស្រះរួមភូមិរកាកុះ ខណ្ឌដង្កោ ដោយក្ដីអនុគ្រោះ។

អង្គភាពយើងរង់ចាំការបកស្រាយបំភ្លឺពីស្ថាប័នឬមន្ត្រីពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ហើយអង្គភាពយើងនិងបន្តតាមដានព័ត៌មាននេះបន្តទៀត សូមរង់ចាំភាគបន្ត៕

Leave a Reply

Your email address will not be published. Required fields are marked *